ព័ត៌មានជាតិ
លោក វ៉ាង យី សង្ឃឹមថា រាជរដ្ឋាភិបាលថ្មីនឹងបន្តពង្រឹងទំនាក់ទំនងល្អរវាង កម្ពុជា-ចិន
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានបង្ហាញក្ដីសង្ឃឹម និងជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជាថ្មី ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាណែត នឹងបន្តពង្រឹងទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន ឱ្យកាន់តែប្រសើរឡើង ថែមទៀត។

ក្នុងជំនួបជាមួយ លោក ហោ ណាំហុង និង លោក ស៊ុន ចាន់ថុល ក្រោមក្របខណ្ឌ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិន លោក វ៉ាង យី លើកឡើងថា ភាគីចិនបានបង្ហាញជំហរប្ដេជ្ញាបន្តផ្ដល់ការគាំទ្រដល់កម្ពុជាលើវិស័យសំខាន់ៗ ដូចជា៖ ផលិតកម្ម កសិកម្ម ឧស្សាហកម្ម អគ្គិសនី អប់រំ និងសុខាភិបាល។
លោក វ៉ាង យី បានបន្តថា ភាគីចិននឹងបន្តជួយលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមាន ការសាងសង់ផ្លូវល្បឿនលឿនបន្ថែមទៅបណ្ដាខេត្តសំខាន់ៗ ការអភិវឌ្ឍវិស័យទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការអភិវឌ្ឍផ្លូវដែកតភ្ជាប់ទៅច្រករបៀងសេដ្ឋកិច្ចភាគខាងជើង និងតភ្ជាប់ទៅផ្លូវដែកថៃ-ឡាវ ជាពិសេស ការបន្តជំរុញកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិន ឱ្យកាន់តែមានភាពរលូន និងនាំមកនូវគម្រោងសម្រាប់អភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជាបន្ថែមទៀត។

ជាមួយគ្នានេះ ប្រមុខការទូតចិនរូបនេះ ក៏បានកោតសរសើរដល់ លោក ហោ ណាំហុង ដែលបានខិតខំកសាង និងពង្រឹងទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ជាពិសេស ក្រោមការដឹកនាំគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិន គឺបាននាំមកនូវការរីកចម្រើន និងការរក្សាបាននូវទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។ លោក បញ្ជាក់ថា ការខិតខំទាំងនេះ បាននាំទំនាក់ទំនងកម្ពុជា-ចិន រហូតឈានទៅសម្រេចបានជាទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលតែង តែផ្ដល់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់មកឱ្យកម្ពុជានៅក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យនៅគ្រប់កាលៈទេសៈ រហូតមកទល់បច្ចុប្បន្ន ជាពិសេស ការកសាងផ្លូវថ្នល់ប្រមាណជាង ៣០០០គីឡូម៉ែត្រ និងស្ពានធំៗចំនួន ១០ នៅកម្ពុជា។

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ចិន គឺជាមិត្តដែកថែប ហើយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង មិត្តចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធដ៏ច្រើននៅកម្ពុជា ជាពិសេសថ្មីៗនេះ មានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ការសិក្សាគម្រោងផ្លូវដែកនៅកម្ពុជា និងគម្រោងព្រែកជីកហ្វូណនតេជោ ជាដើម។
លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយរបស់ភាគីចិន ដែលមានទឹកប្រាក់ប្រមាណ ៣០០លានយ័ន សម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងស្ដារឡើងវិញវិស័យផ្លូវដែកនៅកម្ពុជាផងដែរ ជាពិសេសការជំរុញការកសាងផ្លូវដែកល្បឿនលឿនភ្ជាប់ភ្នំពេញ-ប៉ោយប៉ែត ទៅប្រទេសថៃ ឡាវ និងចិន។

ជាចុងក្រោយ ភាគីទាំងពីរ ក៏បានអបអរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ និងប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យបានខ្លាំងក្លាថែមទៀត ដោយបង្កើតនូវ សហគមន៍ជោគវាសនារួមកម្ពុជា-ចិន សំដៅជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង