ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់៣រូប ជាអតីតលេខាផ្ទាល់សម្ដេច តេជោ ហ៊ុន សែន
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អតីតលេខាផ្ទាល់របស់សម្ដេចចំនួន៣រូប បានវិវត្តន៍ខ្លួនក្លាយជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងជាធនធានមនុស្សដ៏មានសក្តានុពលរបស់កម្ពុជា។

បើតាមសម្ដេចតេជោ អតីតលេខាផ្ទាល់ទាំង៣រូបនេះ រួមមាន សម្ដេចវិបុលបញ្ញា សុខ អាន លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ចម ប្រសិទ្ធ។ ប៉ុន្តែមានតែអតីតលេខាផ្ទាល់ចំនួន២រូបប៉ុណ្ណោះ ដែលកំពុងនៅកាន់តំណែងក្នុងពេលបច្ចុប្បន្ននេះ គឺលោក អូន ព័ន្ធមុនីរ័ត្ន ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ចម ប្រសិទ្ធ ជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខណៈសម្ដេច សុខ អាន បានទទួលមរណភាពហើយ កាលពីឆ្នាំ២០១៧។
សម្ដេចវិបុលបញ្ញា សុខ អាន គឺជាឥស្សរជន និងជាអ្នកនយោបាយខ្មែរមួយរូប ដែលមានចំណេះដឹងជ្រៅជ្រះ និងបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីក្នុងការបំពេញការងារ ដើម្បីជាតិមាតុភូមិ។ សម្ដេច សុខ អាន ធ្វើជាលេខាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ក្នុងចន្លោះឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៣ ដែលពេលនោះសម្ដេចតេជោ ជារដ្ឋមន្ត្រីការបរទេស។

ក្រោយមក សម្ដេច សុខ អាន ក៏បានឡើងកាន់បន្តតំណែងធំៗជាច្រើន ជាអាទិ៍៖ ឯកអគ្គរាជទូត អនុរដ្ឋមន្ត្រីក្រសួងការបរទេស អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គលេខាធិការក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC សហរដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ប្រធានអាជ្ញាធរជាតិអប្សរា និងមុនពេលទទួលមរណភាព សម្ដេចមានតំណែងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រួមទាំងមុខតំណែងសំខាន់ៗមួយចំនួនទៀត។
សម្ដេច សុខ អាន ទទួលបានការសិក្សាអប់រំមកពីប្រទេសបារាំង និងជាសិស្សមន្ត្រីជាន់ខ្ពស់ផ្នែកការទូត នៃសាលារដ្ឋបាលជាតិជាន់ខ្ពស់ ព្រមទាំងទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសជាច្រើនថែមទៀត ខណៈសម្ដេចក៏ចេះភាសាបរទេសចំនួន៣ គឺបារាំង អង់គ្លេស និងវៀតណាម។

ចំណែកលោក អូន ព័ន្ធមុនីរ័ត្ន គឺជាអតីតលេខាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ១៩៩៣ ក្រោយពេលដែលលោកបានបញ្ចប់ការសិក្សាពីប្រទេសរុស្ស៊ី។ ក្រោយមក សម្ដេចតេជោ ក៏បានបញ្ជូនលោក អូន ព័ន្ធមុនីរ័ត្ន ឱ្យទៅហ្វឹកហាត់ការងារ និងទទួលការបណ្ដុះបណ្ដាលបន្ថែមទៀតពីលោក គាត ឈន់។
ក្នុងរយៈពេលនោះ លោក អូន ព័ន្ធមុនីរ័ត្ន ទទួលបានតួនាទី និងមុខតំណែងជាបន្តបន្ទាប់ ដូចជា អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច រដ្ឋលេខាធិការ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី រហូតឡើងកាន់ជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នៅឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ន ខណៈនៅឆ្នាំ២០១៨ លោក ត្រូវបានតែងតាំងតំណែងបន្ថែមជាឧបនាយករដ្ឋមន្ត្រី។
អតីតលេខាផ្ទាល់សម្ដេចតេជោរូបនេះ បានបញ្ចប់សញ្ញាបត្រថ្នាក់បណ្ឌិត (PhD) នៃប្រទេសរុស្ស៊ី អមដោយសញ្ញាបត្រឯកទេសធុរកិច្ចអន្តរជាតិ ពីសាលាធុរកិច្ចក្រុងម៉ូស្គូ និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តសង្គម និងវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យរដ្ឋម៉ូស្គូ។

ដោយឡែកលោក ចម ប្រសិទ្ធ ដែលបច្ចុប្បន្នមានតំណែងជាទេសរដ្ឋមន្ត្រី និងកាន់ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានធ្វើជាលេខាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងចន្លោះឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៥ ក្រោយពេលលោកចូលបម្រើការជាអ្នកបកប្រែនៅក្រសួងការបរទេស ក្នុងឆ្នាំ១៩៨០។ លោក ចម ប្រសិទ្ធ បានក្លាយជាលេខាផ្ទាល់សម្ដេច ហ៊ុន សែន ទាំងកំឡុងពេលសម្ដេចកាន់ជារដ្ឋមន្ត្រីក្រសួងការបរទេស ទាំងពេលសម្ដេចក្លាយជានាយករដ្ឋមន្ត្រី ក្នុងឆ្នាំ១៩៨៥។
ក្រៅពីតួនាទីជាលេខាផ្ទាល់របស់សម្ដេចតេជោ លោក ចម ប្រសិទ្ធ ក៏ទទួលបានមុខតំណែងជាច្រើនផ្សេងទៀត ដូចជា អនុរដ្ឋមន្ត្រីនៃខុទ្ទកាល័យក្រុមប្រឹក្សារដ្ឋមន្ត្រី អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ហើយក្រោយការបោះឆ្នោតជាតិ អាណត្តិទី១ លោក បានកាន់ជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ លុះនៅអាណត្តិទី៥ លោក ចម ប្រសិទ្ធ បានផ្លាស់មកកាន់ជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល (បច្ចុប្បន្នក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍) ៕ ដោយ៖ ធឿន វ៉ាន់សុង


-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច