ព័ត៌មានជាតិ
អ្វីទៅជាគោលបំណងនៃការបង្កើតសមាគមអតីតអ្នកបួសខ្មែរ?
ក្នុងរយៈពេលចុងក្រោយនេះ សង្កេតឃើញថា បព្វជិតក្នុងសំណាក់ព្រះពុទ្ធសាសនា ជាពិសេស ភិក្ខុសង្ឃដែលមានកេរិ៍ឈ្មោះល្បី រហូតមានសង្ឃឋានៈជាសម្ដេចផងនោះ បានសម្រេចលាចាកសិក្ខាបទ ដោយហេតុថា អស់និស្ស័យក្នុងព្រះផ្នួស។ ក្រោយលាចាកសិក្ខាបទជាបន្តបន្ទាប់នេះ ក៏មានក្រុមអតីតសង្ឃមួយចំនួន បានផ្ដួចផ្ដើមបង្កើតជាសមាគមមួយ គឺសមាគមអតីតអ្នកបួសខ្មែរ។

សមាគមអតីតអ្នកបួសខ្មែរ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការក្នុងបញ្ជីសមាគម នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ បើតាមសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ គឺបានណែនាំដល់សមាគមអតីតអ្នកបួសខ្មែរ ត្រូវធ្វើសកម្មភាព និងបំពេញកាតព្វកិច្ចស្របតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន លក្ខន្តិកៈរបស់សមាគមនេះ ដោយមិនមានការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ។
សមាគមអតីតអ្នកបួសខ្មែរ នឹងក្លាយជាស្ពានមួយដ៏សំខាន់សម្រាប់អតីតអ្នកបួស និងអ្នកមិនធ្លាប់បួស ក្នុងការស្វែងយល់ពីគ្នា ក៏ដូចជាជួយគ្នាក្នុងឋានៈជាមនុស្សរួមសង្គម។ សមាគមអតីតអ្នកបួសខ្មែរ មានគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ បំណិនជីវិត ជំនាញ និងឱកាសពង្រីកទំនាក់ទំនង ដោយមិនរើសអើងនិន្នាការនយោបាយឡើយ។ ជាចក្ខុវិស័យរបស់សមាគមនេះ គឺចង់ឃើញអ្នកបួសខ្មែរមានសាមគ្គីភាពគ្នា មានលទ្ធភាពរស់នៅថ្លៃថ្នូរ និងជាគំរូល្អក្នុងសង្គមជាតិ។

សព្វថ្ងៃ សមាគមអតីតអ្នកបួស ស្ថិតក្រោមការដឹកនាំដោយលោក ហឿន សំនៀង ជាប្រធានក្រុមប្រឹក្សាភិបាល អមដោយអនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលមួយចំនួនទៀត ដែលសុទ្ធសឹងតែជាអតីតភិក្ខុសង្ឃ។ លោក ហឿន សំនៀង ធ្លាប់បួសជាសង្ឃជាង២០ឆ្នាំ ហើយលោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រង នៃសាកលវិទ្យាល័យ St. Ambrose និងថ្នាក់បរិញ្ញាបត្រជាន់ជាន់ខ្ពស់រដ្ឋបាលសាធារណ: នៃសកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក។ បច្ចុប្បន្ន អតីតអ្នកបួសរូបនេះ កំពុងកាន់ជានាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។
បើនិយាយអំពីរចនាសម្ព័ន្ធគ្រប់គ្រងរបស់សមាគមអតីតអ្នកបួសខ្មែរ គឺមានអគ្គលេខាធិការដ្ឋានមួយ ជាសេនាធិការ ដែលមានការបែងចែកជាផ្នែកទទួលខុសត្រូវមួយចំនួន ជាអាទិ៍ ផ្នែកផែនការ ផ្នែកនីតិកម្ម ផ្នែកអប់រំ ផ្នែកអាជីព និងការងារ ផ្នែកព័ត៌មាន និងផ្នែកសង្គមកិច្ច ជាដើម។
ជាមួយគ្នានេះ ក៏មានអតីតអ្នកបួសមួយចំនួនធ្វើជាទីប្រឹក្សារបស់សមាគម ដូចជា លោក សាន សុជា លោក ឆាត សុឆេត លោក ទូច គីមស្រ៊ាង ឧកញ៉ា យ៉ន សេងហាន ឧកញ៉ា ផន វណ្ណិត និងបណ្ឌិត ឃី សុវណ្ណរតនា ដែលជាអតីតសម្ដេចសង្ឃមួយរូប ទើបលាចាកសិក្ខាបទ កាលពីពេលថ្មីៗនេះផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ