ព័ត៌មានជាតិ
តើប្រមុខការទូតថ្មីកម្ពុជា លោក សុខ ចិន្តាសោភា ជានរណា?
រាប់ចាប់ពីឆ្នាំ១៩៧៩ លោក សុខ ចិន្តាសោភា ជាប្រមុខការទូតទី៧ របស់កម្ពុជា ក្រោយពេលដែលលោកត្រូវបានជ្រើសតាំងឱ្យកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសលោក ប្រាក់ សុខុន សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ។ ពីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្លាយជារដ្ឋមន្ត្រីការបរទេសកម្ពុជា តើលោក សុខ ចិន្តាសោភា មានចក្ខុវិស័យ និងការប្ដេជ្ញាចិត្តយ៉ាងណាក្នុងតួនាទីដ៏សំខាន់នេះ?

កើតនៅរាជធានីភ្នំពេញ លោក សុខ ចិន្តាសោភា ជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងការវិនិយោគ ដែលលោកបានទទួលការសិក្សាអប់រំមកពីប្រទេសបារាំងលើជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច ខណៈលោក ក៏ធ្លាប់ធ្វើការឱ្យក្រុមហ៊ុនឯកជននៅប្រទេសបារាំងដែរ។ ក្រោយការបោះឆ្នោតសកលលើកដំបូង នៅកម្ពុជា នាឆ្នាំ១៩៩៣ ដែលជានីតិកាលទី១ នៃរដ្ឋសភា លោក សុខ ចិន្តាសោភា ត្រូវបានទទួលបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ នៃរាជរដ្ឋាភិបាលចម្រុះកម្ពុជា។
រហូតដល់ឆ្នាំ១៩៩៧ ដែលជាវេលាមួយឈានចូលនីតិកាលទី២ នៃរដ្ឋសភា លោក សុខ ចិន្តាសោភា ក៏ត្រូវបានមកកាន់តំណែងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅថា CDC។ លុះដល់នីតិកាលទី៤ គឺនៅឆ្នាំ២០០៨ លោក សុខ ចិន្តាសោភា ត្រូវបានតែងតាំងឱ្យកាន់មុខតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងបន្តកាន់ជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រហូតដល់នីតិកាលទី៧នេះ ទើបលោក ត្រូវបានផ្ដល់សេចក្ដីទុកចិត្តជ្រើសរើសឱ្យកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

រយៈពេលជាង ២៥ឆ្នាំ ក្នុងតួនាទីជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា តែងតែអមដំណើរសម្ដេចតេជោ ហ៊ុន សែន ទៅក្រៅប្រទេស ទាំងដំណើរទស្សនកិច្ចការងារ ទាំងទស្សនកិច្ចផ្លូវការ និងការទៅចូលរួមកិច្ចប្រជុំអន្តរជាតិនានានៅតាមបណ្ដាប្រទេសលើពិភពលោក។ ជារឿយៗអំឡុងពេលអមដំណើរសម្ដេចតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាល គឺលោក សុខ ចិន្តាសោភា តែងតែឆ្លៀតពេលជួបប្រាស្រ័យទាក់ទងជាមួយវិនិយោគិនបរទេស ដើម្បីធ្វើបទបង្ហាញអំពីបរិយាកាសវិនិយោគនៅកម្ពុជា សំដៅទាក់ទាញអ្នកវិនិយោគបរទេស មកបណ្ដាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា។

ជាមួយនឹងការលះបង់យ៉ាងធំធេងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងពេលវេលាក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅពេលកន្លងមកនេះ សម្រាប់បេសកកម្មជំរុញ និងទាក់ទាញវិនិយោគមកកម្ពុជា លោក សុខ ចិន្តាសោភា ក៏បានចង្អុលបង្ហាញ និងដឹកនាំរៀបចំច្បាប់ស្តីពីវិនិយោគនៃកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់វិនិយោគនេះផងដែរ។
ក្នុងនាមជាអ្នកបន្តវេន ដែលកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិនៃកម្ពុជា លោក សុខ ចិន្តាសោភា បានប្ដេជ្ញចិត្តបន្តនិរន្តភាពនៃប្រសិទ្ធភាពស្ថាប័ន ក៏ដូចជាធានានូវជោគជ័យថ្មីៗ បន្តផ្ដោតលើការងារកំណែទម្រង់ស្ថាប័នក្នុងការប្រែក្លាយក្រសួងការបរទេសឱ្យទៅជាសេនាធិការដ៏រឹងមាំក្នុងវិស័យការទូត នៃរាជរដ្ឋាភិបាល អាណត្តិទី៧នេះ ដើម្បីផលប្រយោជន៍ជាតិ ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស។

ជាចក្ខុវិស័យ លោក សុខ ចិន្តាសោភា នឹងបន្តពង្រឹងដំណើរការ ដើម្បីបង្កើតសមិទ្ធិផលថ្មីៗរបស់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ជាពិសេសការយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាលធនធានមនុស្សខាងវិស័យការទូត ដើម្បីកសាងឱ្យបាននូវមន្ត្រីមានសមត្ថភាពខ្លាំង ស្អាតស្អំ វៃឆ្លាត ជំរុញការកែសម្រួលរចនាសម្ព័ន្ធស្ថាប័ន និងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្រសួងចាំបាច់នានា ទាំងផ្នែករឹង និងផ្នែកទន់ ដូចជា ជំរុញសំណើគម្រោងសាងសង់អាគារធ្វើការបន្ថែមតាមការចាំបាច់។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី នឹងបន្តពង្រីកសមត្ថភាពស្ថាប័ន តាមរយៈការបង្កើនចំនួនមន្ត្រី ផ្តល់ការលើកទឹកចិត្តចំពោះបុគ្គលដែលមានសមត្ថភាព និងទេពកោសល្យ ព្រមទាំងបន្តជំរុញលើការពិនិត្យដំឡើងប្រាក់បៀវត្សមន្ត្រីការទូត និងបុគ្គលិកនានា ដែលបម្រើតាមស្ថានបេសកកម្មនៅក្រៅប្រទេស ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា