ព័ត៌មានជាតិ
«មន្ត្រីមានសក្តានុពល ១០រូប» នឹងក្លាយជាសេនាធិការជាន់ខ្ពស់នៃគណៈរដ្ឋមន្ត្រីរបស់ឯកឧត្តម ហ៊ុន ម៉ាណែត
សមាសភាពគណៈរដ្ឋមន្ត្រីថ្មី ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត បានលេចចេញជាបណ្ដើរៗហើយ បើទោះជាមិនទាន់មានការបង្ហាញជាផ្លូវការនូវមុខតំណែងនានាដែលសមាជិកគណៈរដ្ឋមន្ត្រីនីមួយៗត្រូវកាន់ក៏ដោយ។ តួយ៉ាង គេអាចដឹងបានថា មានមន្រ្តីសំខាន់ៗចំនួន១០រូប ត្រូវបានកាន់ជាឧបនាយករដ្ឋមន្ត្រី ដែលជាសេនាធិការដ៏សំខាន់នៅកៀកជិតនាយករដ្ឋមន្ត្រី។
សេនាធិការជាន់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ាណែត ទាំង១០រូបនេះ សុទ្ធសឹងជាធនធានមនុស្សដ៏មានសក្តានុពលរបស់គណបក្សប្រជាជនកម្ពុជា ដែលពោរពេញដោយសមត្ថភាព មានចំណេះដឹងខ្ពង់ខ្ពស់ ប្រកបដោយបទពិសោធន៍ការងារ ហើយស្ទើរទាំងអស់នៃអ្នកបន្តវេនទាំងនេះ មានសញ្ញាបត្របណ្ឌិតមកពីបរទេស។ មន្រ្តីខ្លាំងមានមុខតំណែងជាឧបនាយករដ្ឋមន្ត្រីទាំង១០រូបនេះ រួមមាន៖
១/ លោក អូន ព័ន្ធមុនីរ័ត្ន
លោក អូន ព័ន្ធមុនីរ័ត្ន ជាបណ្ឌិតទស្សនៈវិជ្ជា (PhD) ជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីប្រទេសរុស្ស៊ី អមដោយសញ្ញាបត្រឯកទេសធុរកិច្ចអន្តរជាតិ ពីសាលាធុរកិច្ចក្រុងម៉ូស្គូ និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តសង្គម និងវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យរដ្ឋម៉ូស្គូ។
លោក អូន ព័ន្ធមុនីរ័ត្ន បានដឹកនាំ និងគ្រប់គ្រងលើវិស័យសេដ្ឋកិច្ចជាង១០ឆ្នាំមកហើយ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ចាប់តាំងពីឆ្នាំ២០១៣ ខណៈនៅក្នុងឆ្នាំ២០១៨ លោកត្រូវបានដំឡើងតំណែងបន្ថែមជាឧបនាយករដ្ឋមន្ត្រី។ តែយ៉ាងណាមិញ បើតាមការបង្ហើបឱ្យដឹងរបស់សម្ដេចតេជោ ហ៊ុន សែន សម្រាប់អាណត្តិទី៧នេះ លោក អូន ព័ន្ធមុនីរ័ត្ន នឹងបន្តរក្សាតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដដែល។
២/ លោក ស៊ុន ចាន់ថុល
លោក ស៊ុន ចាន់ថុល ជាជនជាតិខ្មែរដែលបានបញ្ចប់ការសិក្សាមកពីសហរដ្ឋអាមេរិក ដែលក្នុងនោះ លោកបានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រគ្រប់គ្រងពាណិជ្ជកម្ម នៃសាកលវិទ្យាល័យអាមេរិក និងសញ្ញាបត្រអនុបណ្ឌិតរដ្ឋបាលសាធារណៈ នៃសាកលវិទ្យា Harvard។
មុនឡើងជាឧបនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ លោក ស៊ុន ចាន់ថុល ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងអាណត្តិទី៥ ខណៈនៅពាក់កណ្ដាលអាណត្តិទី៥ លោកក៏ត្រូវបានផ្លាស់មកកាន់ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រហូតដល់អាណត្តិទី៦ កន្លងមកនេះ។
៣/ លោក នេត សាវឿន
លោក នេត សាវឿន ជាអគ្គស្នងការនគរបាលជាតិនៃកម្ពុជា ដែលមានភារកិច្ចដឹកនាំ គ្រប់គ្រង និងបញ្ជាផ្ទាល់ទៅលើកងម្លាំងនគរបាលជាតិនៅទូទាំងប្រទេស។ លោក នេត សាវឿន បានឡើងកាន់តំណែងជាអគ្គស្នងការនគរបាលជាតិ ជំនួសលោក ហុក ឡងឌី តាំងពីអំឡុងឆ្នាំ២០០៨ ដែលមុនពេលទទួលបានការតែងតាំងនេះ លោកជាអគ្គស្នងការរងនគរបាលជាតិ។
បម្រើការជាមេប៉ូលីសជាតិជាង១៥ឆ្នាំ លោក នេត សាវឿន ត្រូវបានថ្នាក់ដឹកនាំផ្ដល់សេចក្ដីទុកចិត្ត និងជ្រើសរើសជាឧបនាយករដ្ឋមន្ត្រី សម្រាប់សមាសភាពគណៈរដ្ឋមន្ត្រីថ្មីរបស់ឯកឧត្តម ហ៊ុន ម៉ាណែត។
៤/ លោក ហង់ជួន ណារ៉ុន
លោក ហង់ជួន ណារ៉ុន ជាបញ្ញវន្តខ្មែរមួយរូប ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតសេដ្ឋកិច្ចអន្តរជាតិ នៅប្រទេសរុស្ស៊ី ហើយលោកអាចប្រើប្រាស់ភាសាបរទេសរហូតដល់៦ភាសា ជាអាទិ៍ អង់គ្លេស បារាំង រុស្ស៊ី ចិន ថៃ និងឡាវ។ អតីតភាពរបស់លោក ហង់ជួន ណារ៉ុន ជាមន្រ្តីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតក្លាយជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងឆ្នាំ២០១៣។
«ទ្រឹស្តីអ្នកចេះ គឺជាប់» ត្រូវបានប្រជាពលរដ្ឋខ្មែរចាត់ទុកលោក ហង់ជួន ណារ៉ុន ជារដ្ឋមន្រ្តីកណ្តាប់ដៃដែក ដែលបានកំណែទម្រង់ប្រព័ន្ធអប់រំ ជាពិសេស ការប្រឡងថ្នាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ប្រកបដោយប្រសិទ្ធភាព។
៥/ លោក សុខ ចិន្តាសោភា
លោក សុខ ចិន្តាសោភា ជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងការវិនិយោគ ដែលលោកបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីប្រទេសបារាំង និងធ្លាប់ធ្វើការឱ្យក្រុមហ៊ុនឯកជននៅប្រទេសបារាំង។
តាមរយៈអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC នៅពេលកន្លងមក លោក សុខ ចិន្តាសោភា តែងតែអមដំណើរសម្ដេចតេជោហ៊ុន សែន ទៅទស្សនកិច្ចនៅក្រៅប្រទេស ហើយលោកតែងឆ្លៀតជួបប្រាស្រ័យទាក់ទងជាមួយវិនិយោគិនបរទេស ដើម្បីទាក់ទាញអ្នកទាំងនោះមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា។
៦/ លោក រង្សី វិស្សុត
លោក វង្សី វិស្សុត បានបញ្ចប់ការសិក្សាសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតទស្សនវិជ្ជា (PhD) ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅវិទ្យាស្ថានមូស្គូសម្រាប់ការទំនាក់ទំនងអន្តរជាតិ នៃប្រទេសរុស្ស៊ី។ ជាមួយគ្នានេះ លោក វង្សី រិស្សុត ក៏មានសមត្ថភាពប្រើប្រាស់ភាសាបរទេសចំនួន៣ភាសា គឺអង់គ្លេស បារាំង និងភាសារុស្ស៊ី។
៧/ លោក កើត រិទ្ធ
អ្នកបន្តវេនដ៏មានសក្តានុពលផ្នែកច្បាប់ លោក កើត រិទ្ធ គឺបានទទួលការសិក្សាអប់រំនៅប្រទេសបារាំង ដោយលោកមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២ គឺបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ព្រហ្មទណ្ឌ និងវិទ្យាសាស្ត្រនៃបទឧក្រិដ្ឋ។
នៅក្នុងឆ្នាំ២០២០ គឺពាក់កណ្ដាលអាណត្តិទី៦ លោក កើត រិទ្ធ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំនួសលោក អង្គវង្ស វឌ្ឍនា។ លោក កើត រិទ្ធ ជាស្ថាបនិកក្នុងការបង្កើតក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌមួយរូបក្នុងចំណោមថ្នាក់ដឹកនាំផ្សេងទៀតនៅក្រសួងយុត្តិធម៌។
៨/ លោក សាយ សំអាល់
លោក សាយ សំអាល់ ជាអតីតសិស្សរៀននៅប្រទេសសឹង្ហបុរី និងជាបណ្ឌិតផ្នែកបរិស្ថាន និងជីវសាស្ត្រ នៃសាកលវិទ្យាល័យ ម៉ូណាស ប្រទេសអូស្ត្រាលី។ លោក សាយ សំអាល់ បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន តាំងពីអាណត្តិទី៥ ឆ្នាំ២០១៣ ដែលពេលនោះ លោករដ្ឋមន្ត្រីវ័យក្មេងជាងគេ។ លោក សាយ សំអាល់ ជាកូនប្រុសរបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា។
៩/ លោក ស សុខា
លោក ស សុខា ជាកូនប្រុសរបស់សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា។ លោក ស សុខា ទទួលបានការសិក្សាអប់រំនៅប្រទេសជាច្រើន ជាអាទិ៍ បារាំង សឹង្ហបុរី អាឡឺម៉ង់ និងប្រទេសឆេក។ ជំនាញដែលលោក ស សុខា បានសិក្សា រួមមាន ផ្នែកគ្រប់គ្រង អភិវឌ្ឍន៍ជនបទ វិទ្យាសាស្ត្រអប់រំ ច្បាប់ស៊ីវិល រដ្ឋបាលសាធារណៈ និងជំនាញនគរបាល។
មុនកាន់តំណែងជាន់ខ្ពស់សម្រាប់អាណត្តិទី៧នេះ លោក ស សុខា ធ្លាប់ធ្វើជាស្នងការរងនគរបាលរាជធានីភ្នំពេញ ជាសមាជិករដ្ឋសភា តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
១០/ លោក ទៀ សីហា
ជាកូនប្រុសរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ លោក ទៀ សីហា បានទៅសិក្សានៅប្រទេសបារាំង តាំងពីកុមារភាព។សិក្សារនៅទីក្រុងប៉ារីស លោក ទៀ សីហា បានបញ្ចប់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្ម និងបានសិក្សាលើជំនាញយោធា នៅរាជបណ្ឌិតសភាយោធារបស់ប្រទេសបារាំង។ លោក ទៀ សីហា ជានាយទាហានជាន់ខ្ពស់នៃក្រសួងការពារជាតិ និងក្រោយមក លោកកាន់ជាអភិបាលខេត្តសៀមរាប៕ អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ