ព័ត៌មានជាតិ
តើលក្ខខណ្ឌអ្វីខ្លះ ទើបទទួលបានប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលសម្រាប់ស្ត្រីមានផ្ទៃពោះ?
ចាប់ពីខែសីហា ឆ្នាំ២០២៣នេះទៅ ស្ត្រីមានផ្ទៃពោះ រហូតកូនមានអាយុ ២ឆ្នាំ នឹងទទួលបានប្រាក់ឧបត្ថម្ភទ្វេដង ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ប.ស.ស។ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃ ពោះនេះ តើត្រូវមានលក្ខខណ្ឌអ្វីខ្លះ?

បើតាមបេឡាជាតិរបបសន្តិសុខសង្គម ដែលហៅកាត់ថា ប.ស.ស លក្ខខណ្ឌទទួលបានប្រាក់ឧបត្ថម្ភនៅពេលស្ត្រីមានផ្ទៃពោះ និងកូនអាយុ ២ឆ្នាំ គឺលុះត្រាតែស្ត្រីមានផ្ទៃពោះនោះ ជាសមាជិក ប.ស.ស ជាពិសេសស្ត្រីដែលកំពុងបម្រើការ ងារនៅតាមរោងចក្រ-សហគ្រាសក្នុងវិស័យវាយនភណ្ឌ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ។ ទន្ទឹមនេះ សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ ត្រូវតែទទួលបានសេវាសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈ (មន្ទីរពេទ្យរដ្ឋ)។
បន្ទាប់មក ស្ត្រីមានផ្ទៃពោះត្រូវតែទៅដាក់ឯកសារស្នើសុំប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល នៅស្នាក់ការ ប.ស.ស ដែលនៅជិតលោកអ្នកបំផុត។ អ្វីដែលត្រូវចងចាំនោះ គឺដើម្បីបំពេញឯកសារស្នើសុំបាន ត្រូវមានភ្ជាប់ជាមួយនូវឯកសារសំខាន់ៗមួយចំនួន ជាអាទិ៍៖
– អត្តសញ្ញាណបណ្ណច្បាប់ដើម (មានសុពលភាព)
– បណ្ណសមាជិក ប.ស.ស. របស់ម្តាយ (មានសុពលភាព)
– លេខគណនីធនាគារ អេស៊ីលីដា
– ឯកសារពិនិត្យសុខភាពបញ្ជាក់អំពីអាយុភគ៌ (មុនសម្រាល ឬក្រោយសម្រាល) ដែលចេញដោយមូលដ្ឋានសុខាភិបាលសាធារណៈ (មន្ទីរពេទ្យរដ្ឋ)។

ក្រោយពេលដែលបានបំពេញតាមលក្ខខណ្ឌកំណត់ហើយនោះ ប.ស.ស. នឹងចាប់ផ្ដើមផ្ដល់ជូនប្រាក់ឧបត្ថម្ភជាបន្តបន្ទាប់ ដែលបែងចែកជា ៣ដំណាក់កាល ស្មើនឹងចំនួន ១៥លើក រហូដល់កូនមានអាយុ ២ឆ្នាំ។ ដំណាក់កាលទី១ ជាដំណាក់កាលដែលស្ត្រីទៅពិនិត្យផ្ទៃពោះចំនួន ៤ដង ដោយការពិនិត្យផ្ទៃពោះក្នុងមួយដងៗ នឹងទទួលបានប្រាក់ចំនួន ៨ម៉ឺនរៀល ។
ដំណាក់កាលទី២ ជានៅពេលសម្រាល ដែលនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន៨០ម៉ឺនរៀលសម្រាប់កូនមួយ បើក្នុងករណីកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភចំនួន១លាន២សែនរៀល ហើយបើកូនភ្លោះបី នឹងទទួលបានរហូតដល់១លាន ៦សែនរៀល ព្រមទាំងប្រាក់ឧបត្ថម្ភផ្ទាល់របស់សម្ដេចតេជោចំនួន៥លានរៀល។ ចំណែក ដំណាក់កាលទី៣ ជាដំណាក់ក្រោយសម្រាល រហូតកូនមានអាយុ ២ឆ្នាំ នឹងទទួលបានការឧបត្ថម្ភបន្ថែមចំនួន១០លើកទៀត ដោយក្នុងមួយលើកៗ ទទួលបានថវិកាចំនួន ៨ម៉ឺនរៀល។
លើសពីនេះ ស្រ្តីមានផ្ទៃពោះទាំងអស់ ដែលបានបំពេញគ្រប់លក្ខខណ្ឌរបស់ ប.ស.ស នឹងទទួលបានប្រាក់បំណាច់មាតុភាពចំនួន ១២០ភាគរយ នៃប្រាក់ឈ្នួល ដោយ ៥០ភាគរយទទួលបានពីម្ចាស់រោងចក្រ និង៧០ភាគរយបានពី ប.ស.ស ព្រមទាំងអត្ថប្រយោជន៍ផេ្សងៗជាច្រើនទៀតផងដែរ។

គោលនយោបាយជាយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើនប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ ចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់អាយុក្រោម ២ឆ្នាំ។ តាមរយៈគោលនយោបាយនេះ បានជួយជំរុញដល់ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីរបស់មាតា និងទារក ឱ្យស្របតាមគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត