ព័ត៌មានជាតិ
ឥស្សរជនជាស្ត្រី ១៦រូប បានជាប់ឆ្នោតជាតំណាងរាស្រ្ត សម្រាប់អាណត្តិទី៧នេះ
ឥស្សរជនជាស្ត្រីដែលបម្រើការក្នុងជួររាជរដ្ឋាភិបាល និងមកពីគណបក្សប្រជាជនកម្ពុជាចំនួន ១៦រូប បានជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧នេះ។ ខាងក្រោមនេះ គឺឥស្សរជនជាស្ត្រីឆ្នើមទាំង១៦រូប ជាមួយនឹងតួនាទីដែលធ្លាប់កាន់នៅក្នុងអាណត្តិទី៦៖
សម្តេច ម៉ែន សំអន អាយុ ៦៩ឆ្នាំ ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជាប់ឆ្នោតជាតំណាងរាស្ត្រនៅខេត្តស្វាយរៀង។ រីឯ លោកស្រី នួម សុភ័ណ ជាសមាជិការគណៈកម្មការទី៧ នៃរដ្ឋសភា បានជាប់ជាតំណាងរាស្ត្រនៅខេត្តបន្ទាយមានជ័យ ក្នុងអាយុ ៦៨ឆ្នាំ។

លោកស្រី ឃួន សុដារី ក្នុងអាណត្តិទី៦ កាន់តំណែងជាអនុប្រធានទី២ នៃរដ្ឋសភា។ លោកស្រីអាយុ៧០ឆ្នាំ បានជាប់ជាតំណាងរាស្ត្រនៅខេត្តកណ្តាល។ នៅក្នុងអាណត្តិទី៧ខាងមុខនេះ លោកស្រី នឹងក្លាយជាប្រធានរដ្ឋសភា និងជាប្រវត្តិសាស្ត្រថ្មីមួយរបស់កម្ពុជា មិនធ្លាប់មានពីមុនមក ដែលមានស្ត្រីកាន់តំណែងមួយនេះ។

លោកស្រី ដួង វណ្ណា អាយុ ៧០ឆ្នាំ ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ក្នុងអាណត្តិមុន បានជាប់ជាតំណាងរាស្ត្រ នៅខេត្តស្វាយរៀង។ លោកស្រី ក្រួច ចំអាន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានជាប់ជាតំណាងរាស្ត្រនៅភ្នំពេញ។
លោកស្រី និន សាផុន អាយុ៧៥ឆ្នាំ កនុងអាណត្តិទី៦ លោកស្រី មានតួនាទីជា ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា បានជាប់ឆ្នោតជាតំណាងរាស្ត្រ នៅខេត្តតាកែវ។
ដោយឡែក លោកស្រី អ៊ុន សុគន្ធា ជាលេខាធិការគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា អាយុ៦៨ឆ្នាំ បានជាប់ឆ្នោតជាតំណាងរាស្ត្រនៅខេត្តកំពត។ ចំណែក លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា បានជាប់ឆ្នោតជាតំណាងរាស្ត្រនៅភ្នំពេញ ក្នុងវ័យ ៦៨ឆ្នាំ។
លោកស្រី អ៉ឹង កន្ថាផាវី អាយុ៦៣ឆ្នាំ ជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានជាប់ឆ្នោតជាតំណាងរាស្ត្រនៅភ្នំពេញ។ លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង បានជាប់ចាតំណាងរាស្ត្រខេត្តស្វាយរៀង ក្នុងអាយុ ៥៥ឆ្នាំ។

រីឯ លោកស្រី គង់ សាឡន សមាជិការគណៈកម្មការទី១០ នៃរដ្ឋសភា អាយុ៦៥ឆ្នាំ ជាប់ឆ្នោតជាតំណារាស្ត្រនៅខេត្តព្រៃវែង។ លោកស្រី កែ ចន្ទមុនី អាយុ៦៤ឆ្នាំ បានជាប់ឆ្នោតជាតំណាងរាស្ត្រនៅខេត្តកំពង់ឆ្នាំង។ លោកស្រី ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី អាយុ៦៦ឆ្នាំ បានជាប់ឆ្នោតតំណាងរាស្រ្តនៅខេត្តកំពង់ស្ពឺ។ លោកស្រី នូ សុវណ្ណនី អតីតអភិបាលរងខេត្តតាកែវ ជាប់ឆ្នោតជាតំណាងរាស្ត្រខេត្តតាកែវ ក្នុងអាយុ ៦៦ឆ្នាំ។
ជាមួយគ្នានេះ លោកស្រី តឹករ៉េត កំរង អាយុ ៥០ឆ្នាំ ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជាប់ឆ្នោតជាតំណាងរាស្ត្រក្នុងអាណត្តិទី៧នេះ នៅខេត្តសៀមរាប។ លោកស្រី ចម និម្មល រដ្ឋលេខាក្រសួងពាណិជ្ជកម្ម មានអាយុ ៤៣ឆ្នាំ ជាប់ជាតំណាងរាស្ត្រខេត្តកំពត និងជាតំណាងរាស្ត្រស្ត្រីវ័យក្មេងជាងគេក្នុងចំណោមស្ត្រីទាំង១៦រូប ខាងលើ។

សូមបញ្ជាក់ជាថ្មីថា តួនាទី និងមុខតំណាងខាងលើនេះ គឺជាតំណែងនៅអាណត្តិទី៦។ ចំពោះអាណត្តិទី៧ថ្មីនេះ មានការប្រែប្រួលតួនាទីយ៉ាងណានោះ នៅមិនទាន់លេចចេញជាផ្លូវការនៅឡើយទេ។ តែទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ថា លោកស្រី ឃួន សុដារី បច្ចុប្បន្នជាអនុប្រធានទី២ នៃរដ្ឋសភា នឹងក្លាយជាប្រធានរដ្ឋសភានៅថ្ងៃអនាគត។ ទាំងនេះ បានបង្ហាញឱ្យឃើញថា កម្ពុជាបានយកចិត្តទុកដាក់ លើកស្ទួយស្ត្រីក្នុងភាពជាអ្នកដឹកនាំ ឱ្យមានសិទ្ធិកាន់តួនាទីធំៗ មិនចាញ់បុរសឡើយ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី