Connect with us

ព័ត៌មានជាតិ

ខេត្តកែប​ដាក់យុទ្ធសាស្រ្ត ៣ ទាក់ទាញ​គោលដៅទេសចរណ៍ធម្មជាតិ

បានផុស

នៅ

ខេត្តកែបគឺជាខេត្តក្នុងតំបន់ឆ្នេរ ដែលមានលក្ខខណ្ឌ​អំណោយផល​និង​សក្តានុពល​ពី​ធម្មជាតិសម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ជាពិសេស​ទេសចរណ៍​ធម្មជាតិ​និង​ទេសចរណ៍​វប្បធម៌​។

ផ្អែក​ទៅលើ​សក្ដានុពល​និងស្រប​តាម​និន្នាការ​កើនឡើង​នៃ​ចំណាប់​អារម្មណ៍​របស់ភ្ញៀវទេសចរទូទៅ​លើ​គោលដៅ​ទេសចរណ៍​ធម្មជាតិ រាជរដ្ឋាភិបាល​កម្ពុជាបាន​រៀបចំ “ផែនការ​មេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តកែប ឆ្នាំ២០២៣- ២០៣៥” ដើម្បីទាញយក​ប្រយោជន៍​ជា​អតិបរមា​សម្រាប់​ធ្វើការ​អភិវឌ្ឍវិស័យទេសចរណ៍។ ផែនការមេ​នេះ​បាន​កំណត់​ចក្ខុវិស័យ​ប្រែក្លាយ​ខេត្ត​កែប​ទៅជា “គោលដៅ​ទេសចរណ៍ធម្មជាតិ​និងសមុទ្រ​សម្រាក​កម្សាន្ត​បែប​ប្រណិត​កម្រិត​ខ្ពស់”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអនុវត្តផែនការមេនេះ ប្រកាន់ខ្ជាប់នូវកិច្ចគាំពារបរិស្ថានធម្មជាតិដោយ​កាត់បន្ថយ​ឱ្យបានជាអតិបរមានូវផលប៉ះពាល់​ទៅ​លើបរិស្ថាន និងធនធានជីវចម្រុះ ដោយ​ឈរលើ​ទស្សនាទាន “ការអភិរក្សគាំទ្រដល់កិច្ចអភិវឌ្ឍ និងការអភិវឌ្ឍគាំទ្រដល់កិច្ចអភិរក្ស” និង​ទស្សនាទាន​នៃ “ការអភិវឌ្ឍទីក្រុងក្នុងឧទ្យានជាតិ”។

ដើម្បី​សម្រេចចក្ខុវិស័យខាងលើ ផែនការមេនេះបានកំណត់យុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ រួមមាន៖

ទី១- យុទ្ធសាស្ត្រ​អភិវឌ្ឍប៉ូលទេសចរណ៍​ខេត្តកែប

សំដៅប្រែក្លាយ​ខេត្តកែប​ជាប៉ូលទេសចរណ៍ចម្បង​មួយ​ តាមរយៈ​ការអភិវឌ្ឍ​ប៉ូល​ទេសចរណ៍​ចំនួន ៤ សំខាន់ៗ គឺ ទី១) ប៉ូល​ទេសចរណ៍​តំបន់​ក្រុង​កែប​ចាស់​ជា “ទីក្រុង​ធម្មជាតិក្នុងឧទ្យានប្រណិត​កម្រិត​ពិភពលោក​”។ ទី២) ប៉ូល​ទេសចរណ៍​តំបន់​អង្កោល​ជា “តំបន់ទេសចរណ៍​ឆ្នេរសមុទ្រធម្មជាតិ​បែប​ទំនើប”។ ទី៣) ប៉ូល​ទេសចរណ៍​ធម្មជាតិ​តំបន់​ភ្នំវល្លិ៍“តំបន់​កសិ​ទេសចរណ៍​និង​ទេសចរណ៍​ធម្មជាតិ​ប្រវត្តិសាស្ត្រ” ​និងទី៤) ប៉ូល​ទេសចរណ៍​តំបន់​សមុទ្រ​និង​ប្រជុំកោះជា “តំបន់​ទេសចរណ៍​សមុទ្រ​កោះ​ប្រណិត”។

ប៉ូល​ទេសចរណ៍​នីមួយៗ នឹងត្រូវបាន​ទទួលការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍ថ្មីៗ​ទៅតាម​សក្តានុពល​នៃ​គោលដៅទាំងនោះ ព្រមទាំង​មាន​ការរៀបចំ​ព្រឹត្តិការណ៍ ថ្មីៗ​ជា​មូលដ្ឋាន​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​មាន​ការរៀបចំ និងការពង្រឹងយន្តការគាំទ្រ​នានា​ផងដែរ។

ទី២- យុទ្ធសាស្ត្រលើកកម្ពស់​ការវិនិយោគនិងផ្សព្វផ្សាយ

សំដៅ​ទាក់ទាញការ​វិនិយោគនិងការចូលរួម​ពី​សំណាក់​វិស័យឯកជន ក្នុងការអភិវឌ្ឍ​ទេសចរណ៍​ខេត្តកែប ព្រមទាំង​រៀបចំ​យន្តការផ្សព្វផ្សាយ ដើម្បីលើកកម្ពស់​កិត្តិនាមរបស់ខេត្តកែប​ជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​គុណភាព​កម្រិត​ពិភពលោក​។

ទី៣-យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យគាំទ្រ

សំដៅ​អភិវឌ្ឍវិស័យនានា​ដែលគាំទ្រដល់ការអភិវឌ្ឍវិស័យ​ទេសចរណ៍​ខេត្តកែប និង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នានាក្នុងវិស័យទាំង​នោះ ដែល​ក្នុង​នោះរួមមាន​ដូចជា​ការគ្រប់គ្រង​សំណល់រឹង​និង​សំណល់រាវ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​សំខាន់ៗ​ជាដើម។

ដើម្បី​ធានា​ប្រសិទ្ធភាពនៃ​ការអនុវត្ត “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣-២០៣៥​” ​ផែនការមេនេះ​បានកំណត់​យន្តការអនុវត្ត តាមដាន និង​វាយតម្លៃ​ការអនុវត្ត​យ៉ាង​ច្បាស់​លាស់ ក្រោម​ការដឹកនាំ​របស់​គណៈកម្មាធិការជាតិ​អភិវឌ្ឍន៍ទេសចរណ៍ និង​មាន​គណៈកម្មការ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​ទេសចរណ៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ជា​ស្ថាប័ន​សម្របសម្រួល ព្រម​ទាំងមាន​គណៈកម្មាធិការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តកែប ស្ថាប័នទទួលបន្ទុក​ក្នុងការ​អនុវត្តផែនការមេ និង​មាន​ស្ថាប័ន​អង្គភាព​មួយចំនួនទៀត ដែលនឹងគាំទ្រដល់ការអនុវត្តផែនការមេនេះ។

ការអនុវត្តផែនការមេនេះ​ប្រកប​ដោយប្រសិទ្ធភាព ទាមទារឱ្យ​មានការ​សហការ​ខ្ពស់ពី​គ្រប់​ភាគី​ពាក់ព័ន្ធ រួមទាំងក្រសួង​ស្ថាប័ន​គ្រប់កម្រិត ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ​ព្រមទាំង​វិស័យឯកជន​និង​ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

ដោយសារការអនុវត្តផែនការមេនេះ​ជា​កិច្ចការ​រយះពេល​យូរ ផែនការមេនេះ​ត្រូវបានចាត់ទុកជា “ឯកសារ​រស់” ដើម្បីធានា​ភាពសមស្របទៅតាម​ការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចសង្គម និង​ស្ថានភាព​នៃទីផ្សារ និង​វិស័យទេសចរណ៍​សកល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម