Connect with us

ព័ត៌មានជាតិ

​​កម្ចីក្រោម ៥ ម៉ឺន​ដុល្លារ​ ត្រូវ​អនុវត្ត​ទម្រង់​លក្ខខណ្ឌ​កិច្ចសន្យា​​រួម​តែមួយ​គ្រប់​ធនាគារ​ទាំងអស់

បានផុស

នៅ

ស្ដង់ដាកិច្ចសន្យាឥណទាន និងខចែង​ស្ដង់ដាកិច្ចសន្យាឥណទានសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ​​ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោយដំណើរការ​រៀបចំ​និង​​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ពី​អ្នក​ច្បាប់​ឯករាជ្យ​រួច​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ជា សិរី ទេសាភិបាល​ធនាគារ​ជាតិនៃ​​កម្ពុជា​បាន​លើក​ឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ដង់ដាកិច្ចសន្យាឥណទាន និងខចែង​ស្ដង់ដាកិច្ចសន្យាឥណទានសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅ​ព្រឹកនេះ​​ថា ការ​បង្កើត​ស្តង់ដា​ឥណទាន​នេះ​ ជា​គំនិត​ផ្ដួចផ្ដើម​របស់​ធនាគារ​ជាតិនៃ​​កម្ពុជា កើតចេញពីលទ្ធផល​នៃកិច្ចប្រជុំជា​បន្តបន្ទាប់​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ភាគីពាក់ព័ន្ធ និង​ការ​ចូលរួម​ពិគ្រោះដោយ​ក្រុមអ្នកច្បាប់ឯករាជ្យ។

លោកស្រី​អះអាង​ថា ការដាក់ឱ្យប្រើប្រាស់កិច្ចសន្យា​ឥណទាននិងខចែងស្ដង់ដានៃកិច្ចសន្យា​ឥណទាន​ ឆ្លើយតប​ទៅ​កង្វល់​ពី​អ្នកប្រើប្រាស់​កម្ចី​ឥណទានជា​ពិសេសទាក់ទងទៅនឹងលក្ខខណ្ឌ​ផ្សេងៗក្នុង​​កិច្ចសន្យា​កម្ចី​។

«មានការលើកឡើងតវ៉ា​​តាមហ្វេសបុក​កើត​​​ដូចភ្លៀងរលឹម។ ​​ពលរដ្ឋ​កើតកង្វល់​​មិន​សប្បាយ​ចិត្ត​​ពេលចង់​ទៅផ្តាច់កម្ចី ឬចង់​ទៅ​​រំដោះប្លង់​ពីធនាគារ​ពួកគាត់​ថា មានលុយ​សងគេ​ហើយ​ត្រូវ​គេ​ផាក​ពិន័យ​ថែមទៀត»។

លោកស្រី​ ជា សិរី បាន​អះអាង​ថា តាម​រយៈ​ស្តង់ដាកិច្ចសន្យាឥណទាននេះនឹងពង្រឹងយន្តការដោះស្រាយ​​និង​កាត់បន្ថយ​ទំនាស់តវ៉ា​​រវាង​អតិថិជន​ជាមួយ​​គ្រឹះស្ថានហិរញ្ញវត្ថុ។ ស្ដង់ដារកិច្ចសន្យាឥណទាននេះ អាច​ឲ្យ​អតិថិជនងាយយល់ពីលក្ខខណ្ឌចម្បងៗ និងអាចប្រៀបធៀបក្នុងជ្រើសរើសសេវាឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថណាមួយ។

លោក​ស្រី​បាន​បញ្ជាក់ថា ការ​រៀបចំស្ដង់ដារកិច្ចសន្យាឥណទាន និងខចែង​ស្ដង់ដារ​កិច្ចសន្យាឥណទានរួមនេះ​ ដើម្បីធានាពីសិទ្ធិអត្ថប្រយោជន៍របស់អតិថិជន និងការប្រកួតប្រជែងដោយស្មើភាពគ្នា។

លោក សុខ វឿន ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា កន្លងមក​កិច្ចសន្យា​ឥណទាន​ត្រូវ​បាន​ធ្វើ​ឡើង​ដាច់ដោយឡែក​ទៅ​តាម​គ្រឹះស្ថាន​នីមួយៗ។

ដើម្បី​លើក​កម្ពស់​តម្លាភាព និង​កិច្ចការពារ​អ្នកប្រើប្រាស់​នៅ​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ សមាគម​ធនាគារ​នៅកម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក្រោម​គំនិតផ្តួចផ្តើម​របស់​ធនាគារជាតិនៃកម្ពុជា បានប្រឹងប្រែង​រៀបចំ​បង្កើត​ស្តង់ដារ​កិច្ចសន្យា​ឥណទាន ដើម្បី​​ការពារ​ដល់​អតិថិជន​ និង​ធានាបាន​ការប្រកួត​ប្រជែង​ដោយ​ស្មើភាពគ្នា​ក្នុង​ចំណោម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

លោក​បាន​លើក​​ពី​ខ​ចែង​មួយ​ចំនួន​ក្នុង​កិច្ច​សន្យា​ស្តង់ដាឥណទាន​នេះ​​ ​មាន​ដាក់​បញ្ចូល​ទម្រង់និង​លក្ខខណ្ឌ​​ដូចជា​ ករណី​​បង់​ផ្តាច់​មុន​កាល​កំណត់ ការ​ផាកពិន័យ​ ការ​ដក​ប្លង់ពីធនាគារ គឺ​​ត្រូវ​បាន​កំណត់​​ជា​ស្តង់ដា​​រួមតែមួយ​សម្រាប់​អនុវត្ត​​​​គ្រប់​ស្ថាប័ន​ទាំង​អស់។

លោក រ័ត្ន សោភ័ណ អនុប្រធាន​សមាគម​ធនាគារ​បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​ស្តង់ដាកិច្ចសន្យាឥណទានរួមនិងខចែងស្តង់ដានៃកិច្ចសន្យាឥណទាន ដើម្បីជួយឱ្យសមាជិកនៃសមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានទម្រង់ស្ដង់ដារួម ស្របតាមលក្ខខណ្ឌតម្រូវនិង​ស្មារតីនៃច្បាប់ស្តីពីការការពារអតិថិជន។ ស្តង់ដាកិច្ចសន្យាឥណទានរួមនេះ នឹងបន្តចូលរួមលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយតម្លាភាព លើកកម្ពស់កិច្ចការពារអតិថិជន ព្រមទាំងចូលរួមចំណែកអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាប្រកបដោយ ស្ថិរភាព ចីរភាព និងបរិយាបន្ន។

​យ៉ាងណាមិញ បើតាម​អនុប្រធាន​សមាគម​ធនាគារ​ ស្ដង់ដាកិច្ចសន្យាឥណទាន​នេះ អនុវត្ត​តែ​ចំពោះ​ឥណទាន​បញ្ចេញ​ថ្មីឬ​អតិថិជន​ថ្មីតែប៉ុណ្ណោះ។ ដោយឡែកកិច្ចសន្យាឥណទាន ឬ​លក្ខខណ្ឌ​ដែល​មានស្រាប់​​របស់​គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ជាមួយអតិថិជន​ត្រូវរក្សា​ទុក​ដដែល​។

លោកបញ្ជាក់ថា កិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាននេះ នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពីថ្ងៃ ០១ វិច្ឆិកា ឆ្នាំ​២០២៣​ នេះ​តទៅ។

កិច្ចសន្យាឥណទាននិងខចែង​ស្ដង់ដាកិច្ចសន្យាឥណទានដែលប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ ចែកចេញជាបីប្រភេទ៖

១. សម្រាប់ទំហំឥណទានតូចជាង ឬស្មើ ៥០.០០០ដុល្លារ គ្រឹះស្ថាន​ធនាគារនិង​ហិរញ្ញវត្ថុ​តម្រូវ​ឱ្យ​ប្រើ​ទម្រង់​និង​លក្ខខណ្ឌ​ដូចៗគ្នា​នៃ​ស្តង់ដារ​នៃកិច្ចសន្យា​ឥណទាន ដែល​ចេញ​ដោយ​សមាគម​ធនាគារ​នៅ​កម្ពុជានិង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​។

២. សម្រាប់​ទំហំឥណទាន​ចាប់ពី ៥០.០០០ ដុល្លារ រហូតដល់ ១០០.០០០ ដុល្លារ គ្រប់​គ្រឹះស្ថាន​ធនាគារនិងហិរញ្ញវត្ថុ​ទាំងអស់ ត្រូវដាក់បញ្ចូលខចែងស្ដង់ដារនៃកិច្ចសន្យា ដែលត្រូវប្រើ​នៅក្នុង​កិច្ចសន្យា​ឥណទានរបស់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ ដែល​ចេញដោយ​សមាគមធនាគារ​នៅកម្ពុជា និង​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

៣. សម្រាប់​ទំហំឥណទានលើសពី ១០០.០០០ដុល្លារ មិនកំណត់ស្តង់ដារនៃកិច្ចសន្យាឥណទាន ឬខចែងស្ដង់ដារ ណាមួយឡើយ។

កិច្ចសន្យានិងខចែងស្តង់ដារ​រួមនេះ ដាក់ឱ្យ​អនុវត្ត​គ្រប់​​គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ដែល​រួមមាន​ធនាគារ​ពាណិជ្ជ ធនាគារ​ឯកទេស គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុទទួល​ប្រាក់បញ្ញើ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់បញ្ញើ គ្រឹះស្ថាន​ឥណទាន​ជនបទ និង​ក្រុមហ៊ុន​ភតិសន្យាហិរញ្ញវត្ថុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះខ្វះតែ ០,៦០ ម៉ែត្រទៀត ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន

សន្តិសុខសង្គម២៣ ម៉ោង មុន

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

លោក លៀក លីដា ចាត់ទុកការរិះគន់របស់ Allan ជារឿងដែលល្ងង់

Sokha Hotels

ព័ត៌មានពេញនិយម