Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល សម្រេច​បិទ មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស “S88 Beauty” និង​សាខា​ទាំងអស់​

បានផុស

នៅ

ក្រសួងសុខាភិបាល បាន​ចេញ​សេចក្តីសម្រេច​បិទ និង​ដកហូត​សេចក្តីសម្រេច​ឱ្យ​បើក មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស “S88 Beauty” និង​សាខា​ទាំងអស់​ ចាប់ពី​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៣ យប់មិញ​នេះ​តទៅ បន្ទាប់ពីរកឃើញថា ម្ចាស់​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​នេះ បាន​បើក​សាខា​ជា​ច្រើន​កន្លែង​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល និងបង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជន​រង​គ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្តីសម្រេច​របស់​ក្រសួងសុខាភិបាល បាន​សម្រេច​បិទ និង​ដកហូត​សេចក្ដីសម្រេច​ឱ្យ​បើក​ដំណើរការ​ មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស អេស​ប៉ែតសិប​ប្រាំបី ប៊ី​យូ​ធី (S88 BEAUTY) ដែល​មាន​ទីតាំង​ផ្ទះ​លេខ​A៣៧ ផ្លូវជាតិ​លេខ​៤ ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

លើសពីនេះ ក្រសួងនឹងបន្ត​អនុវត្ត​គោលការណ៍​ច្បាប់ ដែល​មាន​ជា​ធរមាន ដោយ​មូលហេតុ​ថា ម្ចាស់​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​នេះ បាន​បើក​សាខា​ជា​ច្រើន​កន្លែង​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល។ ​ក្នុង​ចំណោម​នោះ មាន​ទីតាំង​មួយ​កន្លែង​ស្ថិត​នៅផ្ទះ​លេខ​១១០ ផ្លូវ​លេខ​៥៣ ភូមិ​៤ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បាន​ធ្វើការ​ផ្តល់​សេវាកម្ម​ដាក់​សេរ៉ូម​ឱ្យ​សាច់​ស បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជន​រង​គ្រោះ ដែល​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។ មួយវិញទៀត សេចក្តីសម្រេច​លេខ​៦៨៦៩ អបស​/​ឱ​អបស ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ របស់​ក្រសួងសុខាភិបាល ក៏ត្រូវ​បាន​ទុកជា​មោឃៈ។

អាស្រ័យ​ដូច្នេះ ក្រសួងសុខាភិបាល ប្រាប់ឱ្យអគ្គនាយក​បច្ចេកទេស​សុខាភិបាល ប្រធាន​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង និង​លោក ទេព ពិសិដ្ឋ ម្ចាស់​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស អេស​ប៉ែតសិប​ប្រាំបី ប៊ី​យូ​ធី ត្រូវ​អនុវត្ត​សេចក្ដីសម្រេច​នេះ ឱ្យ​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ ។

គួរ​ជម្រាប​ដែរ​ថា មជ្ឈមណ្ឌល​កែសម្ផស្ស​មួយ​កន្លែង មាន​ស្លាក​យីហោ «​អេស​៨៨ ប៊ី​យូ​ធី ផ្សារ​ធំ​ថ្មី​» បាន​ផ្តល់សេវាសេរ៉ូមព្យួរឱ្យសាច់សដល់ស្ត្រីម្នាក់ ជា សុធី​ម ដែលសាធារណជនស្គាល់ថា ជាភរិយា​របស់​នាយ​ពាក់​មី​ បណ្តាលឱ្យមាន​អាកា​រៈ​ក្អួត និង​រាគធ្ងន់ធ្ងរ រហូត​ដល់​ថ្នាក់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១១០ ផ្លូវ​៥៣ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។ ក្រោយ​ពី​ទទួល​ដំណឹង​នេះ​ភ្លាម សមត្ថកិច្ច​​សាកសួរ​ពី​ស្ថានភាព​អាកា​រៈ​របស់​ស្ត្រី​រង​គ្រោះ និងឈានដល់ការបិទ​មជ្ឈមណ្ឌល​​កែសម្ពស្ស​ទីតាំងសាខាផ្សារធំថ្មីភ្លាមៗតែម្តង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម