ព័ត៌មានជាតិ
ក្បាលម៉ាស៊ីនរដ្ឋសភា និងគណៈរដ្ឋមន្ត្រីថ្មី នឹងត្រូវបោះឆ្នោតជ្រើសតាំង នៅថ្ងៃទី២២ ខែសីហា
រដ្ឋសភា នីតិកាលទី៧ នឹងបន្តសម័យប្រជុំលើកទី១ ដើម្បីបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា និងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់រាជរដ្ឋាភិបាលថ្មី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ សម័យប្រជុំលើកទី១របស់រដ្ឋសភា ធ្វើឡើងក្រោយព្រះមហាក្សត្រនៃកម្ពុជា បានយាងជាព្រះរាជអធិបតីភាពបើកសម័យប្រជុំលើកដំបូង នៅព្រឹកថ្ងៃចន្ទនេះ។

បន្ទាប់ពីព្រះមហាក្សត្រ បានថ្លែងព្រះរាជសុន្ទរកថាបើកសម័យប្រជុំលើកដំបូងរដ្ឋសភារួចមក នៅព្រឹកថ្ងៃចន្ទដដែលនេះ សម្ដេចពញាចក្រី ហេង សំរិន ក្នុងនាមជាសមាជិករដ្ឋសភាមានវ័យច្រើនជាងគេ (ព្រឹទ្ធសមាជិករដ្ឋសភា) បានចាប់ផ្ដើមដឹកនាំសម័យប្រជុំលើកទី១ លើរបៀបវីរៈចំនួន២។ ក្នុងនោះ របៀបវីរៈទី១ គឺការប្រកាសអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ ដែលសរុបចំនួន១២៥រូប មកពីគណបក្សប្រជាជនកម្ពុជាចំនួន១២០រូប និងមកពីគណបក្សហ្វ៊ុនស៊ិនប៉ិចចំនួន៥រូប ខណៈរបៀបវីរៈទី២ គឺការអនុម័តយល់ព្រមទៅលើបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា សម្រាប់នីតិកាលទី៧នេះ។
ដោយឡែក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភា នឹងបន្តសម័យប្រជុំលើកទី១ របស់ខ្លួន ដើម្បីបោះឆ្នោតជ្រើសតាំងសមាសភាពក្បាលម៉ាស៊ីនដឹកនាំរបស់រដ្ឋសភា រួមមាន បោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធានរដ្ឋសភា រួមទាំងសមាសភាពគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា។ បើតាមការបង្ហើបឱ្យដឹងដោយសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក គឺតំណែងប្រធានរដ្ឋសភា នឹងប្រគល់ឱ្យលោកស្រី ឃួន សុដារី តំណែងជាអនុប្រធានទី១ គឺលោក ជាម យៀប និងលោក វង សូត ជាអនុប្រធានទី២ រដ្ឋសភា។

ទន្ទឹមនេះ សម័យប្រជុំរដ្ឋសភា ក៏នឹងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់សមាសភាពរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ។ ការបោះឆ្នោតគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា នាអាណត្តិនេះ គឺបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានប្រកាសមិនបន្តធ្វើជានាយករដ្ឋមន្ត្រី ដោយទុកឱកាសឱ្យអ្នកបន្តវេនជំនាន់ក្រោយមកដឹកនាំបន្ត។
សម្ដេចតេជោ ហ៊ុន សែន ធ្លាប់លើកឡើងថា នេះ គឺជាការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រក្នុងរបត់នយោបាយរបស់កម្ពុជា ដោយសម្ដេចជាអ្នកដែលបានលះបង់ធំជាងគេ ដើម្បីធានាថានេះ ជាការផ្លាស់ប្ដូរដោយសន្តិវិធី ពិសេស ធានាដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជាសម្រាប់រយៈកាលយូរអង្វែងតទៅមុខទៀត៕
ដោយ៖ ធឿន វ៉ាន់សុង


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា