ព័ត៌មានជាតិ
លោក លី ធុជ ដឹកនាំក្រុមគ្រូពេទ្យមកពីបារាំង ពិនិត្យ-ព្យាបាលជំងឺជូនពលរដ្ឋប្រមាណ ៥០០ នាក់ នៅក្រុងបាវិត ដោយឥតគិតថ្លៃ
នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៣ នេះ នាមណ្ឌលសុខភាពបាវិត លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគម SOS Cambodian Kids-Vernon មកពីប្រទេសបារាំង ចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋប្រមាណជា ៥០០ នាក់ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដោយឥតគិតថ្លៃ។

ក្នុងនាមប្រជាពលរដ្ឋក្រុងបាវិតទាំងអស់ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យ នៃសមាគម SOS Cambodian Kids-Vernon ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ឡោ គឹមសុង និងលោកស្រី ឡោ វីឡា សហប្រធានសមាគម SOS Cambodian Kids-Vernon ព្រមទាំងសហការី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ព្រមទាំងធនធានផ្ទាល់ខ្លួន ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្រោមម្លប់សន្តិភាពដែល សម្ដេចតេជោ ហ៊ុន សែន បានប្រឹងប្រែងលះបង់សម្រាប់ជាតិមាតុភូមិ ប្រជាពលរដ្ឋទូទាំងប្រទេស ទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ និងសេវាថែទាំសុខភាពគ្រប់បែបយ៉ាង ស្មើភាពគ្នា និងនៅគ្រប់ទីកន្លែងពីរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងទទួលបាននូវជីវភាពរស់នៅមួយកាន់តែប្រសើរឡើង និងភាពសុខសាន្តផងដែរ។

លោកបានបន្តទៀតថា រយៈពេលពីរបីថ្ងៃខាងមុខនេះ រដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលកេរមរតកជាប្រវត្តិសាស្ត្រពី សម្ដេចតេជោ ហ៊ុន សែន នឹងបន្តដឹកនាំការពារកសាងជាតិមាតុភូមិកម្ពុជា ក៏ដូចជាបន្តរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់បែបយ៉ាងជូនប្រទេសជាតិ ក្នុងនោះការថែទាំនូវសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន គឺជាគោលនយោបាយអាទិភាពមួយរបស់រដ្ឋាភិបាលអាណត្តិថ្មីនេះ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ និងថែទាំសុខភាពដោយខ្លួនឯងនៅតាមផ្ទះ ដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាលថ្មី ក្នុងការកសាងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន និងប្រសើរឡើង។ ក្រោយពីទទួលបានការពិនិត្យជំងឺពីក្រុមគ្រូពេទ្យ នៃសមាគម SOS Cambodian Kids-Vernon ប្រកបដោយការយកចិត្តទុកដាក់ ប្រជាពលរដ្ឋបានទទួលនូវការណែនាំសុខភាព និងថ្នាំពេទ្យសម្រាប់លេបពេលចេញទៅផ្ទះវិញផងដែរ។

ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រី បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនគ្រួសារដែលមានជីវភាពខ្វះខាតចំនួន ១០០ គ្រួសារ និងសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សចំនួន ២០០ នាក់ ស្ថិតក្នុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង៕





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ