ព័ត៌មានជាតិ
អ្នកជំនាញ៖ កម្មវិធីនយោបាយរបស់រដ្ឋាភិបាលថ្មី នឹងជួយជំរុញកម្លាំងសេដ្ឋកិច្ចកាន់តែលូតលាស់
អ្នកតាមដានសង្គម និងអ្នកជំនាញសេដ្ឋកិច្ច បានបង្ហាញការគាំទ្រចំពោះកម្មវិធីនយោបាយ៦ចំណុចរបស់រាជរដ្ឋាភិបាល ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដោយតាមរយៈកម្មវិធីនយោបាយនេះ នឹងជួយជំរុញកម្លាំងសេដ្ឋកិច្ចកម្ពុជាកាន់តែលូតលាស់ឡើងថែមទៀត។

យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលប្រកាសឱ្យអនុវត្តដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែសីហានេះ នឹងជំរុញដល់ការអនុវត្តកម្មវិធីនយោបាយអាទិភាព៦ចំណុច គឺ ១.ពង្រឹងសេវាថែទាំសុខភាព។ ២.ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ។ ៣.ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះ ក្នុងគ្រាមាន វិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។ ៤.ការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ហើយអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។
កម្មវិធីនយោបាយទី៥ និងទី៦ បានផ្ដោតសំខាន់លើវិស័យកសិកម្ម គឺការដាក់ចេញយន្តការសម្របសម្រួល និងកម្មវិធី ហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលក្នុងកម្រិតសមរម្យ ពិសេសការពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម និងរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។

អ្នកជំនាញផ្នែកសេដ្ឋកិច្ច លោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថា កម្មវិធីនយោបាយខាងលើនេះ បានបញ្ជាក់យ៉ាងច្បាស់នូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ដែលពិតជាមានគោលដៅជាក់លាក់ក្នុងការជួយជំរុញឱ្យមានកម្លាំងសេដ្ឋកិច្ច បូកជាមួយសមធម៌ក្នុងសង្គម ទាំងការគាំពារលើវិស័យសុខាភិបាល ទាំងកិច្ចគាំពារសង្គម និងការបណ្ដុះបណ្ដាលជំនាញ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានប្រាប់ «កម្ពុជាថ្មី» ថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលថ្មីនេះ មានសារៈសំខាន់ខ្លាំងណាស់ ដែលក្នុងនោះ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម នឹងជួយគាំពារដល់ប្រជាពលរដ្ឋឱ្យមានសមធម៌ក្នុងសង្គម គឺមានន័យថា អ្នកណាក៏ទទួលបានសេវានេះដែរ ខណៈកន្លងមក ការគ្របដណ្ដប់នៃជំនួយគាំពារសង្គមនេះ នៅមានកម្រិតនៅឡើយ។

ចំពោះកម្មវិធីនយោបាយលើវិស័យកសិកម្ម ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចរូបនេះ លើកឡើងថា នេះជាតម្រូវការចាំបាច់ក្នុងការរុញឱ្យប្រជាកសិករ មានចំណូលកើនឡើង តាមរយៈការសម្របសម្រួលរបស់រាជរដ្ឋាភិបាលឱ្យមានទីផ្សារកសិផល ការជំរុញផលិតកម្ម ក៏ដូចជាការរក្សាលំនឹងថ្លៃកសិផល ជាដើម។
មិនខុសគ្នានេះ លោកបណ្ឌិត ដៀប សុផល អ្នកតាមដានសង្គម បានពិនិត្យឃើញថា កម្មវិធីនយោបាយជាអាទិភាពទាំង ៦ចំណុចរបស់រាជរដ្ឋាភិបាលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានលក្ខណៈមុតស្រួច ដែលនឹងផ្ដល់ការលើកស្ទួយសង្គមជាតិចំនួន៤ចំណុច។

បើតាមលោកបណ្ឌិត ដៀប សុផល ការលើកស្ទួយទាំង៤ចំណុចនេះ រួមមាន ការលើកស្ទួយធនធានជាតិ (សំដៅដល់ការពង្រឹងសមត្ថភាពធនធានមនុស្ស) ការលើកស្ទួយជីវភាពប្រជាជន លើកស្ទួយបច្ចេកវិទ្យាទំនើប និងទី៤ លើកស្ទួយដល់សុខមាលភាពប្រជាជន ដែលទាំងនេះនឹងរុញច្រានសេដ្ឋកិច្ចជាតិកាន់រីកចម្រើនឡើង។
លោកបណ្ឌិត ដៀប សុផល ក៏បានបង្ហាញក្ដីសង្ឃឹមថា រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧នេះ ក្រោមការដឹកនារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងបន្តបេសកកម្មពីសម្ដេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនកម្ពុជា ប្រកបដោយសក្តានុពល ក៏ដូចជានាំមកនូវស្ថិរភាពសង្គម និងវឌ្ឍនភាពល្អប្រសើរទ្វេដង៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់