Connect with us

ព័ត៌មានជាតិ

អ្វីទៅជាការផ្ដល់សញ្ជាតូបនីយកម្មជាពលរដ្ឋខ្មែរដល់ជនបរទេស?  

បានផុស

នៅ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បញ្ជាក់ថា ការផ្ដល់សញ្ជាតិខ្មែរ ត្រូវបានធ្វើឡើងតាមរយៈច្បាប់ ដោយច្បាប់បានកំណត់យ៉ាងច្បាស់នូវលក្ខខណ្ឌផ្សេងៗមុនទទួលបានសញ្ជាតូបនីយកម្មជាពលរដ្ឋខ្មែរ។ ចំណែក ពាក់ព័ន្ធនឹងការប្រព្រឹត្តល្មើសច្បាប់ គឺជាករណីមួយដាច់ដោយឡែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជាបែបនេះ គឺក្រោយមានការចាប់ខ្លួនជនជាតិចិនចំនួន៣រូប ដែលមានសញ្ជាតិខ្មែរ ក្នុងបទល្មើសលាងលុយកខ្វក់នៅប្រទេសសិង្ហបុរី។ លោក អះអាងថា ការចាប់ខ្លួនពលរដ្ឋខ្មែរ ដែលបានប្រព្រឹត្តល្មើសច្បាប់នៅលើទឹកដីនៃប្រទេសដទៃ គឺជាយន្តការអនុវត្តច្បាប់ចំពោះជនល្មើស បើទោះបីជាពលរដ្ឋខ្មែរមានសញ្ជាតិពីកំណើត ឬជាពលរដ្ឋខ្មែរតាមរយៈសញ្ជាតូបនីយកម្មក៏ដោយ។

បើតាមច្បាប់ស្ដីពីសញ្ជាតិ ឆ្នាំ២០១៨ បានកំណត់ថា ការទទួលបានសញ្ជាតិខ្មែរ ត្រូវធ្វើឡើងតាមរយៈ៤បែប គឺទី១. ការទទួលសញ្ជាតិខ្មែរពីកំណើត ទី២. ដោយការស្មុំកូន ទី៣. ដោយចំណងអាពាហ៍ពិពាហ៍ និងទី៤. ដោយសញ្ជាតូបនីយកម្ម។ តែក្នុងនោះ ចំពោះជនបរទេស គឺច្បាប់ស្ដីពីសញ្ជាតិ បានអនុញ្ញាតឲ្យជនបរទេសភាគច្រើនអាចស្នើសុំសញ្ជាតិខ្មែរបានតាមរយៈបែបបទទី៣ និងទី៤ ពោល គឺការទទួលបានសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ និងការទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម។

ការទទួលបានសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ គឺលុះត្រាណាដែលជនបរទេសបានរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវជាប្តី ឬប្រពន្ធជាមួយពលរដ្ឋខ្មែរ និងបានរស់នៅជាមួយគ្នារយៈពេល៣ឆ្នាំ ក្រោយចុះបញ្ជីអាពាហ៍ពិពាហ៍ ហើយបានស្នាក់នៅយ៉ាងហោចរយៈពេល១២ខែក្នុងប្រទេសកម្ពុជា។ រីឯ ការទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម គឺសំដៅដល់ការផ្ដល់សញ្ជាតិខ្មែរតាមរយៈការស្នើសុំរបស់ជនបរទេស ដោយផ្អែកលើលក្ខខណ្ឌកំណត់របស់កម្ពុជា។

ក្នុងនោះ ជនបរទេសដែលបានអនុញ្ញាតឱ្យវិនិយោគត្រឹមត្រូវតាមច្បាប់ ជនបរទេសដែលបានធ្វើអំណោយជាសាច់ប្រាក់ដល់ជាតិ និងជនបរទេសដែលមានគុណសម្បត្តិជាប្រយោជន៍ដល់កម្ពុជា ហើយបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា នោះអាចដាក់ពាក្យស្នើសុំចូលសញ្ជាតិសញ្ជាតូបនីយកម្មបាន។ លក្ខខណ្ឌដែលជនបរទេសទាំងនោះត្រូវបំពេញ ដើម្បីសុំសញ្ជាតូបនីយកម្មបាន គឺត្រូវមានគំនិត មារយាទ សីលធម៌ល្អ ពុំដែលមានទោសឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ មានទីលំនៅក្នុងប្រទេសកម្ពុជា ហើយស្នាក់នៅជាប់ចំនួន ៧ឆ្នាំ ដោយបានទទួលបណ្ណស្នាក់នៅដែលចេញឲ្យក្នុងក្របខណ្ឌនៃច្បាប់ស្ដីពីអន្តោប្រវេសន៍។

ទន្ទឹមនេះ ត្រូវចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្ត្រខ្មែរខ្លះៗ ហើយបង្ហាញភស្តុតាងថា ខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុម ព្រមទាំងទទួលបានទំនៀមទម្លាប់ និងប្រពៃណីល្អរបស់ខ្មែរ។ បែបបទ និងនីតិវិធីនៃការសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម ត្រូវកំណត់ដោយអនុក្រឹត្យ ហើយការសម្រេចផ្ដល់សញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម ត្រូវធ្វើឡើងតាមរយៈព្រះរាជក្រឹត្យ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម