ព័ត៌មានជាតិ
លោក ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរខណ្ឌបន្តការបម្រើសេវាជូនពលរដ្ឋឲ្យកាន់តែល្អប្រសើរ
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង ១៤ សង្កាត់ទាំង ១០៥ បន្តការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត ពោលគឺឱ្យសមនឹងការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើអាជ្ញាធរ។
ការជំរុញរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងឱកាសដែលលោក និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ១០ សីហាឆ្នាំ២០២៣នេះនៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង មានប្រសាសន៍លើកឡើងថា ការផ្ដល់សេវាតាមរយៈច្រកចេញចូលតែមួយនៅទូទាំងខណ្ឌទាំង១៤ ក៏ដូចជាសង្កាត់ទាំង ១០៥ ឃើញថា មានលក្ខណៈល្អប្រសើរ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ ដូច្នេះលោកសូមឲ្យអាជ្ញាធរបន្តការខិតខំប្រឹងប្រែង លើការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀត ខណៈដែលប្រជាពលរដ្ឋបច្ចុប្បន្ននេះ រស់នៅក្នុងភាពស៊ីវិល័យ ដែលតម្រូវឱ្យការងាររបស់អាជ្ញាធរ ក៏ត្រូវតែស៊ីវិល័យឲ្យលឿនទាន់ចិត្តទៅតាមនោះដែរ។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ឆ្លងតាមលទ្ធផលនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងមកនេះ បានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋពិតជាស្រឡាញ់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញ។ ដូច្នេះជាការឆ្លើយតប យើងត្រូវតែបម្រើពួកគាត់ឲ្យបានឲ្យកាន់តែល្អឲ្យសមទៅនឹងការជឿទុកចិត្ត និងការស្រឡាញ់របស់ប្រជាពលរដ្ឋមកលើអាជ្ញាធររបស់យើង។

បន្ថែមពីលើនេះលោក ឃួង ស្រេង បានបនញ្ជាក់ថា៖ សំរាមនៅតែជាបញ្ហាដែលយើងជាអាជ្ញាធរត្រូវតែបន្តយកចិត្តទុកដាក់ ដោយមិនត្រូវទុកសំរាមអោយនៅតាមដងផ្លូវនោះទេ។ ដូច្នេះលោកជម្រុញអោយអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បន្តផ្សព្វផ្សាយអោយប្រជាពលរដ្ឋគោរពម៉ោងពេល យកសំរាមចេញក្រៅផ្ទះ។
លោកបន្តថា ការផាកពិន័យលើការចោលសំរាមយើងនឹងអនុវត្តនៅពេលឆាប់ៗនេះ តែអ្វីដែលត្រូវអនុវត្តនៅពេលនេះ គឺការផ្សព្វផ្សាយឱ្យពួកគាត់យល់ដឹងពីការទុកដាក់សំរាមជាមុនសិន។
លោក ម៉ប់ សារិន ក្នុងឱកាសនោះ ក៏បានមានប្រសាសន៍ កោតសរសើរចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មការរៀបចំការបោះ-ឆ្នោតរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់ថ្នាក់ ខណ្ឌ សង្កាត់ កងកម្លាំង និងអ្នកពាក់ព័ន្ធដែលបានយកចិត្តទុកដាក់ខិតខំ ការពារ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល២១ថ្ងៃ និងថ្ងៃបោះឆ្នោតជ្រើសរើសតាំង តំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ តាំងពីចាប់ផ្តើមរហូតដល់ចប់ ដោយធានាបាន សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយបានល្អប្រសើរ និងទទួលបានជោគជ័យទាំងស្រុង។

លោកបន្តថា លទ្ធផលផ្លែផ្កាលើគ្រប់វិស័យដែលយើងសម្រេចបានក្នុងខែកក្កដា ឆ្នាំ២០២៣កន្លងមកនេះ គឺពិតជា បាន កើតចេញពីការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីភ្ញាក់រលឹក សាមគ្គីឯកភាព របស់មន្ត្រីរាជការគ្រប់ លំដាក់ថ្នាក់ និងប្រជាជនរាជធានីភ្នំពេញ ក្រោមការដឹកនាំយកចិត្តទុកដាក់របស់គណៈអភិបាលរាជធានីភ្នំពេញ។
តាមរយៈសមិទ្ធផលនេះ ពិសេសការរីកចម្រើនវិស័យសេដ្ឋកិច្ច បានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន រាជធានីភ្នំពេញឱ្យកាន់តែមានភាពប្រសើរឡើង។
លោកបន្តថា ព្រឹត្តិការណ៍ដែលលេចធ្លោនឹងជាសមិទ្ធិផលដ៏ធំធេងរបស់កម្ពុជា គឺជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ទើបកន្លងទៅថ្មីៗនេះ ប្រព្រឹត្តទៅ ប្រកបដោយ សេរីភាព ត្រឹមត្រូវ យុត្តិធម៌ អព្យាក្រឹត មានសន្តិសុខសណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហឹង្សា ណាមួយកើតឡើង ក្រោមក្រសែភ្នែកនៃអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាច្រើនប្រទេសបាន បង្ហាញពិភពលោកឱ្យឃើញពីការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានគណបក្សចូលរួមចំនួន១៨ ព្រមទាំងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសង្គម ទាំងការរួមចំណែករបស់សហគមន៍ អន្តរជាតិ ហើយកាន់តែបញ្ជាក់ឱ្យឃើញច្បាស់ថា ប្រជាជនកម្ពុជានិយាយរួម និយាយដោយឡែក ប្រជាជននៅរាជធានីភ្នំពេញ ពិតជាត្រូវការរស់ក្រោមដំបូលសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ធានាបាននូវកំណើនខ្ពស់៕

អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់