ព័ត៌មានជាតិ
ក្រៅពីភ្នំពេញ តើខេត្តណាខ្លះទៀត ដែលមានវិមានឯករាជ្យ?
គិតត្រឹមខែសីហា ឆ្នាំ២០២៣នេះ ទូទាំងប្រទេសកម្ពុជា មានវិមានឯករាជ្យសរុបចំនួន១៦ ដែលសាងសង់រួចរាល់ចំនួន១៥វិមានឯករាជ្យ និងកំពុងសាងសង់ចំនួន១។

វិមានឯករាជ្យទាំងនោះ ស្ថិតនៅរាជធានី-ខេត្ត ដូចតទៅ៖
១/ វិមានឯករាជ្យរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅចំនឹងចំណុចប្រសព្វរវាងមហាវិថីចំនួន៣ គឺមហាវិថីព្រះនរោត្ដមនិងមហាវិថីព្រះសីហនុ និងមហាវិថីសុរាម្រិត ដែលស្ថិតនៅក្នុងភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ វិមានឯករាជ្យដែលមានកម្ពស់ ២០ម៉ែត្រនេះ បញ្ចប់ការសាងសង់ ក្នុងឆ្នាំ១៩៥៨ ។

២/វិមានឯករាជ្យខេត្តស្វាយរៀង កសាងឡើងនៅអំឡុងឆ្នាំ ១៩៥៩ ដោយលោក ញាន ធៀង ក្នុងសម័យសង្គមរាស្រ្តនិយម ។
៣/វិមានឯករាជ្យខេត្តតាកែវ មានទីតាំងស្ថិតនៅក្នុងសង្កាត់រកា ក្នុងក្រុងដូនកែវ សាងសង់ឡើងក្នុងអំឡុងពេលដែល លោក ស្រី បេន នៅកាន់ការជាអភិបាលខេត្តតាកែវ។

៤/វិមានឯករាជ្យខេត្តកំពង់ឆ្នាំង កសាងឡើងនៅឆ្នាំ១៩៨៣ និងកែលម្អឡើងវិញនៅឆ្នាំ២០១៦។ វិមានឯករាជ្យនេះ ស្ថិតនៅក្នុងភូមិធម្មយុត្តិ សង្កាត់ផ្អេរ ក្រុងកំពង់ឆ្នាំង។

៥/ វិមានឯករាជ្យខេត្តព្រះសីហនុ មានទីតាំងនៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
៦/ វិមានឯករាជ្យខេត្តព្រះវិហារ មានទីតាំងស្ថិតនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

៧/ វិមានឯករាជ្យខេត្តឧត្ដរមានជ័យ មានទីតាំងស្ថិតនៅមុខ សួនច្បារបឹងស្នោរ ស្ថិតនៅក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
៨/វិមានឯករាជ្យខេត្តប៉ៃលិន កសាងឡើងនៅខែកុម្ភៈ ឆ្នាំ២០១១ ចំណាយពេលសាងសង់ជាង២ឆ្នាំ ចំណាយថវិកាក្នុងការសាងសង់អស់ជាង៣០ម៉ឺនដុល្លាអាមេរិក។

៩/វិមានឯករាជ្យខេត្តកែប គឺថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ សម្ដេចតេជោហ៊ុន សែន បានអញ្ជើញសម្ពោធវិមានឯករាជ្យ សួនសម្ដេចតេជោ ហ៊ុន សែន មុខសាលាខេត្ តនិងសមិទ្ធផលផ្សេងទៀត មានទីតាំងស្ថិតក្នុងសង្កាត់កែប ក្រុងកែប។

១០/វិមានឯករាជ្យខេត្តកំពង់ស្ពឺ ចាប់ផ្ដើមសាងសង់ឡើងនាខែធ្នូ ឆ្នាំ២០១៥ វិមានឯករាជ្យខេត្តកំពង់ស្ពឺ ដែលមានកម្ពស់ ១៩.៥៣ម៉ែត្រ បានដាក់សម្ពោធជាស្ថាពរនៅថ្ងៃទី៣១ខែ មីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ាណែត។ វិមានឯករាជ្យខេត្តកំពង់ស្ពឺ មានទីតាំងស្ថិតនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។

១១/ វិមានឯករាជ្យខេត្តកំពង់ធំ ចាប់ផ្ដើមសាងសង់នៅថ្ងៃ ទី២២ ខែមេសា ឆ្នាំ២០១៨។ វិមានឯករាជ្យខេត្តកំពង់ធំដែលមានទីតាំងនៅស្ថិតនៅក្នុងក្រុងស្ទឹងសែន មានកម្ពស់១៩,១ម៉ែត្រ។

១២/ វិមានឯករាជ្យខេត្តមណ្ឌលគិរី។ វិមានឯករាជ្យនេះ បញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់ក្នុងខែវិច្ឋិកា ឆ្នាំ២០២១។ វិមានឯករាជ្យដែលស្ថិតក្នុងក្រុងសែនមនោរម្យនេះ មានកម្ពស់២៤ម៉ែត្រ ។

១៣/វិមានឯករាជ្យខេត្តក្រចេះ ស្ថិតនៅបរិវេណបឹងកាឡូ ភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ សាងសង់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

១៤/វិមានឯករាជ្យខេត្តកំពង់ចាម ស្ថិតនៅភូមិទី ៦ សង្កាត់វិលវង់ ក្រុងកំពង់ចាម បានចាប់ផ្ដើមបើកការរដ្ឋានកសាងឡើងកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ មានរយៈពេល ១១ខែ សម្ពោធ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។

១៥/ វិមានឯករាជ្យខេត្តបាត់ដំបង ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ និងសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចក្រឡាហោមខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

១៦/ វិមានឯករាជ្យខេត្តរតនៈគីរី។ វិមានឯករាជ្យនេះ បានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ហើយមកពេលនេះកំពុងស្ថិតក្នុងដំណាក់កាលសាងសង់។ វិមានឯករាជ្យនេះ សាងសង់ឡើងនៅទីតាំងអតីតព្រលានយន្តហោះស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។ វិមានឯករាជ្យនេះ មានប្រវែង ២៣.១ម៉ែត្រ។
ដោយឡែកសម្រាប់ខេត្តដែលមិនទាន់សាងសង់វិមានឯករាជ្យមានចំនួន៩ខេត្ត គឺខេត្តកណ្ដាល ខេត្តកំពត ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។
សូមរំឮកថា នៅក្រោយថ្ងៃដែលកម្ពុជាដណ្ដើមបានឯករាជ្យពីបារាំង ព្រះបាទ សម្ដេច នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់ត្រាស់បង្គាប់ឱ្យសាងសង់វិមានឯករាជ្យសម្រាប់អបអរសាទរក៏ដូចជារំឮកដល់ការដែលកម្ពុជាទទួលបានឯករាជ្យពេញលេញពីបារាំងដែលបានដាក់អាណានិគមមកលើកម្ពុជា ក៏ដូចជាការរំលឹកនឹកដល់បុព្វបុរសខ្មែរដែលបានពលីជីវិត ដើម្បីឱ្យបារាំងផ្ដល់ឯករាជ្យជូនកម្ពុជា។ វិមានឯករាជ្យដំបូងបង្អស់ក្នុងរាជធានីភ្នំពេញ គឺលោក វណ្ណ ម៉ូលីវណ្ណ ជាអ្នកគូសប្លង់ និងលោក តាន់ វឿត ដែលជាជាងចម្លាក់ដ៏ជំនាញនៅក្នុងខេត្តបាត់ដំបង គឺជាអ្នកសាងសង់ឡើង៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី