Connect with us

ព័ត៌មានជាតិ

ទឹកស្ទឹងសង្កែខាងលើ ឡើងខ្លាំងគួរឱ្យបារម្ភ ពិសេសប្រជាពលរដ្ឋនៅប៉ែកខាងក្រោម

បានផុស

នៅ

រយៈពេល ២ថ្ងៃកន្លងមកនេះ ទឹកស្ទឹងសង្កែនៅប៉ែកខាងលើ កំពុងស្ទុះឡើងខ្លាំង ដែលតម្រូវឱ្យពលរដ្ឋដែលរស់នៅជាប់មាត់ស្ទឹង ត្រូវបង្កើននូវការប្រុងប្រយ័ត្ន ពិសេសប្រជាពលរដ្ឋរស់នៅប៉ែកខាងក្រោម ព្រោះទឹកអាចហក់ឡើងខ្លាំងនៅពេលដ៏ខ្លីខាងមុខនេះ។

ជុំវិញបញ្ហាទឹកជំនន់នេះ លោក សើ សាម៉េត អភិបាលស្រុកសំឡូត បានឱ្យ “កម្ពុជាថ្មី” ដឹងនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ នេះថា កាលពីយប់មិញនេះភ្លៀងបានធ្លាប់យ៉ាងខ្លាំងបន្ថែមទៀត ដែលធ្វើឱ្យស្ទឹងតាតោក និងតំបន់ស្ទឹងគ្រញូង មានភាពជោរជន់ខ្លាំងឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងក្នុងស្រុកសំឡូតទាំងអស់ ត្រូវមានការប្រយងប្រយ័ត្ន និងត្រូវរាយការណ៍ដល់អាជ្ញាធរជាបន្ទាន់ នៅពេលមានបញ្ហាណាមួយកើតឡើង ដើម្បីបញ្ជូនក្រុមសង្គ្រោះចុះទៅកាន់ទីនោះ។

បើតាមប្រភពមួយចំនួន បានបញ្ជាក់ប្រាប់ “កម្ពុជាថ្មី” ថា នៅព្រឹកថ្ងៃទី២ ខែកញ្ញា ម្សិលមិញនេះ ទឹកស្ទឹងនៅប៉ែកខាងក្បាលស្ទឹង គឺនៅតំបន់ក្បាលឡាន នៅដងស្ទឹងគ្រញូង កំពុងហក់ឡើងយ៉ាងខ្លាំង បណ្តាលឱ្យលិចលំនៅឋាន និងផលដំណាំរបស់ប្រជាពលរដ្ឋក្នុងឃុំចំនួន២ គឺឃុំតាតោក និងឃុំតាសាញ​ ស្រុកសំឡូត ខេត្តបាត់ដំបង។

ជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យផ្លូវលំមួយចំនួនក៏ត្រូវទឹកហូរកាត់ ក្រៅពីលិចផលដំណាំតាមបណ្តោយដងស្ទឹង៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម