ព័ត៌មានជាតិ
ទម្រាំក្លាយជារដ្ឋមន្ត្រីគ្រប់គ្រងវិស័យសំណង់-ដីធ្លី តើលោក សាយ សំអាល់ មានប្រវត្តិការងារយ៉ាងណា?
លោក សាយ សំអាល់ គឺជាឧបនាយករដ្ឋមន្ត្រីមួយរូបក្នុងចំណោមឧបនាយករដ្ឋមន្ត្រី១០រូប ដែលជាសេនាធិការនៃរាជរដ្ឋាភិបាលថ្មីរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ ជាឧបនាយករដ្ឋមន្ត្រីនៅកៀកជិតនាយករដ្ឋមន្ត្រី លោក សាយ សំអាល់ ជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលបន្ទុកលើវិស័យសំណង់ និងដីធ្លី ដែលវិស័យនេះ កំពុងក្លាយជាបញ្ហាប្រឈមដ៏ក្ដៅរបស់ជាតិ។ តើលោក សាយ សំអាល់ មានប្រវត្តិយ៉ាងណា ទើបត្រូវបានជ្រើសតាំងឱ្យកាន់កិច្ចការដ៏សំខាន់នេះ?

កើតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៨០ លោក សាយ សំអាល់ គឺជាកូនប្រុសពៅក្នុងចំណោមបងប្អូនពីរនាក់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។ លោក សាយ សំអាល់ ត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជ្រើសតាំងឱ្យកាន់មុខតំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំនួសលោក ជា សុផារ៉ា សម្រាប់សមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា។ ជាមួយនឹងតំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនេះ លោក សាយ សំអាល់ ក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីបន្ថែម។
លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏ជាបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា មណ្ឌលខេត្តព្រះសីហនុ។ ប៉ុន្តែ លោកបានលាលែងពីតំណែងនេះ ដើម្បីទៅបំពេញតួនាទីក្នុងជួររាជរដ្ឋាភិបាលវិញ។ មុនទទួលបានការតែងតាំងតំណែងសំខាន់ៗ នៅពេលនេះ លោក ធ្លាប់បានបំពេញតួនាទីភារកិច្ចសំខាន់ៗជាច្រើន ទាំងក្នុងមុខងារសាធារណៈ ស្ថាប័ននយោបាយ និងអង្គការសង្គមនានា។

ឧបនាយករដ្ឋមន្ត្រីវ័យ ៤៣ឆ្នាំរូបនេះ បានចាប់ផ្ដើមចូលបម្រើការងារដំបូងជាមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងតួនាទីជាអនុប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងស្រាវជ្រាវ ជាអនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការអាជ្ញាធរទន្លេសាប ហើយក្រោយមក លោកបានកាន់ជាអគ្គលេខាធិការរងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។ បន្ទាប់មក នៅឆ្នាំ២០១៣ លោក សាយ សំអាល់ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃរាជរដ្ឋាភិបាល អាណត្តិ ទី៥ ដែលកាលណោះ លោកជារដ្ឋមន្ត្រីវ័យក្មេងជាងគេនៅក្នុងគណៈរដ្ឋមន្ត្រី ត្រឹមវ័យ ៣៣ឆ្នាំប៉ុណ្ណោះ។
រយៈពេល១០ឆ្នាំ ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានបន្តពូនជ្រំមរតកដ៏មានតម្លៃនានាពីអ្នកជំនាន់មុន និងបានខិតខំកសាងបន្ថែមនូវសមិទ្ធិផលថ្មីៗជាច្រើនគួរឱ្យកត់សម្គាល់លើវិស័យបរិស្ថាន និងធនធានធម្មជាតិ ជាអាទិ៍ ការកសាងរដ្ឋបាលទំនើប លើកកម្ពស់សមត្ថភាព-គុណតម្លៃមន្ត្រីរាជការ រៀបចំក្រុមបរិស្ថាន និងធនធានធម្មជាតិ ការពង្រឹងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ព្រមទាំងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ ទន្ទឹមនេះ លោក ក៏បានលើកស្ទួយសេដ្ឋកិច្ចជនបទ លើកកម្ពស់ចំណេះដឹងបរិស្ថាន ការពង្រឹងភាពជាដៃគូជាភាគីពាក់ព័ន្ធ ដោយឈរលើស្មារតីឯករាជ្យ និងភាពជាម្ចាស់ លើកស្ទួយកិត្តិសព្ទនៃកិច្ចការបរិស្ថានកម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈការទូតបៃតងដ៍ប៉ិនប្រសព្វ ជាពិសេសការលក់ឥណទានកាបូន ដែលឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងគោលដៅពីរក្នុងពេលតែមួយ គឺរក្សាព្រៃឈើឱ្យនៅឈរ និងរកចំណូលជួយអភិវឌ្ឍសហគមន៍មូលដ្ឋាន។

ក្នុងក្របខ័ណ្ឌនយោបាយ លោក សាយ សំអាល់ គឺជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ។ ក្នុងតួនាទីនេះ លោក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកៀរគរការចូលរួមយ៉ាងសកម្មពីក្រសួងស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការអនុវត្តរាល់គោលនយោបាយរដ្ឋ សំដៅប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាប៉ូលសេដ្ឋកិច្ចទី២ របស់កម្ពុជា និងចែករំលែកដោយសមធម៌នូវផ្លែផ្កានៃការអភិវឌ្ឍន៍ ក៏ដូចជាធ្វើឱ្យប្រសើរឡើងកម្រិតជីវភាពរបស់ប្រជាជនទូទៅ។
ក្រៅពីការងាររដ្ឋ និងគណបក្ស លោក បាននិងកំពុងចូលរួមក្នុងកិច្ចការសង្គមជាច្រើន ជាពិសេសក្នុងតួនាទីជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជន រាជធានីភ្នំពេញ។ លោក បានចូលរួមចលនាជំរុញលើកទឹកចិត្តដល់សាធារណជន ជាពិសេសយុវជនឱ្យងាកមកគិតគួរស្វែងយល់ពីវប្បធម៌ អរិយធម៌ជាតិ និងសកលលោក តាមរយៈការចូលរួមក្នុងសកម្មភាពសង្គម ការបណ្តុះបណ្តាលជំនាញបច្ចេកទេស សកម្មភាពសិល្បៈ កីឡា និងការលំហែរ ដើម្បីលើកកម្ពស់គុណតម្លៃជីវិត អភិវឌ្ឍបំណិនជីវិត ក៏ដូចជាជំនាញសតវត្សរ៍ទី២១ ប្រែក្លាយប្រជាជនកម្ពុជា ជាពលរដ្ឋសកល។

ក្នុងនាមជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ បានដាក់ចេញគោលការណ៍ដឹកនាំប្រកបដោយភាពច្បាស់លាស់ និងជាក់ស្តែងនិយម ដោយជ្រោងខ្ពស់ទង់សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការទទួលខុសត្រូវរួម តាមគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” ដើម្បីចូលរួមគាំទ្រដល់កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
លោក សាយ សំអាល់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ ក្នុងឆ្នាំ២០០២ ហើយចប់សញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិតជីវសាស្ត្រ ពីសាលាវិទ្យាសាស្ត្រជីវសាស្ត្រ នៃសាកលវិទ្យាល័យ Monash ប្រទេសអូស្ត្រាលី។

ក្នុងនាមជាអ្នកវិទ្យាសាស្ត្រ លោក សាយ សំអាល់ ជឿថា ការអភិវឌ្ឍប្រទេសមួយប្រកបដោយចីរភាព ត្រូវមានបុរេលក្ខខណ្ឌមួយចំនួនជាចាំបាច់ ហើយនៅក្នុងករណីពិសេសដោយឡែករបស់កម្ពុជា បុរេលក្ខខណ្ឌទាំងនោះ គឺសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលត្រូវតែថែរក្សា និងបន្តពង្រឹងឱ្យបានកាន់តែរឹងមាំ។ ក្នុងន័យនេះ លោក តែងតែខិតខំពួនជុំពង្រឹងបុរេលក្ខខណ្ឌទាំងនេះជានិច្ចនៅក្នុងគ្រប់កិច្ចការដែលលោកបាននិងកំពុងបំពេញ ហើយការណ៍នេះបានក្លាយជាទស្សនវិជ្ជាដឹកនាំបែបជាក់ស្តែងនិយមរបស់លោក រហូតមក៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត