ព័ត៌មានជាតិ
រដ្ឋមន្រ្តីថ្មីក្រសួងអធិការកិច្ច ជាអ្នកខេត្តកំពង់ស្ពឺ ជាបញ្ញវន្តបញ្ចប់ការសិក្សានៅបារាំង
លោក ហួត ហាក់ ជាសមាសភាពរដ្ឋមន្រ្តីថ្មីមួយរូបក្នុងចំណោមសមាភាពរដ្ឋមន្រ្តីថ្មីជាច្រើនរូបទៀត នៃគណៈរដ្ឋមន្ត្រីក្នុងរាជរដ្ឋាភិបាលនីតិកាលទី ៧ ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រមុខថ្នាក់ដឹកនាំ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/366666704_835381961480304_138676777528778227_n-1024x842.jpg)
តាមជីវប្រវត្តិ លោក ហួត ហាក់ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ មុនទទួលតំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច (អតីតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច) ជំនួសលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោកបានបម្រើការងារនៅក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ចបច្ចុប្បន្នក្រសួងអធិការកិច្ចជាង ៣០ ឆ្នាំ តាំងពីតួនាទីជាមន្រ្តីធម្មតារហូតឡើងជារដ្ឋលេខាធិការក្រសួង។
តើរដ្ឋមន្រ្តីថ្មីរូបនេះនរណា មានប្រវត្តិបែបណាដែរ?
ជីវប្រវត្ត
លោក ហួត ហាក់ កើតនៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានលោកឪពុកឈ្មោះ ហួត ឈុន អ្នកម្តាយឈ្មោះ យឹម ហុង និងមានភរិយាឈ្មោះ សុង ធីតា ព្រមទាំងមានកូនប្រុសស្រីចំនួន ៣ នាក់។ គិតនៅត្រឹមឆ្នាំ ២០២៣ លោកមានវ័យ ៥០ ឆ្នាំ។
ការសិក្សាអប់រំ
លោក ហួត ហាក់ បានទទួលការអប់រំបណ្តុះបណ្តាលទាំងក្នុងនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្រ្តនៅមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាសស្រ្តសេដ្ឋកិច្ច និងសញ្ញាបត្រជាមន្ត្រីជាន់ខ្ពស់ផ្នែកការទូតនៅសាលាភូមិន្ទរដ្ឋបាល (ERA) នៅឆ្នាំ២០០១។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/367483580_838345674517266_4624343733733399678_n-1024x619.jpg)
លោកបានបន្តបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយនៅឆ្នាំ ២០០៥ និងថ្នាក់បណ្ឌិតគ្រប់គ្រងធុរកិច្ចពីសកលវិទ្យាល័យ Preston (Preston University) នៅឆ្នាំ ២០០៨។ ដោយស្រឡាញ់ការសិក្សានិងការតស៊ូព្យាយាម លោក ហួត ហាក់ ក៏បានទៅបន្តការសិក្សានៅតាមបណ្តាប្រទេសមួយចំនួនដូចជា ចក្រភពអង់គ្លេស ប្រទេសសឹង្ហបុរី សាធារណៈរដ្ឋប្រជាមានិតចិន ជាពិសេសមានឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារំាង និងទទួលបានសញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងសាធារណៈពីសាលាជាតិរដ្ឋបាលបារាំង (ENA) ដែលជាសាលាដ៏ល្បីល្បាញមួយរបស់អឺរ៉ុប ក្នុងការបណ្តុះបណ្តាលអ្នកនយោបាយ អ្នករដ្ឋបាល អ្នកសេដ្ឋកិច្ច និងអ្នកការទូតជាន់ខ្ពស់។
ចំណេះភាសាបរទេស
ចំពោះភាសាបរទេស លោកអាចប្រើប្រាស់ភាសាបារាំង និងអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។
បទពិសោធន៍ការងារ
ទោះធ្លាប់មានបទពិសោធន៍លើការងារជំនាញផ្សេងៗជាច្រើនដូចជាសាស្ត្រាចារ្យច្បាប់ និពន្ធនាយកសារព័ត៌មាន អ្នករដ្ឋបាល អ្នកច្បាប់ មុខជំនាញការទូត លោក ហួត ហាក់ មិនមែនជាឥស្សរជនថ្មីនោះទេនៅក្នុងវិស័យអធិការកិច្ច។
លោកបានប្រឡូកក្នុងការងារនេះប្រមាណជា ៣០ ឆ្នាំ ដោយធ្លាប់ចូលបម្រើការតាំងពីជាមន្រ្តីធម្មតា ជាប្រធានការិយាល័យ ជាប្រធាននាយកដ្ឋានរដ្ឋបាលនិងបុគ្គលិកពីឆ្នាំ២០០១ ដល់ឆ្នាំ ២០០៨ ជាអនុរដ្ឋលេខាធិការរយៈពេល ១០ ឆ្នាំពីឆ្នាំ ២០០៨ ដល់ឆ្នាំ២០១៨ និងជារដ្ឋលេខាធិការទទួលបន្ទុកការងារទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ នៅក្រសួងផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/126673-1024x794.jpg)
ការប្តេជ្ញាចិត្តលើតួនាទីថ្មី
រាជរដ្ឋាភិបាលនៅក្នុងអណត្តិថ្មី បានដាក់ចេញឱ្យអនុវត្តកម្មវិធីនយោបាយនានា និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលបន្តផ្តោតការយកចិត្តទុកដាក់ជាសំខាន់ ទៅលើការកែទម្រង់កាន់តែស៊ីជម្រៅ និងកាន់តែទូលំទូលាយជាងមុន ក្នុងន័យចូលរួមថែរក្សាសមិទ្ធផលចាស់ ដែលអ្នកដឹកនាំរៀមច្បងជំនាន់មុនបានកសាងហើយអ្នកបន្តវេនជំនាន់ថ្មីនេះ ក៏រួមគ្នាប្តេជ្ញាបង្កើតសមិទ្ធផលថ្មីបន្ថែមទៀតផងដែរ។
កាន់តួនាទីដឹកនាំនៅក្រសួង លោក ហួត ហាក់ បានប្តេជ្ញាយ៉ាងមុតមាំចងចាំជានិច្ចនូវអភិក្រមការងារទាំង ៥ យ៉ាង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។
លើសពីនោះ រដ្ឋមន្រ្តីអធិការកិច្ចថ្មីរូបនេះក៏បានរៀបចំនូវការកំណែទម្រង់ជាអាទិភាពមួយចំនួនសំដៅអនុវត្តឱ្យបានជោគជ័យនូវបេសកកម្មចំបងរបស់ក្រសួង ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ប្រគល់ជូន ដើម្បីធានាបាននូវវប្បធម៌សុចរិតភាព តម្លាភាព គណនេយ្យភាព មនសិកាវិជ្ជាជីវៈ និងការពង្រឹងវិន័យការងារ ក៏ដូចជាការតាំងចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមអនុវត្តឱ្យបានជោគជ័យ កម្មវិធីនយោបាយនានា របស់រាជរដ្ឋាភិបាលអាណត្តិទី ៧ និងផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃអាណត្តិទី៧នេះ។
តាមរយៈចំណេះដឹង និងបទពិសោធន៍ការងារប្រមាណជា ៣០ ឆ្នាំ រួមជាមួយការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេ លោកប្តេជ្ញានឹងបន្តរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តគោលនយោបាយរបស់រាជរាដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជាពិសេសក្នុងវិស័យអធិការកិច្ចនេះ តាមរយៈការពង្រឹងសកម្មភាពនានា ដែលរួមមានជាអាទិ៍ ការងារតាមដានត្រួតពិនិត្យ ការធ្វើអធិការកិច្ចលើគ្រប់វិស័យ ការទទួលនិងដោះស្រាយពាក្យបណ្តឹង ការការពារទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិស្របច្បាប់របស់ប្រជាពលរដ្ឋ ការប្រឆាំងនឹងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា ការលើកកម្ពស់អភិបាលកិច្ចល្អ និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ជាការចំណែកយ៉ាងសំខាន់ជួយដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព ធ្វើឱ្យរដ្ឋបាលសាធារណៈកាន់តែស្អាតស្អំ មានគុណភាព ដែលជាការឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទូទៅ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?