ព័ត៌មានជាតិ
សហគ្រាសជិត ៨ពាន់ បានចុះបញ្ជីនៅពន្ធដារ រយៈពេល ៧ខែឆ្នាំនេះ
អគ្គនាយកពន្ធដារ បានទទួលការស្នើសុំចុះបញ្ជីសរុបចំនួន ៩៤០០សហគ្រាស រយៈពេល ៧ខែ ឆ្នាំ ២០២៣ ក្នុងនោះ សហគ្រាសដែលបានអនុញ្ញាតឱ្យចុះបញ្ជីមានចំនួន ៧៨៥៧ ស្មើនឹង ៨៤ភាគរយ។
បើតាមអគ្គនាយកពន្ធដារ ការចុះបញ្ជីពន្ធ ជាមុខងារប្រតិបត្តិការស្នូលដ៏សំខាន់មួយ ដែលអគ្គនាយកដ្ឋានពន្ធដារតែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ ព្រោះការចុះបញ្ជីពន្ធដារ គឺជាប្រភពទិន្នន័យដ៏សំខាន់គាំទ្រដល់ការគ្រប់គ្រងការដាក់លិខិតប្រកាស ការធ្វើសវនកម្ម ការប្រមូលបំណុលពន្ធ និងបណ្ដឹងតវ៉ា និងការងារផ្សេងទៀត សំដៅប្រមូលចំណូលពន្ធប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ពិសេសកែលម្អបរិយាកាសអាជីវកម្ម ធានាបាននូវការប្រកួតប្រជែងដោយស្មើភាព។
ទន្ទឹមនឹងការជំរុញការងារចុះបញ្ជី អគ្គនាយកដ្ឋានពន្ធដារ ក៏បានដាក់ចេញនូវវិធានការនានាដើម្បីធានាបានភាពត្រឹមត្រូវនៃការចុះបញ្ជី ដូចជាការចុះអង្កេតផ្ទាល់ដល់ទីតាំងជាដើម។ អគ្គនាយកដ្ឋានពន្ធដារ បានសង្កត់ធ្ងន់ថា នឹងបង្វែរការស្នើសុំ ឬបដិសេធការស្នើសុំ ចុះបញ្ជីចំពោះសហគ្រាសដែល មិនបានបំពេញព័ត៌មាន និងផ្ដល់ឯកសារភ្ជាប់ត្រឹមត្រូវ, មិនគោរពតាមលក្ខខណ្ឌតម្រូវរបស់រដ្ឋបាលសារពើពន្ធ ជាប់ទាក់ទិននឹងសហគ្រាស ឬសមាគម ឬអង្គការនានា ដែលមានជំពាក់បំណុលពន្ធ, សហគ្រាសមិនមានទីតាំង ឬទីកន្លែងធ្វើអាជីវកម្មជាប់លាប់ និងកន្លែងធ្វើសកម្មភាព អាជីវកម្មមិនសមស្រប នឹងកម្មវត្ថុអាជីវកម្មដែលបានស្នើសុំ ជាដើម។
កំណើននៃការស្នើសុំចុះបញ្ជីរបស់សហគ្រាស គឺជាសញ្ញាល្អក្នុងការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ។ ជាក់ស្តែងរយៈពេល ៧ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលពន្ធដារ ប្រមូលបានមានចំនួន ៩ ៣៦៧,៤៤ ប៊ីលានរៀល (ប្រមាណជា ២ ៣១២,៩៥ លានដុល្លារ) ស្មើនឹង ៦៤,៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់កម្ពុជាថ្មីថា ចំណូលពន្ធផ្ទៃក្នុងកើន មានន័យថា កំណើនសេដ្ឋកិច្ចល្អប្រសើរ។ «កាលណាចំណូលផ្ទៃក្នុងកើនឡើង គឺជាក្តីរំពឹង និងសប្បាយរីករាយរបស់រដ្ឋ និងប្រជាពលរដ្ឋ ព្រោះរដ្ឋមានថវិកា សម្រាប់ទ្រទ្រង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីអភិវឌ្ឍសង្គមជាតិ»។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបន្តថា ចំណូលពន្ធនេះ មានសារៈសំខាន់ណាស់ ទាំងចំណូលពន្ធដារ និងពន្ធគយ។
បើតាមអ្នកឧកញ៉ា លឹម ហេង វិស័យដែលផ្តល់ចំណូលខ្ពស់សម្រាប់ពន្ធដារ មានដូចជា វិស័យឧស្សាហកម្ម សេវាកម្ម ពាណិជ្ជកម្ម និងអចលទ្រព្យ ជាដើម៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត