ព័ត៌មានជាតិ
ក្រសួងទេសចរណ៍តម្រូវឱ្យបុគ្គល (Uncle Roger) សុំទោសប្រជាជនកម្ពុជា និង កែតម្រូវវិដេអូជាបន្ទាន់ ចំពោះការវាយតម្លៃម្ហូបអាហារខ្មែរមិនល្អ
ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ ក្រសួងទេសចរណ៍កម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយប្រតិកម្មចំពោះបុគ្គលឈ្មោះ Nigel Ng (Uncle Roger) ដែលបានធ្វើអធិប្បាយលើបណ្ដាញសង្គមរបស់ខ្លួន ដោយវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ ក្រសួងតម្រូវឱ្យសុំទោសប្រជាជនកម្ពុជា ហើយកែតម្រូវវិដេអូជាបន្ទាន់។

សេចក្តីថ្លែងរបស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្រសួងទេសចរណ៍ សូមជម្រាបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ផ្នែកឯកជនក្នុងឧស្សាហកម្មទេសចរណ៍ និងសាធារណជនទូទៅ មេត្តាជ្រាបថា ក្រសួងទេសចរណ៍ មានការសោកស្តាយជាយ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូ ដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ នៅលើបណ្តាញសង្គម Channel YouTube ឈ្មោះថា Nigel Ng ចុះផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានចំណងជើងថា «Uncle Roger Make Adobo»។
ការវាយតម្លៃរបស់បុគ្គលខាងលើនេះ បានប្រាសចាកទាំងស្រុង ពីតថភាពនៃកិត្យានុភាព និងអត្តសញ្ញាណម្ហូបអាហារខ្មែរ ជាពិសេសបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទេសចរណ៍ម្ហូបអាហារ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងទេសចរណ៍ បានខិតខំជំរុញការផ្សព្វផ្សាយ នៅលើឆាកអន្តរជាតិ ឱ្យពិភពលោកទាំងមូលបានស្គាល់ យ៉ាងទូលំទូលាយថា «កម្ពុជាមានវប្បធម៌ដ៏ល្អផូរផង់ និងមានម្ហូបអាហារដ៏សម្បូរបែប» ជាក់ស្តែងកាលពីឆ្នាំ២០២២ សៀវភៅម្ហូបអាហារខ្មែរ «The Taste of Angkor» ដែលចងក្រងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជាប់ចំណាត់ថ្នាក់ The Best Asian Cookbook Prize នៅក្នុងកម្មវិធី The Gourmand World Cookbook Awards 2021 នៅទីក្រុងប៉ារីស។
ក្នុងន័យនេះក្រសួងទេសចរណ៍ កំពុងសហការជាមួយភាគីពាក់ព័ន្ធយ៉ាងជិតស្និទ្ធ និងស្នើឱ្យបុគ្គល Nigel Ng ឬ Uncle Roger កើតថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៩១ ធ្វើការសុំទោសជាសាធារណៈចំពោះប្រជាជនកម្ពុជា និងកែតម្រូវវីដេអូដែលបានចុះផ្សាយនោះឡើងវិញជាបន្ទាន់ នៅលើបណ្ដាញសង្គមរបស់ខ្លួន។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ សូមថ្លែងអំណរគុណ ចំពោះការចូលរួមផ្តល់យោបល់កែលម្អ របស់សាធារណជន ដើម្បីលើកស្ទួយវិស័យទេសចរណ៍ជាតិ ក៏ដូចជាគាំទ្រ និងស្វាគមន៍ជានិច្ច ចំពោះអ្នកលេងបណ្តាញសង្គម ឬ អ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម (Influencer) ដែលមានបំណងចូលរួមផ្សព្វផ្សាយ អំពីអច្ឆរិយភាពនៃវប្បធម៌ ធម្មជាតិ និងភាពសម្បូរបែបនៃម្ហូបអាហារកម្ពុជា ដល់ទេសចរជាតិ-អន្តរជាតិជុំវិញពិភពលោក៕
កែសម្រួលដោយ ៖ នាគព័ន្ធ



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ