ព័ត៌មានជាតិ
តើអ្នកណាខ្លះ ដែលអាចទទួលបានគោរមងារពីរាជបណ្ឌិត្យសភាកម្ពុជា?
ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ជាអ្នកមុខការក្នុងការលើកសំណើកំណត់ក្របខណ្ឌគោរមងារនៃរាជបណ្ឌិត្យសភាកម្ពុជា។ គោរមងារនៃរាជបណ្ឌិត្យសភាកម្ពុជាត្រូវបានបែងចែកជា២ប្រភេទ គឺគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយស។ តើអ្នកណាខ្លះ ដែលអាចទទួលបានគោរមងារពីរាជបណ្ឌិត្យសភាកម្ពុជា?
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-945-edited.png)
ព្រះរាជក្រឹត្យស្ដីពីក្របខណ្ឌគោរមងារនៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០១៨ បានកំណត់ថា គោរមងារវិទ្យាសាស្ត្រ មានចំនួន៣កម្រិត គឺគោរមងារ «អគ្គមហាបណ្ឌិតសភាចារ្យទិសាបាមោក្ខ» គោរមងារ «អគ្គបណ្ឌិតសភាចារ្យ» និងគោរមងារ «បណ្ឌិតសភាចារ្យ»។
«អគ្គមហាបណ្ឌិតសភាចារ្យទិសាបាមោក្ខ» ជាគោរមងារវិទ្យាសាស្ត្រខ្ពស់បំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលត្រូវជូនឥស្សរជនកំពូលរបស់កម្ពុជាតែមួយរូបគត់។ គោរមងារ «អគ្គមហាបណ្ឌិតសភាចារ្យទិសាបាមោក្ខ» នេះ គឺមិនទាន់ត្រូវបានផ្ដល់ជូនឥស្សរជនណាម្នាក់ឡើយ មកទល់ពេលនេះ។ រីឯ «អគ្គបណ្ឌិតសភាចារ្យ» ជាគោរមងារវិទ្យាសាស្ត្រ ដែលត្រូវផ្ដល់ជូនប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ។ បច្ចុប្បន្ន គោរមងារនេះ ត្រូវបានផ្ដល់ជូនលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ។
ចំណែក «បណ្ឌិតសភាចារ្យ» ជាគោរមងារវិទ្យាសស្ត្រ ដែលសម្រាប់ប្រគល់ជូនសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា ទៅតាមលក្ខខណ្ឌកំណត់ដោយលិខិតបទដ្ឋានគតិយុត្តជាធរមាន។ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ក៏ទទួលបានគោរមងារជាបណ្ឌិតសភាចារ្យនេះដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-946-edited.png)
ដោយឡែក កម្រិតនៃគោរមងារកិត្តិយស រួមមាន «កិត្តិព្រឹទ្ធបណ្ឌិត» «កិត្តិបរិរក្សបណ្ឌិត» «កិត្តិសេដ្ឋាបណ្ឌិត» «កិត្តិសង្គហបណ្ឌិត» «កិត្តិនីតិកោសលបណ្ឌិត» «កិត្តិឧទ្ទេសបណ្ឌិត» និងគោរមងារ «កិត្តិបណ្ឌិត»។
«កិត្តិព្រឹទ្ធបណ្ឌិត» ជាគោរមងារកិត្តិយសខ្ពស់បំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា។ បុគ្គលដែលអាចទទួលបានគោរមងារនេះ គឺជាវរជនខ្មែរមានគុណបំណាច់ និងស្នាដៃធំធេងចំពោះជាតិក្នុងការធ្វើឱ្យរស់ឡើងវិញ និងអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងវប្បធម៌ ព្រមទាំងការទទួលស្គាល់ជាអន្តរជាតិលើវិស័យមនុស្សធម៌ ក៏ដូចជាការលើកកម្ពស់សិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ។
«កិត្តិបរិរក្សបណ្ឌិត» ជាគោរមងារកិត្តិយស សម្រាប់ប្រគល់ជូនដល់វរជនខ្មែរ ដែលបានបម្រើជាតិចាប់ពី ៤០ឆ្នាំឡើង ហើយមានគុណបំណាច់ និងស្នាដៃក្នុងការដឹកនាំ គ្រប់គ្រង និងថែរក្សាឧត្តមប្រយោជន៍ជាតិលើវិស័យវិទ្យាសាស្ត្រសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ មនុស្សធម៌ អប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស។
«កិត្តិសេដ្ឋាបណ្ឌិត» ជាគោរមងារកិត្តិយស ដែលផ្ដល់ជូនវរជនខ្មែរ ដែលបានបម្រើជាតិចាប់ពី ៣០ឆ្នាំឡើង ហើយមានគុណបំណាច់ និងស្នាដៃចំពោះប្រទេសជាតិលើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងការអភិវឌ្ឍ។ រីឯ «កិត្តិសង្គហបណ្ឌិត» ជាគោរមងារកិត្តិយសមួយ សម្រាប់ផ្ដល់ជូនវរជនខ្មែរ ដែលបានបម្រើជាតិចាប់ពី ៣០ឆ្នាំឡើង ហើយមានគុណបំណាច់ និងស្នាដៃចំពោះជាតិលើវិស័យសង្គមកិច្ច វប្បធម៌ និងមនុស្សធម៌។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-947-edited.png)
មិនខុសគ្នានេះដែរ «កិត្តិនីតិកោសលបណ្ឌិត» ជាគោរមងារកិត្តិយសមួយទៀតនៃរាជបណ្ឌិត្យសភាកម្ពុជា។ បុគ្គលអាចទទួលបានគោរមងារនេះ គឺជាវរជនខ្មែរ ដែលបានធ្វើការបម្រើជាតិចាប់ពី ៣០ឆ្នាំឡើង ហើយមានគុណបំណាច់ និងស្នាដៃចំពោះជាតិលើវិស័យច្បាប់ យុត្តិធម៌ និងតុលាការ។
គោរមងារ «កិត្តិឧទ្ទេសបណ្ឌិត» ផ្ដល់ជូនវរជនខ្មែរមានស្នាដៃ និងចំណេះដឹងខ្ពង់ខ្ពស់ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ សិក្សាធិការ និងសង្គម-វប្បធម៌។ គោរមងារកិត្តិយសចុងក្រោយគេនៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិបណ្ឌិត» គ្រាន់តែជាសញ្ញាបត្រកិត្តិយសមួយសម្រាប់ប្រគល់ឱ្យឥស្សរជន ឬបញ្ញាវន្ត ទាំងជនជាតិ ទាំងបរទេស ដែលមានគុណបំណាច់ និងស្នាដៃជាប្រយោជន៍ចំពោះជាតិមាតុភូមិក្នុងការអភិវឌ្ឍសង្គម វប្បធម៌ សាសនា និងសេដ្ឋកិច្ចជាតិ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-948-1024x614.png)
លើសពីនេះ ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ក៏អាចស្នើសុំបង្កើតឱ្យមានគោរមងារផ្សេងទៀតបានផងដែរ ដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ។ ជាក់ស្ដែង តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់៕
ដោយ៖ ធឿន វ៉ាន់សុង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៥ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៥ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ