ព័ត៌មានជាតិ
តើគណបក្សប្រជាជនកម្ពុជាមានការប្រែប្រួលអាសនៈយ៉ាងណា បើធៀបការបោះឆ្នោតមុនៗ?
លទ្ធផលផ្លូវការចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣នេះ ដោយទទួលបានចំនួន១២០អាសនៈ។ បើធៀបនឹងការបោះឆ្នោតជាតិ អាណត្តិមុនៗ តើគណបក្សប្រជាជនកម្ពុជា មានការប្រែប្រួលអាសនៈយ៉ាងណា ខណៈកម្ពុជាបានរៀបចំការបោះឆ្នោតនេះចំនួន៧លើកមកហើយ?

ដើម្បីជ្រាបច្បាស់ នៅថ្ងៃនេះ «កម្ពុជាថ្មី» នឹងជម្រាបជូននូវចំនួនអាសនៈដែលគណបក្សប្រជាជនកម្ពុជាទទួលបាន ចាប់តាំងពីការបោះឆ្នោតជាតិ អាណត្តិទី១ រហូតមកដល់អាណត្តិទី៧នេះ ដូចខាងក្រោម៖
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី១ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន៥១ លើ ១២០អាសនៈ។ ការបោះឆ្នោត នីតិកាលទី១នេះ មានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ដែលកាលនោះ រៀបចំឡើងដោយអាជ្ញាធរអន្តរកាលនៃអង្គការសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (UNTAC)។
រីឯការបោះឆ្នោត សម្រាប់នីតិកាលទី២ គណបក្សប្រជាជនកម្ពុជា ទទួលបានចំនួន៦៤អាសនៈលើ១២២អាសនៈ។ ការបោះឆ្នោតនេះ ត្រូវបានរៀបចំឡើងជាលើកដំបូងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយបានបោះឆ្នោតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ មានគណបក្សនយោបាយចំនួន៣៩ ចូលរួមឈរឈ្មោះ។

នៅនីតិកាលទី៣ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន៧៣ លើ១២៣អាសនៈ។ ការបោះឆ្នោត នីតិកាលទី៣នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៣ មានគណបក្សចូលរួមចំនួន២៣។ សម្រាប់នៅនីតិកាលទី៤ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ៩០ លើ១២៣អាសនៈ។ ការបោះឆ្នោត នីតិកាលទី៤ បានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ មានគណបក្សចំនួន១១ បានចូលរួមប្រកួតប្រជែង។
ចំណែកការបោះឆ្នោតជាតិ នីតិកាលទី៥ ឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា បានថយចុះអាសនៈមួយចំនួន ដោយទទួលបានត្រឹម៦៨អាសនៈ លើ១២៣អាសនៈ។ ការបោះឆ្នោត ឆ្នាំ២០១៣ មានតែ៨គណបក្សប៉ុណ្ណោះ ចូលរួមប្រកួត នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
សម្រាប់ការបោះឆ្នោត នីតិកាលទី៦ គណបក្សប្រជាជនកម្ពុជា បានកើនឡើងអាសនៈឡើងវិញ ដោយទទួលបានអាសនៈទាំងស្រុងនៅក្នុងរដ្ឋសភា ១២៥លើ១២៥អាសនៈ។ ក្នុងអាណត្តិទី៦ ដែលគណបក្សប្រជាជនឈ្នះទាំងស្រុងនេះ គឺមានការកើនឡើងចំនួនគណបក្សនយោបាយរហូតដល់២០ បានចូលរួមក្នុងដំណើរការបោះឆ្នោតនៅក្នុងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

ដោយឡែក ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ គឺមានគណបក្សនយោបាយចូលរួមចំនួន១៨ ចូលរួមឈរឈ្មោះប្រកួតប្រជែង។ តែជាលទ្ធផលនោះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ១២០ លើ១២៥អាសនៈ។
ជាការកត់សម្គាល់ក្នុងចំណោមការបោះឆ្នោតជាសកល ដែលបានរៀបចំឡើងចំនួន៧លើកមកនេះ គឺគណបក្សប្រជាជនកម្ពុជាតែងតែទទួលបានជ័យជម្នះ និងទទួលបានអាសនៈយ៉ាងតិចបំផុតចំនួន៥១អាសនៈ ហើយធ្លាប់ទទួលបានអាសនៈយ៉ាងច្រើនបំផុត គឺ១២៥អាសនៈ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់