Connect with us

ព័ត៌មានជាតិ

មុនក្លាយជារដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ បានឆ្លងកាត់ការងារតាំងពីមន្ត្រីតូចតាច 

បានផុស

នៅ

លោក ហេង សួរ ត្រូវបានរាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាអាណាព្យាបាលលើកម្មករ ឬពលករ និងភាគីនិយោជក ឬអ្នកវិនិយោគ។ ជាទូទៅ ភាគីទាំង២ តែងតែមានទំនាស់ផលប្រយោជន៍នឹងគ្នា ហើយងាយនឹងមើលមុខគ្នាមិនចំ ប្រសិនជាមានជនទី៣ ណាមួយព្យាយាមអុចអាល។ តំណែងរដ្ឋមន្ត្រីក្រសួងការងារ គឺជាកៅអីក្តៅមួយនៅបណ្តាប្រទេសនានា ហើយនៅកម្ពុជា ក៏ដូចគ្នានេះដែរ។ ដូច្នេះ តើលោក ហេង សួរ ជានរណា ដែលអាចអង្គុយនៅលើកៅអីក្តៅមួយនេះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រវត្តិគ្រួសារ

ជាកូនអ្នករាជធានីភ្នំពេញ មានឈាមជ័រជាអ្នករកស៊ីតាំងពីដូនតា លោក​ ហេង សួរ គឺជាកូនច្បងក្នុងចំណោមបងប្អូនចំនួន ៥នាក់ដែលភាគច្រើនជាពាណិជ្ជករ។ លោក ហេង សួរ កើតនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៧៥ ក៏ប៉ុន្តែប្រភពមួយចំនួនថាកើតនៅឆ្នាំ១៩៧៤។ បច្ចុប្បន្ននេះ លោក គឺជាឪពុក ដែលមានកូនចំនួន ៣នាក់ក្នុងបន្ទុក ខណៈដែលភរិយារបស់លោក គឺជាពាណិជ្ជករ និងអ្នកវិនិយោគលើផ្នែកសណ្ឋាគារ និងអចលនទ្រព្យ។

ជីវិតការងារ

តាមពិតទៅ ឥស្សរជននយោបាយសម្បុរស សក់ត្រង់ស្លូត ដែលអង្គុយតំណែងជារដ្ឋមន្ត្រីក្រសួងការងារនេះ គឺបានចាប់ផ្តើមចេញពីតំណែងកូនមន្ត្រីតូចតាចប៉ុណ្ណោះ។ តាមឯកសារដែលរកបានពីគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីរូបនេះ បានផ្តើមធ្វើការដំបូងជាមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំ១៩៩៩ និងបានប្រឡងជាប់ជាមន្ត្រីពន្ធដារ សម្រាប់វគ្គដំបូងបង្អស់ នៅដើមឆ្នាំ២០០០។

ក្នុងឆ្នាំ២០០៤ នៅពេលដែលលោក ហេង សួរ កំពុងសិក្សាថ្នាក់បណ្ឌិតនៅប្រទេសជប៉ុន លោកក៏ត្រូវបានរាជរដ្ឋាភិបាលតែងតាំងតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទើបបង្កើតថ្មី ហើយបានតម្រូវឱ្យលោក ត្រូវបង្ខំចិត្តបោះបង់ការសិក្សាថ្នាក់បណ្ឌិតផ្នែកពាណិជ្ជកម្មអន្តរជាតិចោល។

រហូតដល់ឆ្នាំ២០០៨ ក្រោយកាន់តំណែងបាន៤ឆ្នាំ លោក​ ហេង សួរ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្នុងសម័យលោក អ៊ិត សំហេង ធ្វើជារដ្ឋមន្ត្រី។ ជាបន្តបន្ទាប់ លោក ក៏ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៅឆ្នាំ២០១៧ ហើយលោក ក៏ត្រូវបានតែងតាំងជារដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឆ្នាំ២០១៨ រហូតដល់បញ្ចប់នីតិកាលទី៦ ពោលគឺមុនពេលក្លាយជារដ្ឋមន្ត្រីក្រសួងដដែលនេះ សម្រាប់អាណត្តិទី៧នេះ។

ប្រវត្តិការសិក្សា

ឯកសាររបស់គណបក្សប្រជាជនដដែល បានបញ្ជាក់ថា លោក ហេង សួរ ជាអតីតសិស្សវិទ្យាល័យទូលទំពូង រាជធានីភ្នំពេញ ហើយក្នុងឆ្នាំ១៩៩៤ លោក បានទទួលអាហាររូបករណ៍ផ្នែកគណនេយ្យ-ពាណិជ្ជកម្ម ពីវិទ្យាស្ថានជាតិគ្រប់គ្រង ដែលបច្ចុប្បន្នគឺជាសាកលវិទ្យាល័យជាតិគ្រប់គ្រង។ រដ្ឋមន្ត្រីក្រសួងការងាររូបនេះ ក៏ជាអតីតនិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិត នៅប្រទេសជប៉ុន លើផ្នែកគោលនយោបាយពន្ធដារ ឆ្នាំសិក្សា២០០០ ដល់ឆ្នាំ២០០២ ហើយបន្តការសិក្សាថ្នាក់បណ្ឌិតពាណិជ្ជកម្មអន្តរជាតិបន្ថែមទៀត ប៉ុន្តែត្រូវបង្ខំចិត្តបោះបង់ចោលវិញ ក្នុងឆ្នាំ២០០៤ ព្រោះត្រូវមកទទួលតំណែងក្នុងប្រទេសកំណើតវិញ។

កិច្ចការងារក្នុងជួររាជដ្ឋាភិបាល និងកិច្ចការគណបក្ស

លើសពីនេះ មុនការតែងតាំងជារដ្ឋមន្ត្រី លោក ហេង សួរ  ត្រូវបានគេដឹងថា មានតួនាទីជាច្រើនក្នុងស្ថាប័នរដ្ឋ ដែលបម្រើការងារជូនរាជរដ្ឋាភិបាលកម្ពុជាជាច្រើនឆ្នាំមកហើយតាំងពីមុនមកម្លេះ។ ក្នុងនោះ លោក គឺជាជំនួយការសម្តេចហ៊ុន សែន ជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មការប្រឹក្សាការងារ ជាដើម។

ដោយឡែក ការងារនយោបាយក្នុងគណបក្សវិញ គឺលោក មានតួនាទីចំនួន១២ផ្សេងៗគ្នា ដូចជា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា  សមាជិកគណៈអចិន្ត្រៃយ៍ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រធានផ្នែករាជធានី-ខេត្តនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅសាធារណរដ្ឋកូរ៉េ ជប៉ុន និងម៉ាឡេស៊ី និងអនុប្រធានក្រុមការងារកសាងពង្រឹងគណបក្សប្រចាំសាធារណរដ្ឋកូរ៉េ ថៃ ម៉ាឡេស៊ី និងជប៉ុន ជាដើម។

ចរិតលក្ខណៈការងារ

ជាកូនរាស្ត្រសាមញ្ញ លោក ហេង សួរ ជាមនុស្សរួសរាយ ងាយនឹងចូលគេចូលឯង ប៉ុន្តែ លោកម៉ឺងម៉ាត់ និងហ្មត់ចត់នឹងការងារ ដោយលោកត្រូវការទាំងគុណភាព និងការទទួលខុសត្រូវពីអ្នកពាក់ព័ន្ធ។ នេះបើតាមអ្នកដែលធ្លាប់ធ្វើការជាមួយលោក ហេង សួរ។

មិនតែប៉ុណ្ណោះ លោក ក៏មិនរាថយចំពោះការចោទប្រកាន់នានាពីអ្នកដែលបាត់បង់ផលប្រយោជន៍ ឬមានចេតនាបំផ្លាញសង្គមឡើយ ពោលគឺឱ្យតែសកម្មភាព និងទង្វើររបស់លោក អាចនាំមកនូវប្រយោជន៍ ឬការពានូវប្រយោជន៍របស់ប្រជាពលរដ្ឋភាគច្រើនលើសលប់។ យ៉ាងណាក៏ដោយ ក្នុងអាណត្តិទី៧នេះ ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកកាន់តំណែងកៅអីកំពូលៗរបស់រាជរដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម