ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានប្រគល់ទីលានចាក់សំរាមតម្លៃជាង ១លានដុល្លារដល់រដ្ឋបាលខេត្តស្វាយរៀង
(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមប្រគល់-ទទួលទីលានទុកដាក់សំរាមសំណល់រឹង នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលចំណាយថវិកាសាងសង់អស់ប្រមាណជាង ១លានដុល្លារ នៅលើផ្ទៃដីជាង៤ហិកតា និងបានប្រគល់រថយន្ត ម៉ូតូរ៉ឺម៉ក សម្រាប់ដឹកសំរាមផងដែរ។

លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង បានលើកឡើងថា ការបង្កើតឲ្យមានទីលានទុកដាក់សំរាមត្រឹមត្រូវ ជួយឱ្យមូលដ្ឋានមានសោភ័ណភាពល្អ បរិស្ថានល្អ និងបញ្ជៀសការចោលសំរាម ពាសវាលពាសកាល ហើយចាប់ពីពេលនេះតទៅ។ លោកក៏បាន ស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីឲ្យអ្នកប្រមូលសំរាមយកទៅចាក់នៅទីលានដែលមានសុវត្ថិភាព។

លោក សេង សីលា បានបន្តថា ដើម្បីឲ្យការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ទាមទារឲ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម ក្នុងការផ្ដល់សេវាដល់ក្រុមហ៊ុន ដើម្បីមានលទ្ធភាពក្នុងការប្រមូលសំរាមផងដែរ។ ហើយទីលាននេះក៏បានបង្កើតឲ្យប្រជាពលរដ្ឋមានការងារធ្វើមួយចំនួនទៀត ព្រោះមានតម្រូវការបុគ្គលិក ញែកសំរាមប្រមូលបញ្ចូលទៅដាក់រណ្តៅសំរាមថែមទៀត ដូច្នេះមិនត្រឹមតែជួយអនាម័យ បរិស្ថានក្រុងបានស្អាតទេ ថែមទាំងជួយផ្តល់ការងារដល់ពលរដ្ឋបន្ថែមទៀតដែរ។

លោកអភិបាលរងខេត្ត ក៏បានជំរុញឲ្យប្រជាពលរដ្ឋ ព្រមទាំងមន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដីទាំងអស់យកចិត្តទុកដាក់ក្នុងការធ្វើអនាម័យបរិស្ថានឲ្យបានស្អាត ជាក្រុងគ្មានសំរាម ប្រកបដោយពណ៌បៃតងស្រស់បំព្រង ដែលជាការទាក់ទាញដល់ភ្ញៀវទេសចរណ៍នានាមកកំសាន្ត និងស្នាក់នៅប្រកបដោយផាសុខភាព។

ក្នុងឪកាសនោះដែរលោក សៅ សុភាព បានថ្លែងថា បញ្ហាបរិស្ថានត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថានយកចិត្តទុកដាក់ ហើយបានដាក់ចេញឲ្យអនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេសនូវគោលនយោបាយ គ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ដើម្បី ពង្រឹង និង ដោះស្រាយបញ្ហាគ្រប់គ្រងសំរាម និងសំណល់រឹងនៅទីប្រជុំជនឱ្យមានប្រសិទ្ធភាព និងមានសុវត្ថិភាពបរិស្ថាន ខណៈអត្រាបរិមាណសំរាមក្នុងមួយឆ្នាំៗមានការកើនឡើងជាបន្តបន្ទាប់។
បន្ថែមលើសពីនេះលោក សៅ សុភាព ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមលើកកម្ពស់សុខុមាលភាព អនាម័យ សោភ័ណភាពទីក្រុង ទីប្រជុំជន បរិស្ថានស្អាត និងការគ្រប់គ្រងសំរាម សំណល់រឹងឲ្យបានត្រឹមត្រូវ កុំដុតសំរាមផ្ដេសផ្ដាស ដែលនាំឱ្យប៉ះពាល់ដល់បរិស្ថានការរស់នៅ និងជះក្លិនមិនល្អ នាំឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ៕
ដោយ: អ៊ុង ភក្ដី





-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៥ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា