ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងដឹកនាំនាវាកម្ពុជាបន្តឆ្ពោះទៅមុខយ៉ាងស្វាហាប់
ឯកឧត្ដម ហ៊ុន ម៉ានី បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺ លើកឡើងថា ព្រះមហាក្សត្រ ចាត់តាំងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបងប្រុសជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា គឺជាការបើកទំព័រថ្មីសម្រាប់រាជរដ្ឋាភិបាល ក្រោយការបោះឆ្នោត។ ក្នុងនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី ជឿជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំនាវាកម្ពុជាបន្តឆ្ពោះទៅមុខយ៉ាងស្វាហាប់។

តាមរយៈសារនៅលើទំព័រហ្វេសប៊ុកឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរររៀបរាប់ថា នាថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ចាត់តាំងជានាយករដ្ឋមន្រ្តីដើម្បីរៀបចំគណៈរដ្ឋមន្រ្តីស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរបន្តថា ថ្ងៃនេះជាទិវាប្រវត្តិសាស្រ្តថ្មីមួយទៀត សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការបើកទំព័រថ្មីសម្រាប់រាជរដ្ឋាភិបាល ក្រោយការបោះឆ្នោត។ ការទទួលការប្រោសព្រះរាជទានដ៏ខ្ពង់ខ្ពស់បំផុតនេះ គឺជាការផ្តល់នូវព្រះរាជហឬទ័យជឿជាក់ និងទុកព្រះទ័យមកលើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងក៏ដូចជាការប្រោះព្រុំពរជ័យបវរមហាប្រសើរដល់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តីថ្មីនេះផងដែរ។

បើតាមឯកឧត្ដម ហ៊ុន ម៉ានី «ការផ្ទេរអំណាចដែលបានប្រព្រឹត្តទៅនាពេលនេះ ពិតណាស់គឺជាការបន្តនិរន្តរភាព និងការប្រព្រឹត្តទៅជាប្រកតីនៃស្ថាប័នកំពូលរបស់ជាតិ ដោយរលូនក្នុងសុខសន្តិភាព។ គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ដែលត្រូវដឹកនាំរាជរដ្ឋាភិបាល បានឈ្វេងយល់ច្បាស់ពីសារៈសំខាន់ និងភាពចាំបាច់នៃការបន្តវេន និងបានរៀបចំកិច្ចការនេះតាំងពីមុនស្រេចទៅហើយ។ អ្នកបន្តវេនរបស់គណបក្សសុទ្ធតែបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលអម្រែកទំនួលខុសត្រូវដ៏ធំមួយនេះ»។
ឯកឧត្ដម ហ៊ុន ម៉ានី បន្ថែមថា «យើងខ្ញុំទាំងអស់គ្នាជាកម្មាភិបាល នៃគណបក្សប្រជាជនកម្ពុជាសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំគណបក្ស ដែលបានផ្តល់ការយកចិត្តទុកដាក់ និងផ្តល់ឱកាសសម្រាប់យុវជនជំនាន់ក្រោយក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ បណ្តុះមនសិការស្នេហាជាតិ ព្រមទាំងបង្ហាញផ្លូវសម្រាប់ការបន្តកិច្ចការបម្រើជាតិមាតុភូមិ»។
ជាមួយគ្នានេះឯកឧត្ដម ហ៊ុន ម៉ានី ជឿជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំនាវាកម្ពុជាបន្តឆ្ពោះទៅមុខយ៉ាងស្វាហាប់ ក្រោមម្លប់នៃសន្តិភាពដែលបានត្រួសត្រាយ ពូនជ្រុំដោយថ្នាក់ដឹកនាំជំនាន់មុន៕


-
សន្តិសុខសង្គម១១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង