ព័ត៌មានជាតិ
បុគ្គលជំនាន់ដើម ៥ រូប បន្សល់ស្នាដៃលេចធ្លោបន្តដល់កូនខ្មែរជំនាន់ក្រោយ
ច្បាស់ណាស់ថា មហាជននិងអ្នកជំនាន់ក្រោយមួយភាគធំបានស្គាល់ពីបុគ្គលជំនាន់ដើមមួយចំនួន ដែលបានបន្សល់ទុកស្នាដៃមួយចំនួន ទាំងផ្នែកចំណេះដឹង ការតែងនិពន្ធ កំណាព្យ សំណង់ស្ថាបត្យកម្ម ផ្នែកសិល្បៈសម្រាប់កូនខ្មែរបានស្គាល់រហូតដល់សព្វថ្ងៃ។
«កម្ពុជាថ្មី» នឹងលើកយកបុគ្គលជំនាន់ដើម ៥រួប ក្នុងចំណោមបុគ្គលជំនាន់ដើមល្បីៗជាច្រើនរូបទៀត មកបង្ហាញពីចំណេះដឹង ស្នាដៃ ដែលទទួលបានការទទួលស្គាល់ និងការផ្តល់តម្លៃដល់បច្ចុប្បន្ន។

បុគ្គលជំនាន់ដើម ៥រូបដែលយើងនឹងលើកយកមកបង្ហាញនោះរួមមាន៖
១. សម្ដេចព្រះសង្ឃរាជ ជួន ណាត

សម្ដេចព្រះសង្ឃរាជ ជួន ណាត ប្រសូតនៅថ្ងៃទី១១ ខែមិនា ឆ្នាំ១៨៨៣ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្តេចព្រះសង្ឃរាជ គឺជាអ្នកប្រាជ្ញខាងអក្សរសាស្ត្រខ្មែរមួយរូប ដែលមានល្បីល្បាញតាមរយៈស្នាដៃតែងនិពន្ធ ការប្រែភាសាបាលី មកជាភាសាខ្មែរ សំស្ក្រឹត និងគម្ពីរស្លឹករឹតជាច្រើន។ ពិសេសគឺ វចនានុក្រមខ្មែរដែលបានបន្សល់ទុកដល់កូនខ្មែរ យុវជន និងមនុស្សគ្រប់ស្រទាប់វណ្ណៈប្រើប្រាស់ និងទទួលស្គាល់រហូតដល់បច្ចុប្បន្ននេះ។
១. បណ្ឌិតសាស្ត្រាចារ្យ កេង វ៉ាន់សាក់

បណ្ឌិតសាស្ត្រាចារ្យ កេង វ៉ាន់សាក់ កើតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥។ លោក ត្រូវបានគេស្គាល់ថា ជាអ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើប្រាស់នៅក្នុងម៉ាស៊ីនអង្គុលីលេខ និងធ្លាប់បាននិពន្ធសៀវភៅស្រាវជ្រាវវប្បធម៌ អក្សរសាស្ត្រ និងល្ខោន កំណាព្យ និងរឿងខ្លីៗជាច្រើនតាំងពីទសវត្សរ៍ ១៩៤០។ លោក កេង វ៉ាន់សាក់ ក៏បានបង្កើតនៅស្នាដៃជាច្រើនដូចជារឿង សាច់មិនបានស៊ី យកឆ្អឹងព្យួរក, អន្ទិតគោលោត, ចិត្តក្រមុំ, គុកកាមកិលេស, ល្បែងល្បោយ, ខ្មែរស្លាប់ ខ្មែររស់។ បន្ថែមនេះ ក៏នៅមានជាប្រភេទអត្ថបទនៃនិក្ខេបបទ វប្បធម៌ខ្មែរដ៏ល្អកម្ររកបាន និងកំណាព្យជាភាសាបារាំងជាដើម។
៣. វណ្ណ មូលីវ៉ាន់

លោក វណ្ណ មូលីវ៉ាន់ កើតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅខេត្តកំពត។ លោកគឺជាស្ថាបត្យករជើងចាស់មួយរូបដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ដែលបានរួមចំណែកជាច្រើនក្នុងស្ថាបត្យកម្មហៅថា ស្ថាបត្យកម្មខ្មែរទំនើបនៅក្នុងសម័យសង្គមរាស្ត្រនិយម (១៩៥៥–១៩៧០) ក្រោមព្រះរាជកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហនុ។
លោក វណ្ណ មូលីវ៉ាន់ បានសាងសំណង់ជាច្រើននៅក្នុងប្រទេសខ្មែរក្រោមគំនិតស្នាដៃនៃការច្នៃប្រឌិត និងបានបន្សល់ទុកជាប្រវត្តិសាស្ត្រមួយដល់កម្ពុជា និងយុវជនខ្មែរជំនាន់ក្រោយ។ ស្នាដៃនៃស្ថាបត្យករជើងចាស់រូបនេះរួមមាន សាលសន្និសីទចតុមុខ, វិមានឯករាជ្យ, ពហុកីឡាដ្ឋានជាតិអូឡាំពិក, សាលមហោស្រពព្រះសុរាម្រិត, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, វិទ្យាស្ថានភាសាបរទេស, ទីស្តីការគណៈរដ្ឋមន្ត្រីចាស់, សំណង់ផ្ទះ ១០០ខ្នង និងវិមានរដ្ឋចំការមន ជាដើម។
៤. លោក ស៊ិន ស៊ីសាមុត

កិត្តិនាមក៏ដូចជាកេរ្តិ៍ឈ្មោះដ៏ល្បាញរបស់លោក ស៊ិន ស៊ីសាមុត ត្រូវបានមហាជនជាច្រើននៅក្នុងប្រទេសកម្ពុជាបានស្គាល់តាមរយៈទឹកដមសំឡេងដ៏ក្រអួនក្រអៅពីរោះរណ្ដំចិត្ត គួបផ្សំនឹងបទចម្រៀងមនោសញ្ចេតនាគ្រប់រសជាតិយ៉ាងអន្លង់អន្លោច ស្ទើរគ្រប់ទម្រង់ដែលមានទាំងសប្បាយ កម្សត់ ខ្លោចផ្សាផ្សេងៗ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងជាមួយដៃគូអ្នកនិពន្ធដ៏ទៃទៀតក្នុងជំនាន់នោះ។ លោកតាស៊ិន ស៊ីសាមុត កើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៣ នៅខេត្តស្ទឹងត្រែង ហើយដោយសារទឹកដមសំឡេងដ៏ល្អក្រអួនក្រអៅបែបនេះហើយ លោកតាមានរហស្សនាមថាជា អធិរាជសំឡេងមាស ដែលត្រូវបានបំពាក់មេដៃមាសកិត្តិយសពីព្រះមហាក្សត្រកម្ពុជាព្រះបាទនរោត្តម សីហនុ។
កេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់លោកតា ស៊ិន ស៊ីសាមុត រហូតមកដល់ពេលបច្ចុប្បន្ននៅតែដក់ជាប់ក្នុងការចងចាំ និងគោរពពីសំណាក់សិល្បករ-សិល្បការិនី និងមនុស្សស្ទើរតែគ្រប់ស្រទាប់វណ្ណៈ។
៥. លោក នូ ហាច

លោក នូ ហាច កើតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩១៦ ស្ថិតនៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ លោកគឺជាអ្នកនិពន្ធមួយរូបដែលកេរ្តិ៍ឈ្មោះ តាមរយៈស្នាដៃតែងនិពន្ធជាច្រើនជាពិសេសរឿងផ្កាស្រពោនដែលជាស្នាដៃដំបូងរបស់លោក ហើយត្រូវបានក្រសួងអប់រំជាតិ ដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សានៅមធ្យមសិក្សាតាំងពីឆ្នាំ១៩៥៨។
ក្រៅពីនេះលោកក៏នៅមានស្នាដៃតែងនិពន្ធសំខាន់ៗជាច្រើនទៀតដូចជា រឿងនារីជាទីស្រលាញ់, លាវ័ណ្យ និងរវន្ត និងមាលាដួងចិត្តជាដើម៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី