Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី២រូបនេះ នឹងជានាយករដ្ឋមន្រ្តីស្តីទី នៅពេលអវត្តមានឯកឧត្តម ហ៊ុន ម៉ាណែត

បានផុស

នៅ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបែងចែកភារកិច្ចជូនឧបនាយករដ្ឋមន្ដ្រីទាំង១០រូប ដើម្បីសំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់រដ្ឋ។ ក្នុងនោះ ឧបនាយករដ្ឋមន្ត្រីចំនួន២រូប គឺលោក នេត សាវឿន និងលោក អូន ព័ន្ធមុនីរ័ត្ន ត្រូវបានទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្ដីទី នៅពេលនាយករដ្ឋមន្ត្រីអវត្តមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីសម្រេចចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា គឺត្រូវទទួលបន្ទុកដឹកនាំការងាររួមរបស់គណៈរដ្ឋមន្ត្រី និងចាត់ចែងបញ្ជារាល់សកម្មភាពរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ។ ទន្ទឹមនេះ នាយករដ្ឋមន្ត្រី ក៏ត្រូវទទួលបន្ទុកដោយឡែកក្នុងការទំនាក់ទំនងផ្ទាល់ជាមួយព្រះមហាក្សត្រ សម្រាប់កិច្ចការរបស់រាជរដ្ឋាភិបាល និងការដឹកនាំបញ្ជាផ្ទាល់លើបញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

រីឯ លោក នេត សាវឿន ជាឧបនាយករដ្ឋមន្ត្រី ដែលទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រីអវត្តមាន។ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ត្រូវជួយនាយករដ្ឋមន្ត្រីលើវិស័យសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈក្នុងក្របខណ្ឌអន្តរក្រសួង តាមរយៈការសម្របសម្រួលដឹកនាំកងកម្លាំងគ្រប់ប្រភេទ ដើម្បីការងារសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់ និងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពេលនាយករដ្ឋមន្ត្រីអវត្ដមាន។ ទន្ទឹមនេះ លោក នេត សាវឿន ក៏មានភារកិច្ចជួយតម្រង់ទិសដល់អាជ្ញាធរ គណៈកម្មាធិការ ក្រុមប្រឹក្សា ដែលចំណុះឱ្យរាជរដ្ឋាភិបាល តាមការប្រគល់សិទ្ធិពីនាយករដ្ឋមន្ត្រី។

ចំណែក លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ត្រូវទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទីផងដែរ ពេលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោក នេត សាវឿន អវត្តមាន។ ក្រៅពីដឹកនាំផ្ទាល់ក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវមានភារកិច្ចជាប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីចំនួន៨រូបផ្សេងទៀត ក៏ត្រូវបានបែងចែកភារកិច្ច និងការទទួលខុសត្រូវផ្សេងៗពីគ្នា ផងដែរ រួមមាន

លោកឧនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ត្រូវទទួលបន្ទុកលើការងារទាក់ទាញការវិនិយោគឯកជន ការងារដឹកជញ្ជូន និងភស្តុភារកម្ម។ លោក ស៊ុន ចាន់ថុល ត្រូវប្រគល់តួនាទីជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសហប្រធានខាងភាគីកម្ពុជា នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម។

លោក ហង់ជួន ណារ៉ុន ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើវិស័យអប់រំ យុវជន និងកីឡា ខណៈលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ត្រូវទទួលបន្ទុកលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។

លោក ស សុខា ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកដឹកនាំផ្ទាល់ក្រសួងមហាផ្ទៃ ដោយជួយដឹកនាំសម្របសម្រួលការងារ កែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ការបំផ្លាញចោលអាវុធ និងជាសេនាធិការលើការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។

ចំណែក រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា ជាឧបនាយករដ្ឋមន្ត្រី ដែលទទួលបន្ទុកលើវិស័យការពារជាតិ និងដឹកនាំកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

លោក កើត រិទ្ធ ទទួលបន្ទុកលើវិស័យយុត្តិធម៌ និងការងារជាមួយអង្គការតុលាការ និងអង្គការអយ្យការ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ការដឹកនាំសម្របសម្រួលការអនុវត្តនយោបាយព្រហ្មទណ្ឌ។ បន្ថែមពីនេះ លោក កើត រិទ្ធ ត្រូវដឹកនាំសម្របសម្រួលការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ក៏ដូចជា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

លោក សុខ ចិន្តាសោភា ទទួលបន្ទុកលើវិស័យការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ហើយផ្ដល់យោបល់ជូននាយករដ្ឋមន្ត្រី អំពីក្របខណ្ឌគោលនយោបាយក្រៅប្រទេស ការសម្របសម្រួលការបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងទទួលសិទ្ធិពីនាយករដ្ឋមន្ត្រី ក្នុងការពិនិត្យ និងសម្រេចលើសំណើស្មុំកូន និងការសុំលាសញ្ជាតិ។

ដោយឡែក លោក វង្សី វិស្សុត ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រចាំការសម្រាប់ការសម្របសម្រួលកិច្ចការរបស់គណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី និងបណ្ដាឧបនាយករដ្ឋមន្ត្រី។ លោក វង្សី វិស្សុត ជួយនាយករដ្ឋមន្ត្រីក្នុងការងារតាមដាន និងសម្របសម្រួលទាក់ទងនឹងកិច្ចការដែលនៅសេសសល់របស់តុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ដឹកនាំផ្ទាល់ក្រុមប្រឹក្សាអ្នកច្បាប់ ការងារទំនាក់ទំនងជាមួយរដ្ឋសភា និងព្រឹទ្ធសភា និងការរៀបចំចម្លើយតបនឹងសំណួររបស់សមាជិករដ្ឋសភា និងដោះស្រាយ ការងារប្រចាំថ្ងៃជំនួសនាយករដ្ឋមន្ត្រី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១២ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម