ព័ត៌មានជាតិ
តើចំណូលពន្ធកើនឡើង បានឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចល្អ?
នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានប្រមាណ ២៤០,៤៣ លានដុល្លារអាមេរិក ស្មើនឹង ៦,៧៣% នៃផែនការច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះជាការបញ្ជាក់របស់លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ កាលពីពេលថ្មីៗនេះ។

តើការកើនឡើងនៃការប្រមូលចំណូលពន្ធផ្ទៃក្នុង ឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចល្អដែរឬទេ?
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់កម្ពុជាថ្មីថា ចំណូលពន្ធផ្ទៃក្នុងកើន មានន័យថា កំណើនសេដ្ឋកិច្ចល្អប្រសើរ។ «កាលណាចំណូលផ្ទៃក្នុងកើនឡើង គឺជាក្តីរំពឹង និងសប្បាយរីករាយរបស់រដ្ឋ និងប្រជាពលរដ្ឋ ព្រោះរដ្ឋមានថវិកា សម្រាប់ទ្រទ្រង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីអភិវឌ្ឍសង្គមជាតិ»។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបន្តថា ចំណូលពន្ធនេះ មានសារៈសំខាន់ណាស់ ទាំងចំណូលពន្ធដារ និងពន្ធគយ។

បើតាមអ្នកឧកញ៉ា លឹម ហេង វិស័យដែលផ្តល់ចំណូលខ្ពស់សម្រាប់ពន្ធដារ មានដូចជា វិស័យឧស្សាហកម្ម សេវាកម្ម ពាណិជ្ជកម្ម និងអចលទ្រព្យ ជាដើម។
ដោយឡែកលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កំណើននៃការប្រមូលពន្ធតែមួយមុខ មិនឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចនោះទេ។ ប៉ុន្តែលោកថា បើមើលជារួម កំណើនពន្ធតាមរយៈការរឹតត្បិតនៃការប្រមូលពន្ធឱ្យមានប្រសិទ្ធភាពជាងមុន បានរួមចំណែកខ្លះទៅក្នុងកំណើនសេដ្ឋកិច្ច តែមិនបង្ហាញថា សេដ្ឋកិច្ចកើនឡើងពីចំណូលពន្ធនោះទេ ពោលគឺនៅមានកត្តាជាច្រើនទៀត។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបន្តដូច្នេះថា«យើងត្រូវមើលទៀតថា ពន្ធអ្វីខ្លះដែលកើនឡើង ព្រោះពន្ធប្រភេទខ្លះ ជាពន្ធលើផលិតកម្ម ពន្ធលើការប្រើប្រាស់ ដូចជា យើងទិញទំនិញពីក្រៅប្រទេសមកប្រើ គឺកើនឡើងលើពន្ធអាករលើតម្លៃបន្ថែម ដែលនេះមិនឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចខ្លាំងទេ មានន័យថា យើងមិនបានផលិតក្នុងស្រុក គឺកើនទៅលើការចាយទៅវិញទេ»។
ប្រធានពន្ធដារ លោក គង់ វិបុល បានគូសបញ្ជាក់ថា ទោះបីជាការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារនៅបន្តរក្សាបានសញ្ញាវិជ្ជមានក៏ដោយ ក៏បញ្ហានៃភាពមិនប្រាកដប្រជា និងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ដែលបង្កដោយសារការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានប៉ះពាល់ដល់បណ្តាប្រទេស ដែលជាប្រភពទុនសម្រាប់វិនិយោគធំៗមកកម្ពុជា និងធ្វើឱ្យមានកំណើននៃអតិផរណា ដែលអាចជាហានិភ័យក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ មិនបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងពិសេសមូលដ្ឋានក្នុងការព្យាករផែនការសម្រាប់ឆ្នាំបន្ទាប់។

សូមបញ្ជាក់ថា រយៈពេល ៧ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលពន្ធដារ ប្រមូលបានមានចំនួន ៩ ៣៦៧,៤៤ ប៊ីលានរៀល (ប្រមាណជា ២ ៣១២,៩៥ លានដុល្លារ) ស្មើនឹង ៦៤,៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា