Connect with us

ព័ត៌មានជាតិ

ក្រុម​វិនិយោគិនចិន ចុះទៅ​ស្វែងយល់ពី​ឱកាស​វិនិយោគនៅក្នុងខេត្តបាត់ដំបង

បានផុស

នៅ

នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានជួបជាមួយគណៈ​ប្រតិភូដែលជាអ្នកវិនិយោគិនមកពីប្រទេសចិនដឹកនាំដោយលោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្ដី ដើម្បីស្វែងយល់អំពីសក្ដានុពលនិងឱកាសវិនិយោគក្នុងខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចជំនួបពិភាក្សា លោក ដួង តារា បានលើកឡើងថា គោលបំណងចម្បងរបស់ប្រតិភូ ដើម្បី​ធ្វើការស្វែងយល់បន្ថែមទៀតអំពីសក្ដានុពលនៅក្នុងខេត្តបាត់ដំបង។

លោកបន្ត​ថា ខេត្ត​បាត់ដំបង​ជាខេត្តគោលដៅ​ដ៏សំខាន់មួយ ខណៈ​ខេត្តនេះ​មានហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់និងភ្ជាប់ទៅកាន់​តំបន់សំខាន់ៗនៅក្នុងប្រទេសបានយ៉ាងល្អប្រសើរ។

លោក សុខ លូ អភិបាល​ខេត្ត​បាត់ដំបង​មានប្រសាសន៍​ថា សក្ដានុពលសម្រាប់ខេត្តបាត់ដំបងមានច្រើនណាស់លើវិស័យកសិកម្ម ហើយខេត្តមួយនេះកំពុងមានតម្រូវការជាមួយដៃគូសម្រាប់ធ្វើវិនិយោគ ដោយទាមទារឱ្យវិនិយោគិនក្នុងស្រុកនិងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីធ្វើការលក់និងនាំចេញទៅក្រៅប្រទេស។

លោកបន្ត​ថា ស្របពេលបច្ចុប្បន្នផលិតផលកសិកម្មជាច្រើននៅមិនទាន់បានយកមកកែច្នៃអស់លទ្ធភាពនៅឡើយ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារបណ្ដាលឱ្យមានការធ្លាក់ថ្លៃចុះ។

ខេត្តបាត់ដំបងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ នៃប្រទេសកម្ពុជានិងជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់ផងដែរ។

លោក សុខ លូ អភិបាល​ខេត្ត​បាន​បញ្ជាក់ថា បច្ចុប្បន្នខេត្តបាត់ដំបងមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរច្រើនមានដូចជា ផ្លូវអាស៊ានហាយវេដែលភ្ជាប់ពីរាជធានីភ្នំពេញរួមទាំង​ផ្លូវរថភ្លើងផងដែរ​។ នៅពេលអនាគតរាជរដ្ឋាភិបាលក៏នឹងមានគម្រោង​សាងសង់​ផ្លូវតភ្ជាប់ពីខេត្តសៀមរាបឆ្ពោះមកខេត្តបាត់ដំបងផ្ទាល់តែម្ដង។ ហើយបើសិនជាផ្លូវល្បឿនលឿនពីភ្នំពេញមកសៀមរាបនិងផ្លូវពីសៀមរាបមកបាត់ដំបងចេញរូបរាងនោះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិនឹងងាកមកកម្សាន្តខេត្តបាត់ដំបងនឹង​មានសន្ទស្សន៍កាន់ខ្ពស់៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម