Connect with us

ព័ត៌មានជាតិ

លម្អិត​ខ ចែងទាំង​ ៥ ចំណុច​ទើប​ប្រកាស​ចេញថ្មីៗ​ អ្នកខ្ចីលុយធនាគារ​គួរ​ដឹង​

បានផុស

នៅ

សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា (CMA) ទើប​តែ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ស្តង់ដា​កិច្ចសន្យា​ឥណទាន​ និង​ខ​ចែង​កិច្ចសន្យា​ឥណទាន ដើម្បី​បង្កើន​តម្លាភាព​និង​កិច្ច​ការពារ​ដល់​អតិថិជន។

លោក សុខ ចាន់ នាយកបរិយាបន្នហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈ នៃសមាគមធនាគារនៅកម្ពុជាបានពន្យល់បន្ថែមទាក់ទងនឹងខចែងស្តង់ដាកិច្ចសន្យាឥណទានទាំង ៥ ចំណុចថា ចំពោះឥណទានឬកម្ចីដែលមានទំហំធំជាង ៥ ម៉ឺនដុល្លារអាម៉េរិក រហូតដល់ ១០ ម៉ឺនដុល្លារអាម៉េរិក គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តម្រូវឱ្យដាក់បញ្ជូល​ខចែងស្តង់ដាទាំង ៥ ចំណុចចូលទៅក្នុងកិច្ចសន្យាឥណទានរបស់គ្រឹះស្ថានដែលមានស្រាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណុចខចែង​ទាំង ៥ លោក សុខ ចាន់ បាន​ពន្យល់​លម្អិត​យ៉ាង​ដូច្នេះ​ថា៖

ទី១៖ រយៈពេលហាមឃាត់ (Lock-in Period)

ការទូទាត់សងឥណទានដោយផ្នែក ឬទាំងស្រុងមុនកាលកំណត់ ក្នុងរយៈពេលហាមឃាត់ ពោលគឺរយៈពេលមួយ ដែលស្ថិតក្នុងអំឡុងពេលពាក់កណ្តាល (១/២) នៃរយៈពេលឥណទាន ប៉ុន្តែមិនត្រូវឱ្យលើសពីរយៈពេល២៤ខែ  គិតចាប់ពីកាលបរិច្ឆេទនៃការបញ្ចេញឥណទានលើកទី១។ ឧទាហរណ៍ ប្រសិនបើអតិថិជនខ្ចីប្រាក់ពីគ្រឹះស្ថានធនាគារមួយដែលមានរយៈពេល ០៦ឆ្នាំ នោះរយៈពេលហាមឃាត់គឺ ២៤ ខែឬ២ឆ្នាំ។ ប៉ុន្តែបើកម្ចីរយៈពេល ០៣ ឆ្នាំ រយៈពេលហាមឃាត់គឺ ១ឆ្នាំកន្លះ។

ទី២៖ ការជូនដំណឹងជាមុនអំពីការទូទាត់សងមុនកាលកំណត់ដោយផ្នែកឬទាំងស្រុងក្នុងអំឡុងពេលហាមឃាត់

ការជូនដំណឹងជាមុន អំពីការទូទាត់សងមុនកាលកំណត់ដោយផ្នែកឬទាំងស្រុង ក្នុងអំឡុងពេលហាមឃាត់ គឺមិនឱ្យលើសពីរយៈពេល ៣០ថ្ងៃ មុនថ្ងៃទូទាត់សងមុនកាលកំណត់ដោយផ្នែកឬទាំងស្រុង (ថ្ងៃក្នុងប្រតិទិន)។ ការសងមុនកាលកំណត់ដោយផ្នែកឬទាំងស្រុង នៅក្នុងអំឡុងពេលហាមឃាត់ អតិថិជនត្រូវចំណាយលើសោហ៊ុយសងមុនកាលកំណត់ ដោយផ្នែក ឬទាំងស្រុងស្នើនឹង ៣% នៃចំនួនទឹកប្រាក់ដើមដែលត្រូវទូទាត់សងមុនកាលកំណត់ដោយផ្នែកឬទាំងស្រុង។

ទី៣៖ ការជូនដំណឹងជាមុនអំពីការទូទាត់សងមុនកាលកំណត់ដោយផ្នែកឬទាំងស្រុង បន្ទាប់ពីផុតរយៈពេលហាមឃាត់

ដោយឡែក ចំពោះការទូទាត់សងមុនកាលកំណត់ដោយផ្នែកឬទាំងស្រុង បន្ទាប់ពីផុតរយៈពេលហាមឃាត់ អតិថិជន ឬអ្នកខ្ចីប្រាក់ ត្រូវជូនដំណឹងជាមុនមិនឱ្យលើសពីរយៈពេល៣០ថ្ងៃ (ថ្ងៃក្នុងប្រតិទិន)។ ការទូទាត់សងមុនកាលកំណត់ដោយផ្នែកឬទាំងស្រុង បន្ទាប់ពីផុតរយៈពេលហាមឃាត់ ដោយមិនបានជូនដំណឹងមុនរយៈពេល ៣០ថ្ងៃ អតិថិជនត្រូវបង់សោហ៊ុយចំណាយដោយស្នើនឹង ១% នៃប្រាក់ដើមដែលអតិថិជនត្រូវសងមុនកាលកំណត់ដោយផ្នែកឬទាំងស្រុង។

ទី៤៖ ការដកបណ្ណកម្មសិទ្ធិក្រោយទូទាត់សងទាំងស្រុង

គ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវប្រគល់ឯកសារសម្គាល់ម្ចាស់កម្មសិទ្ធិ ឬឯកសារសម្គាល់សិទ្ធិកាន់កាប់លើទ្រព្យធានា ព្រមទាំងលិខិតរួចបំណុលក្នុងរយៈពេលយ៉ាងយូរ ០៧ (ប្រាំពីរ)ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីថ្ងៃទូទាត់សងផ្តាច់បំណុលជាស្ថាពរ ដោយមិនរាប់បញ្ចូលនូវរយៈពេលនៃការដោះបន្ទុកលើអចលនទ្រព្យ/បណ្ណកម្មសិទ្ធិជូនអតិថិជនឡើយ។ អតិថិជនក៏ពុំតម្រូវឱ្យដាក់លិខិតស្នើដកឯកសារសម្គាល់ម្ចាស់កម្មសិទ្ធិ ឬឯកសារសម្គាល់សិទ្ធិកាន់កាប់លើទ្រព្យធានាពីគ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុនោះដែរ បន្ទាប់ពីថ្ងៃទូទាត់សងផ្តាច់បំណុលជាស្ថាពរ ។  

ទី៥៖ លេខបណ្តឹងតវ៉ា

ក្នុងស្ដង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដានៃកិច្ចសន្យាឥណទាន តម្រូវឲ្យមានភ្ជាប់លេខបណ្តឹងតវ៉ារបស់គ្រឹះស្ថានធនាគារ និងលេខសមាគមធនាគារនៅកម្ពុជា (០២៣ ២៣៨ ៧៦០ /០៩២ ៧៧១ ៨៨១) ក៏ដូចជាលេខសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (0១៥ ៣៦៥ ២២២)  ដើម្បីងាយស្រួលអតិថិជនទាក់ទងក្នុងករណីមានបណ្តឹងតវ៉ាណាមួយកើតឡើង។ ក្នុងន័យនេះ បើសិនជាគ្រឹះស្ថានជាសមាជិកនៃសមាគមធនាគារនៅកម្ពុជា ត្រូវដាក់លេខបណ្តឹងតវ៉ារបស់គ្រឹះស្ថាន និងលេខបណ្តឹងតវ៉ារបស់សមាគមធនាគារនៅកម្ពុជា។ ប៉ុន្តែ ប្រសិនបើជាគ្រឹះស្ថានជាសមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ត្រូវដាក់លេខបណ្តឹងតវ៉ារបស់គ្រឹះស្ថាន និងលេខបណ្តឹងតវ៉ារបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

គួរ​បញ្ជាក់ថា ស្តង់ដា​កិច្ចសន្យា​ឥណទាន​ និង​ខ​ចែង​កិច្ចសន្យា​ឥណទាន ចែកចេញ​ជាបួនប្រភេទរួមមាន៖

១/. ស្តង់ដា​កិច្ចសន្យា​ខ្ចី​មាន​ទ្រព្យ​ធានា
២/. ស្តង់ដា​កិច្ចសន្យា​ខ្ចី​គ្មាន​ទ្រព្យធានា
៣/. កិច្ចព្រមព្រៀង​ភតិសន្យា​ហិរញ្ញវត្ថុ​ចលនវត្ថុ
៤/. ស្តង់ដា​កិច្ចសន្យា​ឥណទាន​ជាក្រុម។

​​​​ស្តង់ដា​កិច្ចសន្យា​ឥណទាន​ និង​ខ​ចែង​កិច្ចសន្យា​ឥណទាន​សម្រាប់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ​បាន​បែង​ចែក​ទំហំ​កម្ចី​​ឥណទានជា ៣ កម្រិត​។ ចំពោះ​ទំហំ​ប្រាក់​កម្ចី/ឥណទាន​ដែល​មាន​ទំហំតូច​ជាង ឬ​ស្មើ ៥០.០០០ ដុល្លារ (ប្រាំម៉ឺន​ដុល្លារ​អាម៉េរិក) គ្រប់​​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់​តម្រូវឱ្យប្រើ​ទម្រង់​និង​លក្ខខណ្ឌដូចគ្នានៃ​ស្តង់ដា​កិច្ច​សន្យា​ឥណទាន ដែល​ចេញ​ដោយ​សមាគម​ធនាគារ​នៅកម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា។

ដោយ​ឡែក​សម្រាប់​ទំហំឥណទាន​ចាប់ពី ៥០.០០០ដុល្លារ រហូតដល់ ១០០.០០០ ដុល្លារ គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់ ត្រូវដាក់​បញ្ចូលខ​ចែងស្ដង់ដារ​នៃកិច្ចសន្យា ដែលត្រូវ​ប្រើ​នៅ​ក្នុង​កិច្ចសន្យា​ឥណទាន​របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែល​ចេញដោយ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា។

សម្រាប់​ទំហំ​ឥណទាន​លើស​ពី ១០០.០០០ដុល្លា មិន​កំណត់ស្តង់ដារ​នៃកិច្ចសន្យាឥណទាន ឬ​ខ​ចែង​ស្តង់ដារ​ណាមួយ​ឡើយ។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបាន​ឲ្យ​ដឹង​​ថា ការ​ដាក់​ឲ្យ​ប្រើប្រាស់ស្តង់ដា​កិច្ចសន្យា​ឥណទាន​ និង​ខ​ចែង​កិច្ចសន្យា​ឥណទាន​នឹង​អាច​ពង្រឹង​​ដោះស្រាយ​​ការ​តវ៉ា​របស់​អតិថិជនលើប្រើប្រាស់សេវា​កម្ចី​ឥណទាន​ និង​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​ក្នុង​ចំណោម​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នានា។

ការ​រៀបចំ​ស្តង់ដាកិច្ចសន្យាឥណទានរួម និងខចែងស្តង់ដានៃកិច្ចសន្យាឥណទាន ក៏​នឹង​ជួយឱ្យសមាជិកនៃសមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានទម្រង់ស្ដង់ដារួមស្របតាមលក្ខខណ្ឌតម្រូវនិង​ស្មារតីនៃច្បាប់ស្តីពីការការពារអតិថិជន។

លោក រ័តុ្ន សោភ័ណ អនុប្រធាន​សមាគម​ធនាគារកម្ពុជា

យ៉ាងណាមិញ ​អនុប្រធាន​សមាគម​ធនាគារ​ លោក រ័តុ្ន សោភ័ណបាន​បញ្ជាក់ថា ស្ដង់ដាកិច្ចសន្យាឥណទាន​នេះអនុវត្ត​តែ​ចំពោះ​ឥណទាន​បញ្ចេញ​ថ្មីឬ​អតិថិជន​ថ្មីតែប៉ុណ្ណោះ។ កិច្ចសន្យាឥណទាន ឬ​លក្ខខណ្ឌ​ដែល​មានស្រាប់​​របស់​គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ជាមួយអតិថិជន​ត្រូវរក្សា​ទុក​ដដែល​។

លោកបន្ត​ថា ស្ដង់ដារកិច្ចសន្យាឥណទាន និងខចែងស្តង់ដារកិច្ចសន្យាឥណទាន នឹង​ចាប់អនុវត្ត​ចាប់​ពីថ្ងៃទី០១ ខែ​វិច្ឆិកា ឆ្នាំ២០២៣ នេះ​ត​ទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ស្នើសង់ផ្ទះសម្រាប់មន្ត្រីរាជការប្រាក់ខែជាង១លានរៀលឡើងទៅអាចបង់រំលស់បាន

ចរាចរណ៍៥១ នាទីutes មុន

គ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿងបង្កជាអគ្គិភ័យ​​ស្លាប់មន្ត្រីនគរបាលម្នាក់ និងរបួស៦នាក់

វប្បធម៌ ជំនឿ៥៥ នាទីutes មុន

​ម្ហូបនាំ​សំណាង​៥​មុខ ​អាច​ជួយ​ម្ចាស់​ផ្ទះ​រាសីឡើងខ្ពស់ត្រដែតក្នុងឆ្នាំចិន ២០២៥

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

កូរ៉េខាងជើង បាញ់មីស៊ីលចេញពីសមុទ្រ កម្លាអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ ខេត្តកោះកុង ជាខេត្តគំរូដែលមានរថយន្តដឹកកម្មករមានលក្ខណៈបច្ចេកទេសល្អ ផាសុកភាព និងសុវត្ថិភាព

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៨ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ចរាចរណ៍២៤ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រុមអ្នកជំនាញបច្ចេកទេសកំពុងសិក្សាសង់ស្ពានកោះកុងថ្មីបន្ថែមមួយទៀត

Sokha Hotels

ព័ត៌មានពេញនិយម