ព័ត៌មានជាតិ
ពលរដ្ឋជាង ៦៦០ គ្រួសារ នៅកោះកុង រងគ្រោះមហន្តរាយធម្មជាតិ ពាក់កណ្ដាលឆ្នាំនេះ
ឆមាសទី ១ ឆ្នាំ ២០២៣ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខេត្តកោះកុង បានជួបគ្រោះមហន្តរាយធម្មជាតិនានា ដែលបណ្ដាលឲ្យពលរដ្ឋចំនួន ៦៦៥ គ្រួសារ រងគ្រោះស្លាប់ និងរបួសធ្ងន់ទៀតផង។
ខេត្តកោះកុង បានជួបប្រទះគ្រោះមហន្តរាយដោយសារខ្យល់កន្ត្រាក់កើតឡើងចំនួន ៣ លើក បណ្ដាលឲ្យប៉ះពាល់ប្រជាពលរដ្ឋ ៦៦៥ គ្រួសារ ស្មើនឹង ៦៦៥ ខ្នងផ្ទះ រលំផ្ទះទាំងស្រុង ១ ខ្នង វត្តអារាម ១ កន្លែង វិហារឥស្លាម ១ កន្លែង សាលារៀន ២ ខ្នង និងអគាររដ្ឋបាលរបស់ទាហាន ២ កន្លែង របើកខូចខាតស័ង្កសី ២.៣៤៤ សន្លឹក និងហ្វីប្រូស៊ីម៉ងត៍ ៧.០៨២ សន្លឹក និងលិចទូក ១១ គ្រឿង។
នេះបើតាមយោងតាមរបាយការណ៍ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកោះកុង ត្រឹមឆមាសទី ១ ឆ្នាំ ២០២៣ នេះ។
ក្រៅពីមានជាអគ្គិភ័យកើតឡើងចំនួន ៩ លើក បណ្ដាលឲ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៣ គ្រួសារ ក្នុងនោះឆេះទាំងស្រុង ១២ ខ្នង ឆេះចម្ការកៅស៊ូអស់ទំហំ ៤ ហិកតា ស្មើនឹង ១.២០០ ដើម និងទ្រព្យសម្បត្តិ សម្ភារៈប្រើប្រាស់មួយចំនួនទៀត។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកោះកុង បានឲ្យដឹងនៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការសម្រួលសមាសភាពគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកោះកុង យ៉ាងដូច្នេះថា ឆ្លើយតបនូវគ្រោះមហន្តរាយ សាខាកាកបាទក្រហមខេត្ត និង ក្រុង ស្រុក បានជួយសង្គ្រោះជម្លៀសចំនួន ៤៨៣ គ្រួសារ/វត្ត ទៅកាន់ទីទួលសុវត្ថិភាពទាន់ពេលវេលា ព្រមទាំងចុះចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះរួមមាន ៖ អង្ករចំនួន ១.១៣០ គ.ក្រ មី ១៤៣ កេស ត្រីខ ១៤២ ឡូ ទឹកសុទ្ធ ១២៧ កេស និង ១៥ យួរ ទឹកត្រី ៩៥ ដប អាវយឺត ១២០ អាវ តង់ ២១ ផ្ទាំង ហ្វីប្រូស៊ីម៉ងត៍ ៤៥២ សន្លឹក ស័ង្កសី ១១៩ សន្លឹក និងសម្ភារៈផ្ទះបាយ ៣ ឈុត។
គួររម្លឹកថា កាលពីថ្ងៃទី ៣០ ខែកក្កដា ខ្យល់កន្ត្រាក់បានបោកប្រក់មកលំនៅឋានពលរដ្ឋស្ថិតនៅក្នុងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំពិល បណ្ដាលឲ្យពលរដ្ឋម្នាក់បានស្លាប់ និងរងរបួសធ្ងន់-ស្រាល ៩ នាក់។ រីឯផ្ទះប្រជាពលរដ្ឋដួលរលំខូចទាំងស្រុងចំនួន ៩ ខ្នង និងរបើកដំបូលទាំងស្រុងអស់ ១៥ ខ្នង។
តែទោះយ៉ាងណា លោកស្រី មិថុនា ភូថង ក៏កោតសរសើរចំពោះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកោះកុង សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង ស្រុក និងកម្លាំងប្រដាប់អាវុធទាំង ៣ រដ្ឋបាលក្រុង ស្រុក បានដឹកនាំកម្លាំងពាក់ព័ន្ធ ចូលរួមអន្តរាគមន៍ជួយសង្គ្រោះ និងផ្ដល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលផងដែរ។
លោកស្រីអភិបាលខេត្តកោះកុង ស្នើដល់ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុង ស្រុក ត្រូវតែបន្តពង្រឹងសមត្ថភាពលើការយល់ដឹងអំពីហានិភ័យគ្រោះមហន្តរាយ យកចិត្តទុកដាក់ តាមដានមុខសញ្ញាគ្រោះថ្នាក់ ព័ត៌មានព្យាករណ៍ និងប្រកាសព័ត៌មានជាមុនអំពីហេតុការណ៍ និងគ្រោះថ្នាក់ដែលអាចកើតមានឡើងដោយគ្រោះមហន្តរាយ។
លោកស្រី បន្ថែមថា គប្បីមានម្ចាស់ការធ្វើសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយជាបុគ្គល និងគ្រួសារ តាមរយៈការរំលែកថវិកាចំណាយមួយភាគតូចទៅក្នុងការរៀបចំការពារថែរក្សា និងកែលំអលំនៅឋាន ទីតាំងអាជីវកម្ម និងមុខឲ្យមានសុវត្ថិភាព, មានភាពជន់ និងអាចងាយស្តារ ឡើងវិញបានក្រោយគ្រោះមហន្តរាយ ក្នុងករណីមានការកើតឡើងជាយថាហេតុណាមួយ។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់លំដាប់ថ្នាក់ ត្រូវសហការជាមួយដៃគូ ជំនាញ និងភាគីពាក់ព័ន្ធ ក្នុងការបង្កើនសមត្ថភាពរបស់ខ្លួនផ្ដល់ព័ត៌មានឲ្យដឹងមុន ដើម្បីធានាថាប្រជាជនដែលងាយរងគ្រោះ ទទួលបានព័ត៌មានអំពីហានិភ័យ និងអំពីវិធានការសួរ ប្រកាន់យកជាមុនឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពមានលក្ខណៈយេនឌ័រ និងបរិយាប័ន្ន។ រីឯមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីចាត់ការហិរញ្ញវត្ថុ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តពង្រឹង និងពង្រីកប្រព័ន្ធស្បៀងបម្រុង ដើម្បីធានាថា ប្រជាជនរងគ្រោះ នឹងត្រូវបានដោះស្រាយបញ្ហាសន្តិសុខស្បៀង មានគ្រាប់ពូជសម្រាប់ស្ដារការដាំដុះ និងមានសាច់ប្រាក់បម្រុង ដើម្បីដោះស្រាយតម្រូវការផ្សេងទៀត ដែលមិនមែនជាស្បៀង និងគ្រាប់ពូជ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង