ព័ត៌មានជាតិ
ការលក់វត្ថុអនុស្សាវរីយ៍នៅផ្សាររាត្រី នៅតែមានភ្ញៀវទិញច្រើនគួរសម ខណៈទំនិញផ្សេងមានការថយចុះ
ការលក់វត្ថុអនុស្សាវរីយ៍ នៅផ្សាររាត្រីក្បែរមាត់ទន្លេ នៅតែទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ច្រើនគួរសម។ ប៉ុន្តែទំនិញផ្សេងទៀត ដូចជាសម្លៀកបំពាក់ កាបូប និងនាឡិកាជាដើម ការលក់មានការថយចុះ។

អ្នកស្រី កែវ ដាវី អាយុ ៦០ឆ្នាំ ម្ចាស់តូបលក់វត្ថុអនុស្សាវរីយ៍សិប្បកម្មផលិតដោយដៃ នៅក្នុងផ្សាររាត្រី បានប្រាប់កម្ពុជាថ្មីថា តូបរបស់អ្នកស្រី មានលក់វត្ថុអនុស្សាវរីយ៍ជាច្រើនមុខដូចជា៖ ផ្ទាំងគំនូរ គ្រឿងចម្លាក់តូច ខ្សែក ខ្សែដៃ សុទ្ធសឹងតែជាផលិតផលកែឆ្នែចេញពីឈើ និងជ័រ ជាពិសេសនោះគឺការធ្វើឡើងដោយដៃរបស់ប្រជាជនខ្មែរ ដែលមកពីគ្រប់បណ្ដាខេត្តផ្សេងៗ។

អ្នកស្រី បន្ថែមទៀតថា ការលក់វត្ថុអនុស្សាវរីយ៍នេះ ជាទូទៅរៀងរាល់ថ្ងៃចុងសប្ដាហ៍ តែងតែមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ និយមដើរកម្សាន្ត និងបានទិញវត្ថុអនុស្សាវរីយ៍របស់អ្នកស្រី យ៉ាងច្រើនគួរសម។

អ្នកស្រី កែវ ដាវី បញ្ជាក់ថា ភាគច្រើនក្នុងចំណោមភ្ញៀវ ដែលទិញវត្ថុអនុស្សាវរីយ៍របស់អ្នកស្រី គឺសម្បូរទៅដោយភ្ញៀវក្នុងស្រុក ច្រើនជាងភ្ញៀវបរទេស។ អ្នកស្រី រំលឹកថា កាលពីមិនទាន់មានជំងឺកូវីដ-១៩ ភ្ញៀវដែលទិញវត្ថុអនុស្សាវរីយ៍ ភាគច្រើននោះគឺជាជនជាតិបរទេស មកពីគ្រប់ជាតិសាសន៍ នៅលើសកលលោក។ ប៉ុន្តែនៅពេលជំងឺកូវីដ-១៩ រាតត្បាតមក អ្នកស្រីសង្កេតឃើញថា ភ្ញៀវទេសចរដែលដើរកម្សាន្តផ្សាររាត្រី គឺមានតែភ្ញៀវក្នុងស្រុកភាគច្រើន។

ចំណែកអ្នកស្រី វ៉ាន់សាក់ រក្សា ម្ចាស់តូបលក់សម្លៀកបំពាក់បុរស បានប្រាប់កម្ពុជាថ្មីដែរថា តូបលក់សម្លៀកបំពាក់របស់អ្នកស្រី ភាគច្រើនលក់ខោអាវបុរស គ្រប់ម៉ូដក្នុងតម្លៃតែ ១០,០០០រៀល លើគ្រប់ម៉ូដខោអាវ។ អ្នកស្រីបន្តថា កន្លងមកអ្នកស្រី អាចលក់បានមួយថ្ងៃបានប្រាក់សរុបប្រហែល ២០០ដុល្លារ ទៅ ៣០០ដុល្លារ ដោយសរុបទាំងថ្លៃដើម។ ប៉ុនែ្តបច្ចុប្បន្ននេះ មានការថយចុះវិញ ដោយអ្នកស្រីយល់ថា បណ្ដាលមកពីការប្រែប្រួលនៃសេដ្ឋកិច្ច ទើបធ្វើឲ្យប្រជាពលរដ្ឋមិនសូវហ៊ានចំណាយ។

អ្នកស្រី វ៉ាន់សាក់ រក្សា បានស្នើសុំទៅរាជរដ្ឋាភិបាលអាណត្តិថ្មី បន្តបង្កើតការងារក្នុងស្រុកបន្ថែមទៀត ដោយអ្នកស្រីរំពឹងថា ប្រសិនបើប្រជាពលរដ្ឋទាំងអស់មានការងារ និងមុខរបរធ្វើគ្រប់គ្នានោះ ការលក់ដូររបស់អ្នកស្រី ក៏នឹងបានប្រសើរឡើងដូចកាលពីមុនដែរ។

រីឯលោក វេន តុលាវីន ម្ចាស់តូបលក់កាបូប ខ្សែក្រវ៉ាត់ និងនាឡិកា គ្រប់ប្រភេទ ក៏បានប្រាប់យ៉ាងខ្លីថា ការលក់ដូររបស់លោកក៏ថយចុះដែរ ដោយពីមុនលោកអាចលក់បានក្នុងមួយថ្ងៃចន្លោះពី ២៥ម៉ឺនរៀល ទៅ ៣០ម៉ឺនរៀល ជារៀងរាល់ថ្ងៃ។ លោកបន្តថា សម្រាប់ពេលបច្ចុប្បន្ននេះ ការលក់ដូររបស់លោកថយចុះមកត្រឹមតែចន្លោះ ១០ម៉ឺនរៀល ទៅ ១៥ម៉ឺនរៀលប៉ុណ្ណោះ ដោយភ្ញៀវភាគច្រើនគ្រាន់តែដើរលេងកម្សាន្ត មិនសូវទិញទំនិញផ្សេងៗ ឡើយ៕
អត្ថបទ៖ សួស សិត



-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល