ព័ត៌មានជាតិ
ស្ថានទូតចិន ប្រចាំនៅកម្ពុជា រៀបចំការសម្តែងសិល្បះអបអរសាទរអនុស្សាវរីយ៍ខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន
នៅរាត្រីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលសន្នីសិទ្ធសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប មានការរៀបចំសម្តែងសិល្បះអបអរសាទរអនុស្សាវរីយ៍ខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ក្រោមកម្មវិធីផ្លាស់ប្តូរវប្បធម៌ក្រោមប្រធានបទ «ប្រទេសចិនដ៏ស្រស់ស្អាត ខេត្តយូណាន់ដ៏ចម្រុះ-ព័រណ៍»។
កម្មវីធីនេះបានរៀបចំឡើងដោយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ក្រោមអធិបតីភាពលោក យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប និងលោក Zhai Yulong អនុប្រធានគណៈឃោសនា នៃគណៈកម្មាធិបក្សកុម្មុយនិស្តចិនខេត្តយូណាន និងជាប្រធាននាយកដ្នានភាពយន្តខេត្តយូណាន ដោយ មានការចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរជាតិអប្សរា សភាពាណិជ្ជកម្មខេត្ត ព្រមទាំងប្រតិភូនៃខេត្តយូណាន រួមទាំងសិល្បះករ សិល្បះការិនីផងដែរ ។
មានប្រសាសន៍បញ្ជាក់នោះដែរលោក Zhai Yulong អនុប្រធានគណៈឃោសនា នៃគណៈកម្មាធិបក្សកុម្មុយនិស្តចិនខេត្តយូណាន និងជាប្រធាននាយកដ្នានភាពយន្តខេត្តយូណាន បានឲ្យដឹងថា វប្បធម៌ប្រពៃណីប្រទេសចិន មានអាយុកាល៥ពាន់ឆ្នាំមកហើយ ព្រមទាំងបានធ្វើកិច្ចសហប្រតិបត្តិការរវាងវប្បធម៌ចិន និងកម្ពុជា តាមរយៈការទូតបុរាណវិទូ ជីតាក្វាន់ នៅលើទឹកដីកម្ពុជា។ លោកបន្តទៀតថា ប្រទេសកម្ពុជា និងចិន ជាមិត្តដ៏ល្អអស់រយៈពេល៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា ចិន និងបានឆ្លុះបញ្ចាំងឲ្យឃើញចំណងមិត្តភាពរឹងមាំ កម្ពុជានិងចិននៅលើឆាកអន្តរជាតិ ។ ម៉្យាងទៀតដោយខេត្ត យូណាន និងខេត្តសៀមរាប មានសម្ព័ន្ធមេត្រីភាពនឹងគ្នា ព្រមទាំងបានធ្វើការផ្លាស់ប្តូរគណៈប្រតិភូនៃខេត្តទាំងពីរក្នុងការស្វែងយល់ពីវិស័យកសិកម្ម អប់រំ បរិស្ថាន សេដ្ឋកិច្ច សុខាភិបាល ទេសចរណ៍ និងវប្បធម៌ ព្រមទាំងមនុស្សធម៌ទៀតផង ។
ក្នុងនោះដែរលោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប ក៏បានបញ្ជាក់ថា មិត្តភាពកម្ពុជា ចិន កាន់តែមានការរីកចម្រើនទ្វេរឡើង ប្រៀបបានដូចឬសឈើរាប់ពាន់ឆ្នាំ ដូចទៅទឹកទន្លេហូរឥតឈប់ឈរកាត់តាមជ្រលង ដងភ្នំ ប្រំដែនវាលទំនាប។ ក្នុងរយៈពេល៦៥ឆ្នាំមកនេះ ប្រទេសទាំងពីរក៏បានចែករំលែកនូវសមទ្ធិផល នៃប្រភពទឹកទន្លេតែមួយ។ ម៉្យាងទៀត ព្រទេសកម្ពុជា ចិន តែងប្រកាន់ភ្ជាប់នូវមាគ៌ា ការគោរពគ្នា ជួយជ្រោមជ្រែងគ្នា រៀនសូត្រពីគ្នាទៅវិញទៅមក និងបង្កើនសហប្រតិបត្តិការល្អ ដើមី្បក្លាយជាសហគមន៍ជោគវាសនាតែមួយ ឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរ និងសម្រេចបានការកសាងបុព្វហេតុ មិត្តភាពនៃប្រជាជនប្រទេសទាំងពីរ។
លោកបានបន្តទៀតថា រាត្រីនេះប្រទេសយើងទាំងពីរ ក៏ដូចខេត្តយូណាន និងខេត្តសៀមរាប ធ្វើការសម្តែងសិល្បះរួមគ្នា ក្នុងការផ្លាស់ប្តូរបទពិសោធន៍ នៃវប្បធម៌ប្រទេសទាំងពីរដើមី្បបង្កើននូវភាពស្អិតរមូតលើគ្រប់វិស័យ។ លោក Liu Zhijie បានបញ្ជាក់ថា ដើម្បីការពាររមណីយដ្ឋានអង្គរប្រកបដោយចេរភាព ចិនបានឆ្លើយតបតាមការអំពាវនាវរបស់អង្គការយូណេស្កូ និងរាជរដ្ឋាភិបាលកម្ពុជាសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដ៏ទំនើបលើទុនវិនិយោគចំនួន១ពាន់១០០លានដុល្លារអាមេរិក ដែលមានក្រុមហ៊ុនមកពីខេត្តយូណាន ជាអ្នកស្ថាបនា សាងសង់អាកាសយានដ្ឋាននេះផងដែរ ។
មានប្រសាសន៍នោះដែរក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក យុន លីនណេ បានសម្តែងនូវអំណរគុណដែលបានចូលក្នុងពិធីផ្លាស់ប្តូរវប្បធម៌នាពេលនេះ គឺបានបង្ហាញពីកិច្ចសហការរវាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងវប្បអធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌ក្រោមប្រធានបទ «ប្រទេសចិនដ៏ស្រស់ស្អាត ខេត្តយូណាន់ដ៏ចម្រុះព័រណ៍» ដើម្បីអបអរសាទរខួបលើកទី ៦៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជានាពេលនេះ បានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ជាបងជាប្អូនរវាងប្រទេសយើងទាំងពីរកម្ពុជា-ចិន ដែលមានទំនាក់ទំនងគ្នាតាំងតែពីសម័យអង្គរមក។
លោកបានបន្តទៀតថា កម្មវិធីផ្លាស់ប្តូរវប្បធម៌នេះដែរ នឹងជួយជម្រុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងសាធារណរដ្ឋប្រជាមានិតចិន និង ព្រះរាជាណាចក្រកម្ពុជា ជាពិសេសដើម្បីជំរុញនិងទាក់ទាញវិនិយោគិន ក៏ដូចជាភ្ញៀវទេសចរចិន ចូលមកបណ្តាក់ទុន និងទស្សនាខេត្តសៀមរាបកាន់តែច្រើនទ្វេដងថែមទៀត។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទំនាក់ទនងនិងកិច្ចសហ-ប្រតិបត្តិការរវាងកម្ពុជា និងប្រទេសដៃគូសម្ព័ន្ធមេត្រីភាព ពិសេសគឺប្រទេសចិនត្រូវបានលើកកម្ពស់មួយ កម្រិតធំថែមទៀតរហូតប្រសិទ្ធនាមថា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ជាមិត្តដែកថែប ហើយកម្ពុជាតែងប្រកាន់ជំហរ គាំទ្រគោលនយោបាយការបរទេសចិន ជាពិសេសគោលនយោបាយចិនតែមួយ និងគំនិតផ្តួចផ្តើមស្តីពី “BRI រឺគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ ”។
លោកក៏បានលើកផងដែរថា រដ្ឋបាលខេត្តបាននិងកំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយបណ្តា ខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាពនានា ជាពិសេសខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាព នៃសាធារណរដ្ឋប្រជាមានិតចិនលើវិស័យអាទិភាពជាច្រើនដូចជាវិស័យកសិកម្ម អប់រំ បរិស្ថាន សេដ្ឋកិច្ច សុខាភិបាល ទេសចរណ៍ និងវប្បធម៌ជាដើម។ លទ្ធផលជាផ្លែផ្កាដែលស្តែង ចេញពីទំនាក់ទំនងនេះ ខេត្តសៀមរាបក៏ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនតាមរយៈ ការបណ្តុះបណ្តាលធនធានមនុស្ស ការអភិរក្ស និងជួសជុលប្រាសាទបុរាណ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងជាពិសេសគម្រោងសាងសង់អាកាសយាន- ដ្ឋានអន្តរជាតិថ្មីក្នុងខេត្តសៀមរាប ដែលជាជំនួយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែល គ្រោងនឹងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការក្នុងពេលឆាប់ៗខាងមុននេះ៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា