ព័ត៌មានជាតិ
តើក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានស្ពានឆ្លងកាត់ទន្លេចំនួនប៉ុន្មាន?
គិតត្រឹមខែសីហា ឆ្នាំ២០២៣នេះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានស្ពានឆ្លងកាត់ទន្លេដែលសាងសង់រួចរាល់ចំនួន៦ស្ពាន និងកំពុងសាងសង់ ១ស្ពាន ហើយត្រៀមសាងសង់ចំនួន៣ស្ពានបន្ថែមទៀត។ ស្ពានទាំងនោះ មានដូចជា៖
![](https://www.kampucheathmey.com/wp-content/uploads/2023/08/39385454501_b213ed3e58_o-1024x576.jpg)
១/ស្ពានព្រះមុន្នីវង្សចាស់
ស្ពានព្រះមុន្នីវង្សចាស់ សាងសង់ឡើងដំបូងឆ្នាំ១៩២៨ ដែលមានប្រវែង២៦៩ម៉ែត្រ សម្ពោធឱ្យប្រើប្រាស់ដោយព្រះបាទមុន្នីវង្ស។ ក្នុងឆ្នាំ១៩៦៤ ស្ពាននេះ មានសភាពទ្រុឌទ្រោមខ្លាំង តម្រូវឱ្យសាងសង់ថ្មីឡើងវិញ។ ស្ពានមុន្នីវង្សចាស់ ត្រូវបានជួសជុលឡើងវិញជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ពលរដ្ឋដែលតែងធ្វើដំណើរពីផ្ទៃម្ខាងនៃទន្លេបាសាក់ចូលមករាជធានីភ្នំពេញ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image_2023-08-16_11-41-49-1024x576.png)
២/ស្ពានកម្ពុជា-ជប៉ុនជ្រោយចង្វា
ស្ពានកម្ពុជា-ជប៉ុនជ្រោយចង្វារទី១ ឬ នីហុនបាស៊ី សាងសង់នៅឆ្នាំ១៩៦៣ មានប្រវែង៩៧០ម៉ែត្រ លាតសន្ធឹងកាត់លើទន្លេសាប រាជធានីភ្នំពេញ។ កំឡុងសង្គ្រាមឆ្នាំ១៩៧២ ស្ពាននេះ ត្រូវគេបំផ្ទុះគ្រាប់បែក ដើម្បីកុំឱ្យដឹកស្បៀងចូលរាជធានីភ្នំពេញបាន។ ព្រោះតែជាស្ពាននេះ មានសារៈតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តនានានៃភាគឦសាននៃប្រទេស ហើយជាស្ពានមានអត្ថន័យជានិមិត្តរូបកម្ពុជា-ជប៉ុនផង នៅឆ្នាំ១៩៩២ ជប៉ុនបានជួសជុលតភ្ជាប់ស្ពានឡើងវិញ និងដាក់ឲ្យដំណើរការនៅឆ្នាំ១៩៩៤។ ដោយសារតែមានអាយុកាលច្រើន នៅឆ្នាំ២០១៧ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណងចំនួន៣០លានដុល្លា ដើម្បីជួសជុលឡើងវិញ។ ក្រោយជួសជុលរយៈពេលជាងមួយឆ្នាំ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន បានដាក់ឱ្យប្រើប្រាស់ឡើងវិញនៅពាក់កណ្ដាលខែមេសា ឆ្នាំ២០១៩។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image_2023-08-16_11-51-08.png)
៣/ស្ពានព្រះមុន្នីវង្សថ្មី
ស្ពានព្រះមុន្នីវង្សថ្មី ឬស្ពានច្បារអំពៅ ជាស្ពានដែលមានប្រវែង២៦៨ម៉ែត្រ ទទឹង ១៤ម៉ែត្រលាងសន្ធឹងឆ្លងកាត់ផ្ទៃទន្លេបាសាក់។ ស្ពាននេះ បើកការដ្ឋានសាងសង់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០០៦ និងបានបើកសម្ពោធប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៩។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image_2023-08-16_10-31-18.png)
៤/ស្ពានព្រែកព្នៅ
ស្ពានព្រែកព្នៅ ជាប្រភេទស្ពានបេតុងលាតសន្ធឹងឆ្លងកាត់ទន្លេសាបប្រវែង ៩៩៦ម៉ែត្រ ទទឹង១៤ម៉ែត្រ វិនិយោគ និងសាងសង់ដោយក្រុមហ៊ុន លីយ៉ុងផាត់គ្រុប។ ស្ពាននេះ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០១០ ក្រោមលក្ខខណ្ឌគិតប្រាក់ពីអ្នកធ្វើដំណើរឆ្លងកាត់។ ដើម្បីលើកស្ទួយជីវភាពប្រជាជន រដ្ឋាភិបាលកម្ពុជាបានទិញស្ពាននេះ ហើយដាក់ឱ្យធ្វើដំណើរដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១៥ ខែតុលាឆ្នាំ២០១៧ រហូតមក។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image_2023-08-16_10-27-53-1024x576.png)
៥/ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារ
ស្ពានមិត្តភាពកម្ពុជា-ចិន ឬ ស្ពានជ្រោយចង្វារទី២ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែតុលា ឆ្នាំ២០១៥ ក្រោយត្រូវបានបើកការដ្ឋានសាងសង់រយៈពេល៣៨ខែ គឺក្នុងឆ្នាំ២០១១។ ស្ពានជ្រោយចង្វារទី២ ដែលមានប្រវែង ៧១៩ម៉ែត្រ បានចំណាយថវិកាសាងសង់ប្រមាណជាង ២៧លានដុល្លារ ជាកម្ចីឥណទានរបស់រដ្ឋាភិបាលចិន។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image_2023-08-16_10-26-39.png)
៦/ស្ពានបេតុងខ្សែកាបឬស្សីកែវ
ស្ពានបេតុងខ្សែកាបឬស្សីកែវ ជាប្រភេទស្ពានបេតុងប្រវែង៦៤២ម៉ែត្រ ទទឹង២០.៥ម៉ែត្រ។ ស្ពាននេះសាងសង់ដោយក្រុមហ៊ុនOCIC ប្រើរយៈពេលសាងសង់ចំនួន៦៨ខែ ចំណាយថវិកាសាងសង់ចំនួន ៣៥លានដុល្លាអាមេរិក។ ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាបដែលតភ្ជាប់ពីខណ្ឌឬស្សីកែវទៅតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារនេះ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/109787-11-1024x640.jpg)
៧/ស្ពានបេតុងខ្សែកាបកោះពេជ្រ កោះនរា
ស្ពានបេតុងខ្សែកាបកោះពេជ្រ-កោះនរា ស្ថិតក្នុងដំណាក់កាលកំពុងសាងសង់។ ស្ពាននេះ មានប្រវែង ៨២៤ ម៉ែត្រ កម្ពស់ ៧០ម៉ែត្រ ជាស្ពានបេតុងខ្សែកាប លាតសន្ធឹងឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា ចំណាយទុនវិនិយោគ ៣៨លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនOCIC ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ កន្លងមក លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញធ្លាប់បានឡើងថា ក្រុមការងារសាងសង់ស្ពានកំពុងពន្លឿនការសាងសង់ស្ពាននេះឱ្យរួចរាល់ ដើម្បីឱ្យពលរដ្ឋបានប្រើប្រាស់មុនព្រះរាជពិធីបុណ្យអុំទូក។
ក្រៅពីស្ពានដែលសាងសង់រួចរាល់ និងកំពុងសាងសង់ចំនួន៧ខាងលើ រដ្ឋាភិបាលបានរៀបចំគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ដែលនឹងចំណាយថវិកាជិត២៥០លានដុល្លារ។ បើតាមគម្រោងសាងសង់ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងត្រូវសាងសង់ជា២ស្ពាន។ ស្ពានទី១ ឆ្លងកាត់ទន្លេសាប ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី ឆ្លងទៅត្រើយម្ខាងជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា និងស្ពានទី ២ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា ឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រ ។ ចំពោះគម្រោងសាងសង់ស្ពានទាំង២នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានលើកឡើងថា នៅមិនទាន់កំណត់ថ្ងៃបើកការដ្ឋានសាងសង់នៅឡើយទេ ពីព្រោះតែត្រូវដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ និងស្វែងរកក្រុមហ៊ុនសាងសង់។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/ស្ពានឆ្លងកាត់ទន្លេ-1024x614.jpg)
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់លើកឡើងថា រដ្ឋាភិបាល មានគម្រោងអាទិភាពសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ប្រវែង៨៤៥ម៉ែត្រ ភ្ជាប់ពីតំបន់ចាក់អង្រែទៅកាន់តំបន់ព្រែកប្រា ដែលនឹងចំណាយថវិការសាងសង់ប្រមាណ ៦០លានដុល្លាអាមេរិក។
ជាការគត់សម្គាល់ ស្ពានឆ្លងកាត់ទន្លេ បានក្លាយជាមធ្យោបាយដ៏សំខាន់មិនអាចខ្វះបានសម្រាប់សម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ដែលរស់នៅតាមបណ្ដាខេត្តផ្ទៃម្ខាងនៃទន្លេសាប និងទន្លេបាសាក់ចូលមកភ្នំពេញ និងចេញពីភ្នំពេញទៅវិញយ៉ាងមានសុវត្ថិភាព ចំណេញពេលវេលា ព្រមទាំង ចំណេញថវិកា៕
ដោយ៖ ង៉ិល ណារ៉ាត់
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?