ព័ត៌មានជាតិ
រំលេចស្នាដៃធំៗសម្តេច ស ខេង ដឹកនាំជាង ៣០ ឆ្នាំនៅក្រសួងមហាផ្ទៃ
លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានលើកអំពីសមិទ្ធផលធំៗចំនួន ៨ ដែលសម្តេចក្រឡាហោម ស ខេង បានខិតខំពុះពារសម្រេចបានក្នុងរយៈពេលជាង ៣០ ឆ្នាំ ក្នុងការដឹកនាំនៅក្រសួងមហាផ្ទៃ។
លោក សក់ សេដ្ឋា បានបញ្ជាក់ថា ក្នុងរយៈពេលជាង ៣០ ឆ្នាំ សម្តេចក្រឡាហោម ស ខេង បានដឹកនាំក្រសួងមហាផ្ទៃ ឱ្យក្លាយទៅជាស្ថាប័នមួយដែលរឹងមាំ អាចរ៉ាប់រងអនុវត្តសម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិនិងប្រជាជន។

លោករដ្ឋលេខាធិការបានរំលេចស្នាដៃធំៗចំនួន ៨ របស់សម្តេចក្រឡាហោម ស ខេង រួមមាន៖
១. ដឹកនាំកសាង ពង្រឹងកងកម្លាំងនគរបាលជាតិប្រកបដោយជំនាញវិជ្ជាជីវៈ សីលធម៌ ដើម្បីធ្វើជាកម្លាំងបង្អែកដ៏រឹងមាំរបស់ប្រជាជន ក្នុងការចូលរួមថែរក្សា ពង្រឹងសុខសន្តិភាព និងការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពរបស់សង្គមជាតិទាំងមូលគ្រប់កាលៈទេសៈ សំដៅចូលរួមបន្តបរិយាកាសអនុគ្រោះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ។
២. ដឹកនាំកងកម្លាំងនគរបាលជាតិសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចនានា ដើម្បីរក្សាការពារបានយ៉ាងរឹងមាំនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង និងចូលរួមអភិវឌ្ឍ ប្រែក្លាយតំបន់ព្រំដែនពីអតីតសមរភូមិ តំបន់ដាច់ស្រយាល ទៅជាតំបន់ដែលកំពុងមានការរីកចម្រើន ប្រកបដោយភាពទាក់ទាញ។
៣. ដឹកនាំការកែសម្រួល និងបំពេញរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងជនបរទេស និងជនអន្តោប្រវេសន៍ នៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់់ ដើម្បីចូលរួមពង្រឹងសន្តិសុខជាតិ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
៤. ដឹកនាំការកែសម្រួល និងពង្រឹងរចនាសម្ព័ន្ធ ដើម្បីចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ ចូលរួមរក្សាការពារសិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋ ដែលចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈ សេវាសង្គម និងចូលរួមលើកកម្ពស់ប្រសិទ្ធភាពការងារតាមវិស័យនានា។
៥. ដឹកនាំសម្របសម្រួល ជំរុញ និងកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ពីប្រព័ន្ធគ្រប់គ្រងតាមបែបមជ្ឈការ មកជាប្រព័ន្ធគ្រប់គ្រងរដ្ឋបាលតាមបែបប្រជាធិបតេយ្យវិសហមជ្ឈការ ធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទទួលបានមុខងារ និងធនធានកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងភាពជាម្ចាស់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួមលើកកម្ពស់ការអភិវឌ្ឍសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន សំដៅឆ្លើយតបសេចក្តីត្រូវការតាមមូលដ្ឋាន ដែលជាការពង្រឹងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋតាមសហគមន៍នានា ទូទាំងប្រទេស។
៦. ដឹកនាំរៀបចំច្បាប់ លិខិតបទដ្ឋាន នីតិវិធី សម្រាប់ប្រជាពលរដ្ឋ និងការរៀបចំចុះបញ្ជីគណបក្សនយោបាយ សមាគមន៍ អង្គការក្រៅរដ្ឋាភិបាល ដើម្បីធានា ការពារ និងលើកស្ទួយសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការពារប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។
៧. ផ្អែកតាមគោនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោមបានដឹកនាំក្រសួងមហាផ្ទៃ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរជាមួយអង្គការអន្តរជាតិ និងប្រទេសនានាទាំងក្នុងតំបន់ និងសកលលោក ចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួញដូរមនុស្ស ការងារសម្អាតប្រាក់ ការចូលរួមប្រយុទ្ធប្រឆាំងការរីកសាយភាយនៃអាវុធមហាប្រល័យ និងការងារជាច្រើនទៀតដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។
៨. សម្តេចក្រឡាហោម ស ខេង បានផ្តួចផ្តើមដឹកនាំកសាងអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃដ៏ធំស្កឹមស្កៃ ដែលកសាងឡើងដោយក្បូរក្បាច់រចនាបែបខ្មែរយ៉ាងល្អ ហើយសម្តេចតែងតែយកចិត្តទុកដាក់ត្រួតពិនិត្យ ដឹកនាំណែនាំដោយផ្ទាល់ សម្រាប់ឱ្យមន្ត្រីបំពេញការងារប្រកបដោយប្រសិទ្ធភាព។
លោក សក់ សេដ្ឋាបានបន្ថែមថា ក្រៅពីសមិទ្ធផលខាងលើ ក៏មានសមិទ្ធិផលជាច្រើនទៀតដែលក្រសួងមហាផ្ទៃសម្រេចបាន ក្រោមការដឹកនាំ ប្រឹងប្រែង ពុះពាររបស់សម្តេចក្រឡាហោមផងដែរ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមហាផ្ទៃកាលពីម្សិលមិញនេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សមិទ្ធផលនិងស្នាដៃដែលក្រសួងមហាផ្ទៃសម្រេចបានមិនមែនកើតឡើងដោយរូបសម្ដេចផ្ទាល់ម្នាក់ឯងនោះឡើយ ពោលគឺមានការចូលរួមខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ។
សម្ដេចក្រឡាហោមក៏ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងមន្ដ្រីគ្រប់ជំនាន់ ដែលបានចូលរួមទទួលខុសត្រូវជាមួយសម្ដេចក្នុងការដឹកនាំនិងចូលរួមបំពេញតួនាទី របស់ក្រសួងឱ្យសម្រេចបាននូវស្នាដៃជាច្រើនជូនជាតិនិងប្រជាជនកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ