ព័ត៌មានជាតិ
លោក សូ ណារ៉ូ ត្រូវជួយនាយករដ្ឋមន្ត្រីលើកិច្ចការអាស៊ាន ខណៈលោក ហ្សង់ហ្វ្រង់ស័រ ជួយកិច្ចការបរទេស
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបែងចែកភារកិច្ចដល់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទាំង២៩រូប ដើម្បីសំដៅជួយការងាររបស់នាយករដ្ឋមន្ត្រី។ ក្នុងនោះ លោក សូ ណារ៉ូ ត្រូវជួយនាយករដ្ឋមន្ត្រីលើកិច្ចការអាស៊ាន ខណៈលោក តាន់ ហ្សង់ហ្វ្រង់ស័រ ទទួលបន្ទុកលើកិច្ចការបរទេស។

សេចក្ដីសម្រេចរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានសម្រេចប្រគល់ភារកិច្ច ឱ្យលោក សូ ណារ៉ូ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកលើកិច្ចការអាស៊ាន និងលោក តាន់ ហ្សង់ហ្វ្រង់ស័រ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការការបរទេស និសហប្រតិបត្តិការអន្តរជាតិ។
ក្រៅពីឥស្សរជន ២រូបខាងលើ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានបែងចែកភារកិច្ចដល់បណ្ដារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីផ្សេងៗទៀត ដូចជា លោក ម៉ម សារិន ជួយលើកិច្ចការសម្របសម្រួលទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ជាមួយនឹងអង្គការនីតិប្បញ្ញត្តិ ហើយលោក ស្រ៊ី ថាមរុង្គ ត្រូវទទួលបន្ទុកលើការសម្របសម្រួលកិច្ចការទំនាក់ទំនងអន្តរជាតិ។

លោក យូ ស៊ុនឡុង ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើកិច្ចការសន្តិសុខ ខណៈលោក សោម សឿន ត្រូវទទួលបន្ទុកក្នុងការសម្របសម្រួលទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមួយនឹងបណ្តគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល។
លោក ឯក ស៊ុនចាន់ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលទទួលបន្ទុកជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោក គង់ វិបុល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក គុណ ញឹម ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

រីឯ លោក សុន គន្ធរ ទទួលបន្ទុកជាអនុប្រធានឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ហើយរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីចំនួន ២រូប គឺលោក ង៉ោ សុវណ្ណ និងលោក ឡាំ ហេងហួត ទទួលបន្ទុកជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ សម្រាប់លោក ផៃ ស៊ីផាន ត្រូវជួយលើកិច្ចការសាធារណៈមតិ លោក ឈឹម ផលវរុណ ត្រូវបន្តភារកិច្ចជាប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដដែល។

លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ទទួលបន្ទុកជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ លោក ព្រាប កុល ទទួលបន្ទុកជួយលើកិច្ចការទំនាក់ទំនងជាមួយអង្គការក្រៅរដ្ឋាភិបាលជាតិ-អន្តរជាតិ និងលោក ជួន សុវណ្ណ មានភារកិច្ចទទួលខុសលើកិច្ចការសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
ចំណែក លោក សំហេង បុរស ទទួលជួយឯកឧត្តមនាយករដ្ឋមន្ត្រីលើកិច្ចការពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម លោក ឈួន ដារ៉ា ទទួលបន្ទុកលើកិច្ចការពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម លោក គីម ប៊ុនថាន ដែលជាមេទ័ពម្នាក់តែងអមដំណើរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កាលធ្វើជាមេបញ្ជាការកងទ័ព គឺត្រូវទទួកភារកិច្ចលើកិច្ចការការពារជាតិ។

លោក សុខ សារ៉ាវុឌ្ឍ ទទួលបន្ទុកលើកិច្ចការសេដ្ឋកិច្ច និងសង្គម លោក ប៉ែន បូណា ទទួលបន្ទុកជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកស្រី កុយ ពិសី ទទួលបន្ទុកលើកិច្ចការព្រំដែន និងទេសចរណ៍ និងលោក រ័ត្ន សណ្តាប់ ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើកិច្ចការប្រវត្តិសាស្ត្រ និងវប្បធម៌។
ដោយឡែក រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីចំនួន ៥រូបទៀត គឺលោក អ៊ុង ស៊ាន លោក ហ៊ុន ស៊ីថា លោក កែវ បាភ្នំ លោក សារ៉ាក់ ខាន់ និងលោក ឡុង វិសាលោ ត្រូវទទួលភារកិច្ចដែលនាយករដ្ឋមន្ត្រីប្រគល់ឱ្យតាមភាពជាក់ស្ដែង ផងដែរ៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ