Connect with us

ព័ត៌មានជាតិ

អាជីវករ​​​រាប់​រយនាក់ ចូល​​លក់​ដូរ​ក្នុង​ផ្សារ​សិនជូរី​ថ្មី ក្រោយ​បញ្ចប់​សាងសង់ ១០០%

បានផុស

នៅ

អាជីវករ​រាប់រយនាក់​បាន​ចាប់ឆ្នោត​ជ្រើសរើស​តូប ​និង​ចូល​លក់​ដូរក្នុង​ផ្សារ​សិនជូរី​ផ្លាហ្សា​ថ្មី​ ក្រោយ​​​បញ្ចប់ការ​សាងសង់​ ១០០​%​។

លោក នួន ផារ័ត្ន​ អភិបាល​រង​រាជធានី​ភ្នំពេញ​​ក្នុងពេល​​ចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងវិនិយោគសាងសង់ផ្សារសិនជូរីផ្លាហ្សាថ្មីបាន​បញ្ជាក់​ថា ក្រោយពីរៀបចំពិធីចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ អាជីវករចាស់ដែលបានលក់​ដូរ​បណ្តោះអាសន្នលើសួនកុមារពោធិ៍ចិនតុង ត្រូវ​ត្រឡប់ចូលទៅលក់ក្នុងផ្សារដែលបានសាងសង់ថ្មីវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ឱកាស​ចុះ​ត្រួត​ពិនិត្យ​ និង​ជួប​សំណេះសំណាលជាមួយ​អាជីវករ​ លោកអភិបាល​រងក៏​​លើក​ឡើង​ពី​​គម្រោង​កែលម្អ និង​លើកកម្ពស់សោភ័ណភាពផ្សារ និងតំបន់ជុំវិញផ្សារឲ្យកាន់តែមានសោភ័ណភាព មានបរិស្ថាន​អនាម័យល្អ និងមានសណ្តាប់ធ្នាប់​របៀបរៀបរយ តាមរយៈការរៀបចំក្រាលការ៉ូឡានៅតាមបណ្តោយផ្លូវជុំវិញផ្សារ, ការរៀបចំឲ្យមានផ្លូវថ្មើរជើង, ការជួសជុល​បន្ថែមផ្លូវដែល​ខូច និងការកែលម្អសោភ័ណភាពសួនកុមារពោធិ៍ចិនតុង បន្ទាប់ពីអាជីវករបានរើចេញរួចរាល់អស់ ដើម្បីបម្រើដល់​ផល​ប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋាន។

រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់​ការ​វិនិយោគ​​សម្រាប់​​គម្រោង​សាងសង់ផ្សារសិន​ជូរីផ្លាហ្សាថ្មី បន្ទាប់ពីទទួលបានការឯកភាពទាំងស្រុងពីអាជីវករផ្សារ។ ការសាងសង់ផ្សារនេះជាការវិនិយោគជា​គម្រូមួយ​ដែល​គិតគូរជាពិសេសដល់អាជីវករចាស់ៗ ហើយធានាយ៉ាងណាឱ្យពួកគាត់អាចត្រឡប់ចូលមកលក់ដូរ នៅក្នុងផ្សារដែលបានសាងសង់ថ្មីវិញ​ក្រោយពីផ្សារបាន​សាងសង់​រួចរាល់ជាស្ថាពរ។

លោក ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​គូស​បញ្ជាក់​​នៅក្នុង​ថ្ងៃ​បើកការដ្ឋាន​សាងសង់​កាល​ពី​ថ្ងៃ​ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា ការ​សម្រេច​សាងសង់ផ្សារទំនើបសិនជូរីផ្លាហ្សា​គឺ​ដោយមានការឯកភាពទាំងស្រុងពីអាជីវករ។

លោកបានរំពឹង​ក្រោយ​ដាក់​ឲ្យ​ដំណើរការ​ ផ្សារ​នេះ​នឹងក្លាយទៅជាមជ្ឈមណ្ឌល​ពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម និង ទេសចរណ៍​ដ៏ធំបំផុតនៅក្នុងរាជធានីភ្នំពេញ ហើយតំបន់នេះក៏នឹងក្លាយទៅជាទីចាប់អារម្មណ៍ខ្លាំងបំផុតរបស់ភ្ញៀវ​ទេសចរជាតិ​និងអន្តរជាតិ​ផង​ដែរ។

ផ្សារទំនើបសេនជូរីផ្លាហ្សាស្ថិត​នៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ផ្សារ​មានកម្ពស់ ៧ ជាន់ ផ្នែកខាងលើ ៥ ជាន់ និងក្រោមដី ២ ជាន់។ បើ​តាម​ប្រភព​ក្រុមហ៊ុន​សាងសង់ ក្រោយបើកឱ្យដំណើរការជាផ្លូវការ​ ក្រុមហ៊ុននឹងរៀបចំទីតាំង​សម្រាប់អាជីវករចូលមកលក់ដូរវិញនៅជាន់ GF-1 ដោយបែងចែកទៅតាមប្រភេទអាជីវកម្មចំនួន ៦៧៩ តូប ក្នុងនោះតូបគ្រប់គ្រងដោយរដ្ឋចំនួន ៣៥០ តូប និងគ្រប់គ្រងដោយឯកជនចំនួន ៣២៩ តូប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម