ព័ត៌មានជាតិ
លោក អេង ឃន រៀបចំសម្ដែងល្ខោនយីកេកួយឡើងវិញ ដោយសារមិនចង់បាត់បង់អត្តសញ្ញាណ
វាលវែង គឺឈ្មោះភូមិមួយដែលស្ថិតនៅក្នុង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ កាលពីមុនភូមិនេះគេហៅឈ្មោះថា៖ “កន្សោមគ្រាល” តែដោយសារតែមានព្រៃវាលល្វឹងល្វើយដាច់កន្ទុយភ្នែក ទើបគេប្រែឈ្មោះភូមិនេះ ទៅជាភូមិវាលវែងវិញ។ ក្នុងនោះដែរ មានជនជាតិដើមភាគតិចកួយ បានរស់នៅភូមិវាលវែងនេះ ដោយរួមមានទាំងភាសា វប្បធម៌ និងមានទំនៀមទម្លាប់របស់ខ្លួនជាច្រើន។

លោក អេង ឃន អាយុ ៥៤ឆ្នាំ ជនជាតិដើមភាគតិចកួយ ជាអ្នកលេងយីកេកួយ រស់នៅក្នុងវាលវែងនោះ ដោយមានលោកមានប្រពន្ធ និងកូនប្រុសស្រី ៩នាក់។ ដើមឡើយ លោក និងប្រពន្ធ គឺជាអ្នកលេងយីកេកួយទាំងពីរនាក់ប្ដីប្រពន្ធ តែម្ដង។ តែបច្ចុប្បន្ន លោក និងប្រពន្ធ បានប្រកបមុខរបរធ្វើស្រែចំការ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃវិញ។

ប៉ុន្តែ ដោយសារតែមិនចង់បាត់បង់អត្តសញ្ញាណ របស់ជនជាតិដើមភាគតិចរបស់ខ្លួន ទើបលោកសម្រេចចិត្តរៀបចំសម្ដែងល្ខោនយីកេគួយនេះឡើងមក ដើម្បីឲ្យអ្នកជំនាន់ក្រោយបានស្គាល់ ជៀសវាងការបាត់បង់។ ក្នុងនោះដែរ លោក អេង ឃន បានរៀបចំបង្រៀនក្មេងៗក្នុងភូមិដូចជា៖ របៀបធ្វើស្គរ ក្បាច់រាំ និងបែបបទនៃការសម្ដែង ការច្រៀង និងសាច់រឿងដែលលោកចេះចាំ បន្តពីដូនតាមក។

ជាក់ស្ដែង របាំទាំងនោះមានឈ្មោះដូចជា៖ របាំបេះគុយ របាំរុំចន្លុះ របាំដាំស្រូវ និងរបាំវាយខែល ផ្សេងៗទៀត។ លោក អេង ឃន បន្ថែមទៀតថា មូលហេតុដែលលោក ចាប់ផ្ដើមបង្រៀនរបាំយីកេកួយឡើងវិញនេះ ព្រោះចង់ឲ្យក្មេងៗ និងយុវជនជំនាន់ក្រោយ បានស្គាល់ពីអត្តសញ្ញាណ ប្រពៃណី និងវប្បធម៌របស់ខ្លួន ជៀសវាងបាត់បង់អត្តសញ្ញាណដូនតា ជនជាតិដើមភាគតិចកួយ។

ជាមួយគ្នានេះដែរ កញ្ញា កន ស្រីនិត សមទ្ធិករផលិតភាពយន្តឯកសារជនជាតិដើមភាគតិចកួយ បានប្រាប់សារព័ត៌មានកម្ពុជាថ្មីដែរថា៖ ទោះបីកញ្ញាមិនមែនជាជនជាតិដើមភាគតិចកួយក៏ពិតមែន តែកញ្ញាមានគំនិតមួយក្នុងការផលិតរឿងខ្លី ស្ដីពី ជីវិត និងវប្បធម៌របស់ជនជាតិដើមភាគតិចកួយ ដើម្បីកុំឲ្យបាត់បង់ និងដើម្បីទុកជាភាពយន្តឯកសារ សម្រាប់មនុស្សជំនាន់ក្រោយបានស្គាល់ បានដឹង នឹងចងចាំទុកគ្រប់ៗគ្នា។

សមទ្ធិកររូបនេះ មានឆន្ទៈខ្ពស់សម្រាប់ការចងក្រងផលិតភាពយន្តឯកសាររឿង៖ “យីកេកួយយើង” សាច់រឿងទាំងមូលបាននិយាយពី ជីវិត និងវប្បធម៌របស់ជនជាតិដើមភាគតិចកួយ ទាក់ទងនឹងយីកេកួយ ដែលអ្នកភូមិនាំគ្នាលើកស្ទួយឡើងវិញ។
កញ្ញាបន្ថែមថា ការផលិតភាពយន្តឯកសារមិនមែនជារឿងងាយស្រួលនោះទេ។ ប៉ុន្តែដោយសារទឹកចិត្តស្រឡាញ់វិស័យផលិតកុនខ្នាតខ្លីនោះផង ទើបកញ្ញានិងក្រុមការងាររបស់កញ្ញាទាំងអស់ បានប្រជុំគ្នាជ្រើសរឿងប្រធានបទរឿង៖ យីកេកួយយើងនេះឡើង ដើម្បីផលិតជាភាពយន្តឯកសារ សម្រាប់ជាការចងចាំ និងតម្កល់ទុកសម្រាប់ជាឯកសាររបស់មនុស្សជាតិទូទៅ។

កញ្ញា កន ស្រីនិត បានផ្តាំផ្ញើឲ្យយុវជន ជាពិសេសគឺអ្នកដែលស្រឡាញ់ចូលចិត្តវិស័យកុន និងអ្នករៀនថតកុនជំនាន់ក្រោយ គួរតែចូលរួមផលិតភាពយន្តឯកសារបែបនេះឲ្យបានច្រើន ដើម្បីទុកជាប្រយោជន៍ សម្រាប់មនុស្សជំនាន់ក្រោយ បានយល់ដឹង និងចងចាំទុកជាឯកសារ សម្រាប់មនុស្សជាតិទូទៅ៕
អត្ថបទ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី