ព័ត៌មានជាតិ
ទឹកពណ៌ខ្មៅ ហូរចូលស្ទឹងសង្កែ សង្ស័យធ្លាយចេញពីអាងស្តុកទឹករោងចក្រចិនមួយកន្លែង
ទឹកពណ៌ខ្មៅ ដែលប្រភពមួយចំនួនលើកឡើងថា អាចមានសារធាតុពុល បានហូរធ្លាក់ចូលស្ទឹងសង្កែ បង្កឲ្យត្រីងាប់ បញ្ហានេះត្រូវគេសង្ស័យថា អាចធ្លាយចេញពីអាងស្ដុកទឹកក្នុងរោងចក្រចិនមួយកន្លែង មានទីតាំងខាងក្នុង នៃទំនប់ពហុបំណង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

ស្ថានភាពទឹកខ្មៅកខ្វក់នេះ ប្រជាពលរដ្ឋបានឃើញហូរធ្លាក់ចូលស្ទឹងសង្កែ កាលពីព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៣ ថែមទាំងប្រទះឃើញត្រីពុលងាប់អណ្ដែតទឹកព្រោងព្រាតទៀតផង នៅតំបន់ស្ទឹងថ្វាក លាយឡំជាមួយទឹកជំនន់ ល្អក់ ដែលកំពុងឡើងជន់តាមដងស្ទឹងសង្កែ ហូរចុះមកប៉ែកខាងក្រោម។

ប្រជាពលរដ្ឋរស់នៅស្រុករតនៈមណ្ឌល បាននិយាយថា ស្ទើរតែរាល់ឆ្នាំ ពួកគាត់បានឃើញទឹកពណ៌ខ្មៅនេះ មានជាតិគីមីពុល ដែលទំនងអាចបែកធ្លាយចេញពីអាងស្ដុកទឹកកខ្វក់ក្នុងរោងចក្រក្រុមហ៊ុនចិនមួយកន្លែង ជិតទំនប់ពហុបំណង (សេកសក) ហើយគេក៏ប្រទះឃើញមានត្រីងាប់អណ្ដែតទឹកជាហូរហែ ចាប់ពីចំណុចកើតហេតុ ចុះមកក្រោមតាមដងស្ទឹង រហូតដល់តំបន់រមណីយដ្ឋាន «ស្ទឹងថ្វាក» ឃុំអណ្ដើកហែប ស្រុករតនៈមណ្ឌល។

ជុំវិញបញ្ហានេះ កម្ពុជាថ្មី មិនអាចទំនាក់ទំនងសុំការបំភ្លឺពីប្រភពក្នុងរោងចក្របានទេ ប៉ុន្តែ លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្ត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា លោកបានដឹងហើយអំពីទឹកពណ៌ខ្មៅហូរចូលទឹកស្ទឹងសង្កែនេះ តែលោកមិនទាន់រកឃើញប្រភព នៃទឹកកខ្វក់ពណ៌ខ្មៅនេះឃើញនៅឡើយទេ។

លោកប្រធានមន្ទីរ បានបន្ថែមថា លោកបានដឹងរឿងនេះហើយ តែទំនងមិនមែនហូរចេញពីរោងចក្រចិនទេ។ លោកបញ្ជាក់ថា ពេលនេះមន្ត្រីជំនាញរបស់លោក កំពុងធ្វើការស្រាវជ្រាវស្វែងរកប្រភពទឹកខ្មៅកខ្វក់នេះ តើវាហូរចេញពីខាងណាមក?

ផ្ទុយពីការសន្និដ្ឋានរបស់ លោកប្រធានមន្ទីរបរិស្ថានខេត្ត ដែលពលរដ្ឋបានទៅថតផ្ទាល់ពីសកម្មភាពទឹកកខ្វក់នោះ គឺ បានផុសចេញពីក្រោម នៃរោងចក្រចិននោះតែម្ដង ដោយហូរចេញពីរោងចក្រចិន នៅម៉ោងប្រមាណ ៦ ព្រឹក ថ្ងៃទី ២ ខែសីហា នេះ។

ស្ថិតក្នុងស្ថានភាពបែបនេះ ប្រភពខាងលើ បានផ្ដាំផ្ញើទៅដល់ប្រជាពលរដ្ឋដែលរស់នៅប៉ែកខាងក្រោម នៃដងស្ទឹងសង្កែ ឲ្យមានការប្រុងប្រយ័ត្ន។ ពីព្រោះពេលនេះ ទឹកខ្មៅកខ្វក់មានជាតិពុល កំពុងហូរលាយឡំជាមួយជំនន់ទឹកភ្លៀងពណ៌លឿង ល្អក់ ឆ្ពោះទៅកាន់ប៉ែកខាងក្រោមហើយ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលទឹកខ្មៅកខ្វក់មានជាតិពុលបែបនេះ ហូរចេញពីតំបន់រោងចក្រចិន ចូលស្ទឹងសង្កែ គឺកើតមានឡើងស្ទើររាល់ឆ្នាំនៅពេលមានជំនន់ទឹកភ្លៀងម្តងៗ ដោយខាង មន្ត្រីជំនាញ និងអាជ្ញាធរខេត្ត តែងចុះអន្តរាគមន៍ដល់ចំណុចរោងចក្រចិននេះ ជាបន្តបន្ទាប់ ដើម្បីណែនាំដល់ភាគីក្រុមហ៊ុនឲ្យមានវិធានការទប់ស្កាត់ការបែកធ្លាយទឹកពុលបែបនេះ ចូលស្ទឹង តែហាក់គ្មានប្រសិទ្ធភាព។

បច្ចុប្បន្នគេកំពុងរង់ចាំមើលថា តើការស្រាវជ្រាវរបស់មន្ត្រីជំនាញអាចរកឃើញប្រភពទឹកពណ៌ខ្មៅនេះដែរឬទេ? ព្រោះបើមិនដូច្នេះទេ ប្រជាពលរដ្ឋអាចប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដោយសារការរកមិនឃើញ និងការគ្មានវិធានការទប់ស្កាត់នេះ៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?