ព័ត៌មានជាតិ
ប្រវត្តិតស៊ូឥស្សរជនកំពូលកម្ពុជា ៧ រូប រំលេចចងក្រងជាសៀវភៅនិងភាពយន្ត ទុកជាការចងចាំដល់យុវជនជំនាន់ក្រោយ
ឥស្សរជនជាថ្នាក់ដឹកនាំកម្ពុជាចំនួន ៧ រូប ដែលបានតស៊ូសាងគុណបំណាច់ដល់ជាតិមាតុភូមិ ត្រូវបានចងក្រងជាសៀវភៅ និងផលិតជាខ្សែភាពយន្ត បន្សល់ទុកជាប្រវត្តិសាស្រ្តចងចាំសម្រាប់ដល់មនុស្សគ្រប់ស្រទាប់វណ្ណៈ និងយុវជនជំនាន់ក្រោយ។

ការរំលេចពីប្រវត្តិតស៊ូរបស់ឥស្សរជនកម្ពុជា ៧ រូប ដើម្បីបង្ហាញពីការលះបង់ និងសាងគុណបំណាច់ចំពោះជាតិ តាំងពីក្នុងដំណាក់កាលប្រទេសមានសង្រ្គាម រហូតនាំប្រទេសជាតិមានស្ថេរភាពមានការអភិវឌ្ឍរីកចម្រើន។
១. សម្ដេចតេជោ ហ៊ុន សែន
ប្រវត្តតស៊ូរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោក ពៅ សុខ ទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ លើកយកមកចងក្រងជាសៀវភៅដើម្បីទុកដល់កូនខ្មែរជំនាន់ក្រោយបានដឹងពីប្រវត្តិស្នាដៃ ការកសាងប្រទេសជាតិ និងការតស៊ូជាច្រើនកន្លងមក។
លោក ពៅ សុខ បានចងក្រងសៀវភៅ «សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា» ដែលលោកបានចំណាយពេលជាង ១០ ឆ្នាំ សិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យផ្សេងៗជាមួយសៀវភៅដែលមានកម្រាស់ជាង ៦០០ទំព័រ។
នៅក្នុងសៀវភៅនេះ បង្ហាញពីវីរភាពដ៏អង់អាចក្លាហានរបស់ថ្នាក់នាំជាតិនៃគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល បានលះបង់អាយុជីវិត លះបង់គ្រួសារ យកអាយុជីវិតធ្វើជាដើមទុន ដើម្បីស្វែងរកសន្តិភាព និងបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា។
សៀវភៅនេះ ក៏បានរំលេចពីមហាគុណសម្បត្តិ គុណបំណាច់ដ៏ធំធេងរបស់សម្តេច តេជោ ហ៊ុន សែន ក្នុងការធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជាតិមាតុភូមិនិងប្រជាជនកម្ពុជា។

សៀវភៅមានចំណងជើងថា «អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី» ភាគ១ ដែលបានបោះពុម្ពផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ មានកម្រាស់ជាង ៤០០ ទំព័រ ជាស្នាដៃមួយទៀតរបស់លោក ពៅ សុខ ក៏បានសរសេររៀបរាប់ពីដំណើរស្វែងរកសន្តិភាពរបស់សម្តេច ហ៊ុន សែន ចាប់ពីអំឡុងឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៣។

សៀវភៅនេះលើកបង្ហាញពីមេរៀនយុទ្ធសាស្រ្ត សារអប់រំសម្រាប់អ្នកនយោបាយជំនាន់ក្រោយ ឬមនុស្សគ្រប់ជំនាន់តទៅមុខទៀតយកជាគំរូដើម្បីបញ្ចៀសការបែកបាក់ជាតិ និងដើម្បីរំលត់បញ្ចប់សង្រ្គាម បង្រួបបង្រួម ផ្សះផ្សាជាតិ ដើម្បីសន្តិភាពនៅកម្ពុជាទាំងមូល។
ដោយឡែក «សៀវភៅ សម្ដេច ហ៊ុន សែន ៣ យន្តការឈ្នះកូវីដ-១៩» ជាស្នាដៃរបស់លោក ពៅ សុខ បានបង្ហាញកាន់តែច្បាស់អំពីទេពកោសល្យសិល្បៈនៃកការដឹកនាំ ការចាត់ចែង ការបែងចែកការងារដ៏ប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំង ការទប់ស្កាត់ ការរីករាលដាលជំងឺដ៏កាចសាហាវកូវីដ-១៩។

២. សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
ស្ថិតក្រោមស្នាដៃរបស់លោក ពៅ សុខ ដដែល សៀវភៅ «ទឹកចិត្តអ្នកជួយសង្គ្រោះ» ដែលមានកម្រាស់ជាង ៤០០ទំព័រ ចេញផ្សាយកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ បានរៀបរាប់ពីដំណើរជីវិតដ៏ជូរចត់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងប្រជាជនខ្មែរក្នុងសម័យសង្រ្គាមបង្ហូរឈាមរវាងខ្មែរ និងខ្មែរ និងយុគសម័យដ៏មហារន្ធត់វេទនា នៃការកាប់សម្លាប់ បង្អត់អាហារ ធ្វើការហួសកម្លាំង៣ឆ្នាំ ៨ខែ២០ថ្ងៃ ដែលដឹកនាំដោយ ពួក ខ្មែរក្រហម ប៉ុល ពត។

ដោយឡែក លោក ឆាយ សុផល អ្នកនិពន្ធសៀវភៅដ៏ល្បីមួយរូបទៀត ក៏បានចងក្រងសៀវភៅប្រវត្តិស្ត្រីខ្មែរទី១ ក្រោមចំណងជើងថា «ប៊ុន-រ៉ានី ភរិយាបុរសខ្លាំងនៃកម្ពុជា» «BUN RANY – THE WIFE OF CAMBODIA’S STRONG MAN»។

សៀវភៅមួយក្បាលនេះ បានចេញផ្សាយជាភាសាខ្មែរនៅថ្ងៃទី១៩ ខែឆ្នូ ឆ្នាំ២០១៩ និងជាភាសាបរទេសនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។ សៀវភៅនេះមានកម្រាស់ជាង ៣០០ទំព័រ និងបានបោះពុម្ពផ្សាយចំនួន ៣ ម៉ឺនច្បាប់សម្រាប់លក់ និងចែកចាយដល់ថ្នាក់ដឹកនាំនិងដាក់តម្កល់តាមបណ្ណាល័យនានា។
«ប៊ុន-រ៉ានី ភរិយាបុរសខ្លាំងនៃកម្ពុជា» គឺជាសៀវភៅដែលបានចងក្រងឡើងឆ្លុះបញ្ចាំងពីជីវិតពិតរបស់សម្ដេច ប៊ុន រ៉ានីផ្ទាល់ និងបទពិសោធន៍ដែលបានឆ្លងកាត់នូវរាល់កាលៈទេសៈគ្រប់រសជាតិ ផ្អែម ល្វីង ជូរចត់ ទម្រាំបានដូចបច្ចុប្បន្ន។


សៀវភៅនេះ ក៏បានឆ្លុះបញ្ចាំងពីជីវិតរបស់ សម្ដេច ប៊ុន រ៉ានី តាំងពីនៅកុមារភាព ប្រវត្តិនៃការសិក្សា ការក្លាយជាមេទ័ព ការបែកពីស្វាមី ស្ថិតនៅក្នុងសម័យនៃការសម្លាប់ផ្ដាច់ពូជ ព្រមទាំងបង្ហាញពីការបំពេញតួនាទីជាម្ដាយ ជាភរិយារបស់ថ្នាក់ដឹកនាំ និងពេលដែលសម្ដេច ប៊ុន រ៉ានី បាត់បង់ឪពុកនៅក្នុងរបបខ្មែរក្រហម។ លើសពីនេះ សៀវភៅ «ប៊ុន-រ៉ានី ភរិយាបុរសខ្លាំងនៃកម្ពុជា» ក៏បានបង្ហាញឱ្យដឹងថា សម្តេច ប៊ុន រ៉ានី ចេះក្បួនសឹក និងធ្លាប់ធ្វើសង្គ្រាមតតាំងនឹងសត្រូវដោយអាចប្រើកាំភ្លើងជាច្រើនប្រភេទនិងចេះគប់គ្រាប់បែកជាដើម។
៣. ឯកឧត្ដមទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត
ប្រវត្តិរបស់ឯកឧត្ដមបណ្ឌិតទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានីតិកាលទី៧ ក៏ត្រូវការចងក្រងឡើងជាសៀវភៅមួយក្បាលដ៏មានតម្លៃ ក្រោមស្នាដៃតែងរបស់លោក ពៅ សុខ សមាជិកក្រុមក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។

សៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិពល» ដែលលោក ពៅ សុខ បានចំណាយពេលក្នុងការស្រាវជ្រាវជាង ៨ ឆ្នាំ មានកម្រាស់ ៣៩០ ទំព័រ។ សៀវភៅនេះបាននិយាយរៀបរាប់ពីដំណើរជីវិតរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តាំងពីថ្ងៃចាប់កំណើតនិងកុមារភាព រហូតដល់លោកចូលប្រឡូកក្នុងសមរភូមិនយោបាយ និងសង្គ្រាមបង្ខូចកិត្តិយសដ៏ក្ដៅគគុករបស់ក្រុមអ្នកប្រឆាំង។ ជាងនេះទៀតក៏បានបង្ហាញពីចំណេះដឹង និងទេពកោសល្យនៃការដឹកនាំរបស់បណ្ឌិត ហ៊ុន ម៉ាណែត។
សៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិពល» បានតម្កល់ទុកនៅតាមបណ្ណាល័យទូទាំងរាជធានីខេត្តផងដែរ។
ដោយឡែក លោក ឆាយ សុផល ក៏បានចងក្រងសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅការបន្តវេន ហ៊ុន ម៉ាណែត»។ សៀវភៅ “កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត” មិនត្រឹមតែផ្តោតលើប្រវត្តិសកម្មភាពរបស់ឯកឧត្តម ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំពីទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គមផងដែរ។

៤. ឯកឧត្ដម ហ៊ុន ម៉ានី
ស្នាដៃនិពន្ធរបស់លោក លាង ដឺលុច ដែលជាអ្នកកាសែតជើងចាស់មួយរូបបានរៀបចំចងក្រងសៀវភៅរៀបរាប់ពីឯកឧត្ដម ហ៊ុន ម៉ានី កូនប្រុសសម្ដេចតេជោ ដែលមានចំណងជើងថា «ក្តីសង្ឃឹម ហ៊ុន ម៉ានី» ដែលបានដាក់សម្ពោធកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។
សៀវភៅ «ក្តីសង្ឃឹម ហ៊ុន ម៉ានី» ដែលមានកម្រាស់ជិត ២៦០ ទំព័រ បានរំលេចឱ្យឃើញពីភាពលេចធ្លោនៅក្នុងការដឹកនាំសម័យថ្មីរបស់ឯកឧត្តម ហ៊ុន ម៉ានី ដែលជាអ្នកនយោបាយបន្តវេនមួយរូបដ៏គួរឱ្យចាប់អារម្មណ៍ ហើយដែលតែងតែលេចមុខជួយកិច្ចការសម្ដេចតេជោ។ ក្នុងសៀវភៅ «ក្តីសង្ឃឹម ហ៊ុន ម៉ានី» ក៏ឆ្លុះបញ្ចាំងពីសកម្មភាពការងារ ទឹកចិត្ត គំនិត សេចក្ដីស្នេហា ចំពោះប្រទេសជាតិ និងប្រជាជន របស់ឯកឧត្ដម ហ៊ុន ម៉ានី បានយ៉ាងច្បាស់ផងដែរ។


៥. សម្ដេច ពិជ័យសេនា ទៀ បាញ់
ខ្សែជីវិតស្ទើរទាំងស្រុងរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏ត្រូវបានលោកឧត្ដមសេនីយ៍ ណឹម សុវត្ថិ ចងក្រងឡើងជាសៀវភៅក្រោមចំណងជើងថា «ជនដែលត្រូវគេបាញ់»។
ការចងក្រងចេញជាសៀវភៅមួយក្បាលនេះឡើងបង្ហាញពីខ្សែជីវិតពិត និងជីវប្រវត្តិរបស់សម្ដេច ពិជ័យ សេនា ទៀ បាញ់ ដែលបានតស៊ូឆ្លងកាត់ឧបសគ្គជាច្រើនរួមទាំងកាណុងកាំភ្លើងដ៏គួរឱ្យតក់ស្លុត ក្នុងទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់ពីអតីតកាល។

សៀវភៅ «ជនដែលត្រូវគេបាញ់» ជាឯកសារប្រវត្តិសាស្ត្រមួយដ៏សំខាន់ រៀបរាប់អំពីព្រឹត្តិការណ៍ពិតដែលបានកើតឡើងនៅក្នុងតំបន់ខេត្តកោះកុងអំឡុងទសវត្សរ៍ ៤០ ដល់ចុងទសវត្សរ៍ ៧០។
ស្នាដៃចងក្រងសៀវភៅ «ជនដែលត្រូវគេបាញ់» ក៏រៀបចំឡើងផលិតជាភាពយន្តខ្នាតធំដែលបានសម្ពោធផលិតជាផ្លូវការ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៧ ក្រោមអធិបតីភាពរបស់សម្ដេចពិជ័យសេនា ទៀ បាញ់។
៦. សម្ដេចពញាចក្រី ហេង សំរិន
សៀវភៅក្រោមចំណងជើងថា «ការតស៊ូរបស់ប្រជាជន៖ កម្ពុជារស់ឡើងវិញ» គឺជាសៀវភៅដែលឆ្លុះបញ្ចាំង ជីវប្រវត្តិ ជីវិត នៃការតស៊ូ របស់សម្ដេចពញាចក្រី ហេង សំរិន ក្នុងការចូលរួមជួយស្រោចស្រង់ប្រទេស ឱ្យរួចផុតពីរបរប្រល័យពូជសាស្ត្រ ហើយបានបោះពុម្ពជាភាសាខ្មែរលើកទី១ នៅក្នុងឆ្នាំ២០១៣។

«ការតស៊ូរបស់ប្រជាជន៖ កម្ពុជារស់ឡើងវិញ» ក៏ត្រូវបានសរសេរចេញជាភាសាបរទេសគឺ «The People’s struggle, Cambodia reborn» ដែលមានកម្រាស់ជាង ១៥០ ទំព័រ រៀបរាប់ពីជីវប្រវត្តិរបស់សម្ដេច ហេង សំរិន តាំងពីកុមារភាព រហូតដល់ឆ្នាំ១៩៧០ នៅពេលដែលសម្ដេចបានតស៊ូសង្គ្រោះជាតិប្រឆាំងនឹងពួកបរទេសឈ្លានពាន ក៏ដូចជាការភៀសខ្លួនទៅប្រទេសវៀតណាម និងការខិតខំកសាងប្រទេសឡើងវិញបន្ទាប់ពីរបបប្រល័យពូជសាស្ត្របានដួលរលំទៅ។

៧. សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម
ដោយឡែកជីវប្រវត្តិនិងការតស៊ូរបស់សម្តេច ជា ស៊ីម ក៏ត្រូវបានរៀបរៀងនិងចងក្រងឡើងជាខ្សែភាពយន្តដែលមានចំណងជើងថា «ផ្លូវចាស់»។

ខ្សែភាពយន្តរឿង «ផ្លូវចាស់» បានឆ្លុះបញ្ចាំងនិងដកស្រង់ចេញពីខ្សែជីវិតពិតរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ក្នុងការតស៊ូលះបង់ខ្លួនឯង ក្រុមគ្រួសារ គ្រប់បែបគ្រប់យ៉ាង ងើបឡើងប្រឆាំងទៅនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតឈានដល់ពឹងពាក់កងទ័ពវៀតណាម ដើម្បីរំដោះប្រទេសជាតិនិងប្រជាជនខ្មែរ៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៥ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន