Connect with us

ព័ត៌មានជាតិ

តើសមាជិករដ្ឋសភាថ្មីទាំងអស់ ត្រូវធ្វើសច្ចា​ប្រណិ​ធានលើចំណុចអ្វីខ្លះនៅក្នុងព្រះបរមរាជវាំង?

បានផុស

នៅ

នៅល្ងាចថ្ងៃទី២១ ខែសីហា សប្តាហ៍ក្រោយនេះ  ប្រធាន អនុប្រធាន និងសមាជិករដ្ឋសភាទាំង១២៥រូប ដែលជាអ្នកតំណាងរាស្ត្ររបស់ពលរដ្ឋខ្មែរនៅទូទាំងប្រទេស នឹងធ្វើសច្ចាប្រណិធាននៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រ ព្រះភ័ក្ត្រនៃសម្ដេចព្រះសង្ឃរាជ និងទេវតាថែរក្សាស្វេតច្ឆ័ត្រ នៅក្នុងព្រះបរមរាជវាំង។ តើសមាជិករដ្ឋសភាថ្មីទាំងអស់ នឹងត្រូវធ្វើសច្ចាប្រណិធានលើចំណុចអ្វីខ្លះនៅក្នុងព្រះបរមរាជវាំង នាពេលខាងមុខនេះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមឧបសម្ព័ន្ធទី៥ នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា គឺពេលធ្វើសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង ប្រធាន អនុប្រធាន សមាជិករដ្ឋសភាអាណត្តិថ្មី ត្រូវផឹកទឹកសម្បថ ហើយពោលពាក្យសម្បថជាដំបូងថា ក្នុងពេលបំពេញការងារតាមមុខតំណែងខ្លួន និងការបំពេញបេសកកម្មដែលប្រជារាស្ត្រកម្ពុជាបានប្រគល់ជូន រាល់សមាសភាពរាជរដ្ឋសភាសូមប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជា។ ទាំងនាយករដ្ឋមន្ត្រី និងសមាជិករដ្ឋាភិបាល សូមសច្ចាថា មិនកេងប្រវ័ញ្ចនូវផលប្រយោជន៍ជាតិ សម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ ឬសម្រាប់បក្សពួក ឬសម្រាប់ភាគីរៀងៗខ្លួនឡើយ ។

បន្ទាប់មក សមាជិករដ្ឋសភាអាណត្តិថ្មីទាំង១២៥រូប ត្រូវបន្តស្បថថា ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវ ឯករាជ្យភាពទាំងស្រុងនៃមាតុភូមិកម្ពុជា អធិបតេយ្យភាពជាតិពេញបរិបូរណ៍ បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់នៅក្នុងព្រំដែនដីគោក និងព្រំដែនសមុទ្រដែលកម្ពុជា ធ្លាប់មានក្នុងជំនាន់ឆ្នាំ ១៩៦៣ ដល់ ១៩៦៩ ឯកភាពជាតិ ហើយមិនអនុញ្ញាតឱ្យមានការបែងចែក ឬការធ្វើអបគមន៍ណាមួយឡើយ ។

បន្ថែមពីនេះ បណ្ដាសមាជិករដ្ឋសភាដែលត្រូវចូលសច្ចាប្រណិធាន ត្រូវប្ដេជ្ញារក្សាទុកជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវ អព្យាក្រឹតភាព និងភាពមិនចូលបក្សសម្ព័ន្ធសម្រាប់កម្ពុជា ហើយមិនអនុញ្ញាតជាដាច់ខាតឱ្យជនណាមួយក៏ដោយ ដែលចង់ជ្រៀតជ្រែក ចូលក្នុងផ្ទៃក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជាបានឡើយ។ មិនបម្រើជាដាច់ខាតនូវផលប្រយោជន៍បរទេស ហើយធ្វើឱ្យខូចខាតដល់ផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជាឡើយ។

ជាងនេះទៀត សមាជិករដ្ឋសភាទាំងអស់ត្រូវប្ដេជ្ញាថា ក្នុងការដោះស្រាយបញ្ហាទាំងឡាយលើផ្ទៃរាបជាតិនិងអន្តរជាតិ រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងបំបាត់ចោលទាំងស្រុងនូវអំពើហិង្សាគ្រប់បែបយ៉ាង ក៏ប៉ុន្តែ ព្រះរាជាណាចក្រកម្ពុជា សូមរក្សាទុកនូវសិទ្ធិកាន់អាវុធតស៊ូប្រឆាំង នឹងការរំលោភឈ្លានពានមកពីក្រៅដើម្បីការពារជាតិ មាតុភូមិខ្លួន។ លើសពីនេះ សមាសភាពរដ្ឋសភាពអាណត្តិទី៧គ្រប់រូប ត្រូវប្តេជ្ញាគោរពជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវលទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែលមានរបបសភា និងពហុបក្ស ព្រមទាំងមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះសិទ្ធិមនុស្ស ដូចមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្ស។

ជាចុងក្រោយ ត្រូវប្ដេជ្ញាថា តស៊ូប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្តិធម៌សង្គម តស៊ូ ដើម្បីផ្សះផ្សាជាតិ ដើម្បីឯកភាពជាតិ ដើម្បីសន្តិភាពសង្គម និងសន្តិភាពជាតិ ដើម្បីភាពសម្បូរសប្បាយនៃប្រជារាស្ត្រកម្ពុជា និងដើម្បីភាពរុងរឿងថ្កើងថ្កាននៃមាតុភូមិកម្ពុជា ជាទីគោរពសក្ការៈនិងជាទីស្នេហា។

សូមជម្រាបថា នៅក្នុងនីតិកាលទី៧នេះ ក្នុងស្ថាប័នរដ្ឋសភា មានសមាជិក១២៥រូប ដែល១២០រូប មកពីគណបក្សប្រជាជនកម្ពុជា ហើយ៥រូបទៀតមកពីគណបក្សហ៊្វុនស៊ិនប៉ិច៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣០ វិនាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២០ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៤៩ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៥០ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម