Connect with us

ព័ត៌មានជាតិ

ក្រោយជាមន្ត្រីរដ្ឋជិត៣០ឆ្នាំ លោក វង្សី វិស្សុត បានក្លាយជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី

បានផុស

នៅ

លោក វង្សី វិស្សុត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ផ្ដល់សេចក្ដីទុកចិត្តឱ្យកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ដែលជាតំណែងដ៏សំខាន់ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល។ មុនកាន់តំណែងជាន់ខ្ពស់នេះ លោក វង្សី វិស្សុត បានបម្រើការងារជាមន្ត្រីរដ្ឋជិត៣០ឆ្នាំឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វង្សី វិស្សុត កើតនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៦៥ នៅរាជធានីភ្នំពេញ ហើយលោកជាអតីតសិស្សរៀននៅវិទ្យាល័យ ដូនពេញ រាជធានីភ្នំពេញ។ លោក វង្សី វិស្សុត គឺជាអតីតនិស្សិតខ្មែរ ដែលបានទទួលការសិក្សាមកពីប្រទេសរុស្ស៊ី ដោយលោក បានបញ្ចប់ការសិក្សាសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងសញ្ញាបត្របណ្ឌិតទស្សនវិជ្ជា (PhD) ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច នៃវិទ្យាស្ថានមូស្គូសម្រាប់ការទំនាក់ទំនងអន្តរជាតិ។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីថ្មីរូបនេះ ចេះភាសាបរទេសចំនួន ៣ គឺ ភាសាអង់គ្លេស បារាំង និងភាសារុស្ស៊ី។

មុនមកកាន់តំណែងជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អាណត្តិទី៧នេះ លោក វង្សី វិស្សុត បានបម្រើការងារជាមន្ត្រីរនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អស់រយៈពេលប្រមាណ២៨ឆ្នាំ ដែលលោក បានចាប់ផ្ដើមបំពេញកិច្ចការងារនេះ តាំងពីឆ្នាំ១៩៩៥ ។ ក្នុងនាមជាមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច លោក វង្សី វិស្សុត បានទទួលតួនាទីជាបន្តបន្ទាប់ ដូចជា អនុប្រធាននាយកដ្ឋាន ប្រធាននាយកដ្ឋាន អគ្គលេខាធិការរង និងក្រោយមកឡើងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

តាមយៈភាពវៃឆ្លាតប្រកបដោយចំណេះដឹង និងមានសមត្ថភាពលើជំនាញសេដ្ឋកិច្ចនេះ លោក វង្សី វិស្សុត ក៏ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ លុះអំឡុងខែតុលា ឆ្នាំ២០២០ លោក ក៏ត្រូវបានសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី តែងតាំងមុខតំណែងបន្ថែមជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រហូតដល់បញ្ចប់អាណត្តិទី៦ កន្លងមកនេះ។

ឥស្សរជន ដែលត្រូវបានដំឡើងឋានៈជាឧបនាយករដ្ឋមន្ត្រីរូបនេះ ក៏បានជាប់ឆ្នោតជាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកណ្ដាល ផងដែរ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។

ក្នុងនាមជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត នឹងមានភារកិច្ចដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្រ្តី ដូចជា ផ្សព្វផ្សាយ ចាត់ចែងអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត សេចក្តីសម្រេច បទបញ្ជា គោលការណ៍ណែនាំ និងលិខិតរដ្ឋបាលនានារបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ត្រូវតាមដាន ពិនិត្យ ក្រើនរំលឹកក្រសួងស្ថាប័ននានាចំណុះរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា ក៏ដូចជាគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ក៏មានភារកិច្ចតាមដាន ពិនិត្យ និងពិចារណាលើគ្រប់សំណើរបស់ក្រសួងស្ថប័ន និងលើកយោបល់តាមកម្មវិធីនយោបាយ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមទិដ្ឋភាពច្បាប់ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ជូននាយករដ្ឋមន្រ្តី ដើម្បីពិនិត្យ និងសម្រេច។

ទន្ទឹមនេះ ត្រូវជួយលើកិច្ចការនយោបាយ សិទ្ធិមនុស្ស ការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល និងអភិបាលកិច្ចល្អ តាមរយៈយន្តការគណៈកម្មាធិការ ក្រុមប្រឹក្សា និងអាជ្ញាធរនានាក្រោមទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមទាំងអនុវត្តរាល់ភារកិច្ចផ្សេងៗទៀតដែលនាយករដ្ឋមន្រ្តីប្រគល់ជូន៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម