ព័ត៌មានជាតិ
អគ្គនាយកថ្មីចំនួន៨ នៃក្រសួងមហាផ្ទៃ បានប្ដេជ្ញាអនុវត្តតាមកម្មវិធីកំណែទម្រង់របស់ក្រសួង
លោក សេង ផល្លី តំណាងឱ្យអគ្គនាយក ទើបតែងតាំងថ្មីចំនួន៨រូប ក្រោមចំណុះក្រសួងមហាផ្ទៃ បានប្ដេជ្ញាបម្រើជាតិ សាសនា និងព្រះមហាក្សត្រ ព្រមទាំងអនុវត្តតាមកម្មវិធីកំណែទម្រង់របស់ក្រសួង។ លោក សេង ផល្លី ប្ដេជ្ញាបែបនេះ ក្នុងពិធីប្រកាសចូលកាន់តំណែអគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី៣០ ខែសីហានេះ ក្រោមវត្តមានរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-2128-1024x683.png)
ក្នុងឱកាសនោះ លោក ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអានព្រះរាជក្រឹត្យតែងតាំងមុខតំណែងលោក សេង ផល្លី ជាអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស លោក ឯក មនោសែន ជាប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា លោក ផាត សុផានិត ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន លោក ហោ សំអាត ជាអគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។ ចំណែក លោក តុប នេត ជាអគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោក សុខ វាសនា ជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ លោក សួស ប្រាថ្នា ជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងលោក ឈន សាណាត ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-2130-1024x683.png)
លោក សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស ដែលទើបបង្កើតថ្មី និងជាតំណាងអគ្គនាយក-ប្រធានអង្គភាពទាំង៨ បានប្ដេជ្ញាចិត្តថា នឹងបំពេញតួនាទី ភារកិច្ច ដោយស្មោះត្រង់ឥតងាករេ ក្នុងការបម្រើជាតិ សាសនា និងព្រះមហាក្សត្រ ព្រមទាំងបម្រើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា។ ទន្ទឹមនេះ លោកក៏ប្ដេជ្ញាគោរព និងអនុវត្តនូវរាល់បទបញ្ជា គោលការណ៍ណែនាំ វិធានការ គោលនយោបាយ ផែនការ ជាពិសេសកម្មវិធីកំណែទម្រង់របស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-2134-1024x683.png)
ឆ្លៀតឱកាសនោះ តាងនាមរាជរដ្ឋាភិបាលកម្ពុជា លោក ស សុខា បានថ្លែងកោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ បានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះមុខ ជាពិសេសគ្រប់កាលៈទេសៈ ការលំបាក និងពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបម្រើប្រជាពលរដ្ឋ នាពេលកន្លងមក។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ដថា ក្រោមការដឹកនាំដោយផ្ទាល់របស់សម្ដេចក្រឡាហោម ស ខេង កាលពីអាណត្តិទី៦ កន្លងទៅ បានដឹកនាំកសាងស្ថាប័នក្រសួងមហាផ្ទៃ និងពង្រឹងការងារបណ្ដុះបណ្ដាលមន្ដ្រីប្រកបដោយជំនាញវីជ្ជាជីវៈ និងក្រមសីលធម៌ ឱ្យក្លាយជាកម្លាំងបង្អែកដ៏រឹងមាំក្នុងការបម្រើសេវាសាធារណៈ និងការចូលរួមថែរក្សាសន្ដិសុខ ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមទាំងមូលគ្រប់កាលៈទេសៈ។ បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានកោតសរសើរចំពោះលោកអគ្គលេខាធិការ អគ្គនាយក សម្រាប់អាណត្តិថ្មីនេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងតួនាទី មុខតំណែងដែលបានប្រគល់ជូននាពេលកន្លងមកផងដែរ៕
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-2132-1024x683.png)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច