ព័ត៌មានជាតិ
មេអគ្គិសនីថ្មីប្តេជ្ញាលុបបំបាត់អ្នករត់ការ ក្រោយតែងតាំងបន្តដឹកនាំអគ្គិសនីកម្ពុជា
លោក ប្រាំង ជលសា បានប្តេជ្ញានឹងបន្តខិតខំអភិវឌ្ឍវិស័យអគ្គិសនីកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ក្នុងនោះលោកក៏បានលើកពីយុទ្ធសាស្ត្រមួយចំនួន ក្រោយទទួលភារកិច្ចបន្តដឹកនាំជាអគ្គនាយកអគ្គិសនីកម្ពុជា។
ថ្លែងនៅចំពោះមុខបុគ្គលិកនិងមន្រ្តីអគ្គិសនីរាប់រយនាក់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអគ្គនាយកអគ្គិសនីកម្ពុជានៅព្រឹកនេះ មេអគ្គិសនីថ្មីដែលបញ្ចប់បណ្ឌិតពីប្រទេសបារាំងបានលើកឡើងពីយុទ្ធសាស្ត្រអភិវឌ្ឍ ដើម្បីបន្តភាពខ្លាំងរបស់អគ្គិសនីកម្ពុជា។

លោក ប្រាំង ជលសា ដែលទទួលការតែងតាំងជាអគ្គនាយកអគ្គិសនីកម្ពុជា
ដោយអះអាងនឹងស្មោះត្រង់ តម្កល់ផលប្រយោជន៍ជាតិជាចម្បងក្នុងការបំពេញការងារ លោក ប្រាំង ជលសា បញ្ជាក់ថានឹងបន្តយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដើម្បីបន្តភាពខ្លាំងរបស់អគ្គិសនីកម្ពុជា។
ក្នុងតួនាទីដែលនឹងត្រូវដឹកនាំបន្តជាអគ្គនាយកអគ្គិសនីកម្ពុជា លោក ប្រាំង ជលសារ បានថ្លែងថា នឹងរក្សាឲ្យបានការផ្គត់ផ្គង់អគ្គិសនីឲ្យបានគ្រប់គ្រាន់ មានស្ថិរភាព គុណភាព និរន្តរភាពជូនប្រជាពលរដ្ឋ។ លោកនឹងប្រឹងប្រែងរកយុទ្ធសាស្ត្របញ្ចុះថ្លៃអគ្គិសនីតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយទប់ស្កាត់ការកើនឡើងថ្លៃអគ្គិសនីទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។

ក្រៅពីការបន្តពង្រឹងការផ្គត់ផ្គង់អគ្គិសនីឲ្យបានគ្រប់គ្រាន់ ប្រកបដោយនិរន្តរភាពជូនប្រជាពលរដ្ឋ លោកនឹងជំរុញការអភិវឌ្ឍន៍ប្រភពថាមពល ដោយប្រើប្រាស់ជាអតិបរមានូវប្រភពអគ្គិសនីស្អាតកកើតឡើងវិញ។ ជាមួយគ្នានេះ នឹងកាត់បន្ថយការពឹងផ្អែកប្រភពអគ្គិសនីពីក្រៅ ដោយពង្រីកម្ចាស់ការនៃការផលិតថាមពលដោយខ្លួនឯង និងឈានទៅមានលទ្ធភាពនាំចេញ។
មេអគ្គិសនីថ្មីរូបនេះក៏លើកឡើងពីការកំណែកែទម្រង់សេវាកម្មអគ្គិសនី តាមរយៈការប្រើបច្ចេកវិទ្យាព័ត៌មានទំនើប បំបាត់ទាំងស្រុងនូវការរត់ការក្នុងការស្នើសុំភ្ជាប់ផ្គត់ផ្គង់ ដំឡើងកម្លាំង ក៏ដូចជាការទូទាត់វិក្កយបត្រឬទំនាក់ទំនងជូនដំណឹងជាដើម។
ជាមួយគ្នានេះ នឹងបន្តពង្រីកវិស័យអគ្គិសនីឲ្យកាន់តែប្រសើរឡើង ក្នុងបរិបទថ្មីនៃបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង ប្រតិបត្តិការប្រព័ន្ធអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយទាំងការប្រតិបត្តិបច្ចេកទេស ក៏ដូចជាបែបបទរដ្ឋបាលនិងអាជីវកម្ម ជួយបង្កើនប្រសិទ្ធភាពការងារ។

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល
ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានលើកឡើងពីស្ថានភាពការផ្គត់ផ្គង់អគ្គិសនីកម្ពុជាកាលពីជិត ២០ ឆ្នាំមុន ក្នុងពេលលោកដឹកនាំនៅអគ្គិសនីកម្ពុជា។
លោកបានលើកឡើងថា នៅឆ្នាំ២០០៨ នៅពេលលោកដឹកនាំអគ្គិសនីកម្ពុជា ស្ថានភាពផ្គត់ផ្គង់អគ្គិសនីមានភាពលំបាកខ្លាំងដោយផលិតចេញពីប្រេងឥន្ធនៈជាង ៩៥% មានថ្លៃដើមខ្ពស់ជាងថ្លៃលក់ ដែលជាឧបសគ្គក្នុងការពង្រីក ខណៈប្រជាពលរដ្ឋត្រឹមតែ ១៧% មានអគ្គិសនីប្រើប្រាស់។
បច្ចុប្បន្នប្រជាពលរដ្ឋជាង ៩០% និងភូមិជាង ៩៨% មានអគ្គិសនីប្រើប្រាស់ដែលទទួលពីបណ្តាញជាតិបានគ្រប់គ្រាន់ និងមានស្ថិរភាព ២៤ម៉ោង។
លោកសង្ឃឹមជឿជាក់ថា អគ្គិសនីកម្ពុជាក្រោមការដឹកនាំដោយអគ្គនាយកថ្មីនឹងបន្តអភិវឌ្ឍអគ្គិសនីកម្ពុជាតាមរយៈបទពិសោធន៍ជាអ្នកបច្ចេកទេស ក្នុងការដោះស្រាយការងារនានាទាំងបញ្ហាប្រឈមបន្ទាន់ ក៏ដូចជាការរៀបចំយុទ្ធសាស្រ្តវែងឆ្ងាយ ដើម្បីនាំផ្លែផ្កាក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា លោក ប្រាំង ជលសា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ តែងតាំងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា។
លោក ប្រាំង ជលសា បានបម្រើការងារនៅអគ្គិសនីកម្ពុជាតាំងពីឆ្នាំ ១៩៩៦។ លោកបានបញ្ចប់ការសិក្សាផ្នែកវិស្វករអគ្គិសនីនៅវិទ្យាស្ថានបច្ចេកទេសជាន់ខ្ពស់មិត្តភាពកម្ពុជាសូវៀត និងបានបន្តការសិក្សាទទួលបានសញ្ញាប័ត្រអនុបណ្ឌិត និងបណ្ឌិតអគ្គិសនីពីប្រទេសបារាំង៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ