ព័ត៌មានជាតិ
តើក្រសួងសង្គមកិច្ច ដឹកនាំដោយរដ្ឋមន្ត្រីថ្មី លោក ជា សុមេធី មានរបៀបរបបធ្វើការយ៉ាងណា?
លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្រេចបែងចែកភារកិច្ចដល់ថ្នាក់ដឹកនាំក្រសួង ដើម្បីសំដៅធានាការអនុវត្តច្បាប់ និងការដឹកនាំការងារទូទៅរបស់ក្រសួង។ លោករដ្ឋមន្ត្រី បានចែកជា ១២ក្រុម ដែលត្រូវទទួលបន្ទុកលើការងារក្នុងដែនសមត្ថកិច្ចរបស់ក្រសួងសង្គមកិច្ច ហើយក៏បានកំណត់យ៉ាងច្បាស់នូវនីតិវិធី និងរបៀបរបបធ្វើការងារ។

សេចក្ដីសម្រេចរបស់លោក ជា សុមេធី បានកំណត់អំពីនីតិវិធី និងរបៀបរបបធ្វើការងាររបស់ក្រសួងសង្គមកិច្ច យ៉ាងច្បាស់លាស់ ល្អិតល្អន់ ដើម្បីជាការបង្កភាពងាយស្រួលក្នុងការដឹកនាំការងារទូទៅរបស់ក្រសួង ជាពិសេស ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ ក៏ដូចជាភាគីពាក់ព័ន្ធនានា។ ជាក់ស្ដែង រាល់ឯកសារទទួលពីក្រសួងស្ថាប័ន សមាគម អង្គការជាតិ-អន្តរជាតិ ត្រូវកំណត់ឱ្យចូលតាមច្រកនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក រួចបញ្ចូនទៅខុទ្ទកាល័យរដ្ឋមន្ត្រី ដើម្បីធ្វើចំណាត់ការបន្ត។ ចំណែក ឯកសារពាក់ព័ន្ធនឹងការងារក្របខណ្ឌសង្គមកិច្ចអាស៊ាន ទទួលបានតាមរយៈអ៊ីម៉ែល ឬបណ្តាញសង្គម ឬតាមច្រកមន្ត្រីទទួលបន្ទុកការងារសង្គមកិច្ចអាស៊ាន ត្រូវចាត់ការបន្តទៅតាមនីតិវិធី និងការកំណត់របៀបរបបធ្វើការនៃការងារក្របខណ្ឌសង្គមកិច្ចអាស៊ាន។
ចំពោះរាល់ឯកសារពីអង្គភាពក្រោមឱវាទក្រសួងក្នុងទិសដៅស្នើសុំគោលការណ៍ អនុសាសន៍ ឬការពិនិត្យ និងសុំការសម្រេចពីរដ្ឋមន្ត្រី ត្រូវឆ្លងយោបល់ថ្នាក់ដឹកនាំតាមឋានានុក្រម ដែលបានបែងចែងភារកិច្ចទទួលខុសត្រូវ ហើយត្រូវចូលតាមរយៈខុទ្ទកាល័យរដ្ឋមន្ត្រី ដោយត្រូវភ្ជាប់មកជាមួយកំណត់បង្ហាញរឿង។ ដោយឡែក ប្រភេទឯកសារចូល មានបោះត្រាសម្ងាត់ ឬឯកសារផ្ញើជូនលោករដ្ឋមន្ត្រី ឬលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការដោយផ្ទាល់ នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ត្រូវបញ្ចូនផ្ទាល់ទៅសាមីខ្លួន ក្រោយពីបានចុះលេខចូលលើស្រោមលិខិតរួច។

ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក ជា សុមេធី ក៏បានអនុញ្ញាឱ្យរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ ដែលជាប្រធានក្រុមទទួលបន្ទុកវិស័យនីមួយៗមានសិទ្ធិផ្តល់យោបល់សម្រេចចុងក្រោយ មុនផ្តល់យោបល់ជូនរដ្ឋមន្ត្រី ពិនិត្យ និងសម្រេចលើការងារទាំងនោះ ខណៈរដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ ជាអនុប្រធាន ឬជាសមាជិកនៃក្រុមទទួលបន្ទុកវិស័យ ក៏អាចផ្ដល់យោបល់ជូនរដ្ឋមន្ត្រីបានដែរ តាមរយៈរដ្ឋលេខាធិការ ជាប្រធានក្រុម។ ប៉ុន្តែ ករណីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ ទទួលបន្ទុកណាម្នាក់ អវត្តមានលើសពី ១ថ្ងៃឡើងទៅ ត្រូវចារថា «អវត្ដមាន» ឬ «បេសកកម្ម» ត្រង់ប្រអប់ផ្តល់មតិ រួចបញ្ចូនទៅកាន់ខុទ្ទកាល័យរដ្ឋមន្ត្រី ដើម្បីចាត់ការឱ្យបានទាន់ពេលវេលា។
រីឯ ក្នុងករណីរដ្ឋមន្ត្រីអវត្តមាន ឬមានភារកិច្ចមិនអាចដឹកនាំការងារក្រសួងបាន រដ្ឋលេខាធិការប្រចាំការ ត្រូវទទួលឋានៈជារដ្ឋមន្ត្រីស្តីទី ហើយក្នុងករណីរដ្ឋលេខាធិការប្រចាំការមិនអាចបំពេញតួនាទីជារដ្ឋមន្ត្រីស្តីទីបានដែរនោះ រដ្ឋមន្ត្រី ត្រូវចាត់តាំងរដ្ឋលេខាធិការផ្សេងទៀត ធ្វើជារដ្ឋមន្ត្រីស្តីទី តាមការប្រគល់សិទ្ធិ។ ជាមួយគ្នានេះ រដ្ឋមន្ត្រី ក៏អាចចេញបញ្ហាដឹកនាំការងារ តាមរយៈរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ ទទួលបន្ទុក ឬបញ្ហាត្រង់ទៅកាន់អគ្គនាយក អគ្គាធិការ នាយកដ្ឋានជំនាញ ឬប្រធានអង្គភាពក្រោមឱវាទក្រសួងចំពោះការងារដែលចាំបាច់ និងបន្ទាន់។

លោករដ្ឋមន្ត្រី ជា សុមេធី ក៏បានសង្កត់ធ្ងន់ដល់គ្រប់អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួង ត្រូវរៀបចំសេចក្តីសម្រេចស្តីពីការបែងចែកភារកិច្ច ការកំណត់នីតិវិធី របៀបរបបបំពេញការងារ និងចរន្តលំហូរឯកសារផ្ទៃក្នុង ឱ្យបានច្បាស់លាស់ ជាពិសេសត្រូវកំណត់ថេរវេលានៃការបញ្ជូនឯកសារស្ថិតក្នុងដែនអនុវត្តរបស់ខ្លួនបន្តទៅឋានានុក្រមបន្ទាប់ឱ្យបានច្បាស់លាស់។
ទន្ទឹមនេះ ក្រសួងសង្គមកិច្ច ក្រោមការដឹកនាំរបស់លោក ជា សុមេធី ក៏បានកំណត់លើរយៈពេលជាក់លាក់សម្រាប់ការដោះស្រាយការងារផងដែរ ដោយរាល់លិខិតចូលដល់នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ត្រូវបញ្ចូនភ្លាមទៅខុទ្ទកាល័យរដ្ឋមន្ត្រី។ ពេលទទួលឯកសារ ខុទ្ទកាល័យរដ្ឋមន្ត្រី ត្រូវពិនិត្យ និងបញ្ជូនទៅអង្គភាពជំនាញនីមួយៗយ៉ាងយូរ១ថ្ងៃប៉ុណ្ណោះនៃថ្ងៃធ្វើការ ហើយអង្គភាពជំនាញ ពិនិត្យស្រាវជ្រាវ ផ្តល់យោបល់ ត្រឹមរយៈពេលយ៉ាងយូរ៣ថ្ងៃនៃថ្ងៃធ្វើការ ដែលក្នុងនោះ ២ថ្ងៃសម្រាប់ថ្នាក់ការិយាល័យ។
បន្ទាប់មក ត្រូវបញ្ជូនមកថ្នាក់អគ្គនាយកដ្ឋាន ថ្នាក់អនុរដ្ឋលេខាធិការ ថ្នាក់រដ្ឋលេខាធិការ ពិនិត្យ និងផ្តល់ជាបន្តបន្ទាប់។ តែយ៉ាងណាមិញ ក្នុងករណីបន្ទាន់ គ្រប់ថ្នាក់ដឹកនាំ និងគ្រប់ជំនាញពាក់ព័ន្ធ ត្រូវដោះស្រាយការងារឱ្យបានឆាប់ជាងការកំណត់នេះ។ ចំពោះឯកសារជំនាញដែលត្រូវចំណាយពេលសិក្សា អាចទុកពេលវេលាសមស្រប ដើម្បីពិនិត្យជាក់ស្ដែង ដែលករណីនេះ នាយកដ្ឋានជំនាញ ត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំតាមឋានានុក្រម។

ពាក់ព័ន្ធរបៀបប្រជុំ គឺរដ្ឋមន្ត្រី ជាអ្នកដឹកនាំការប្រជុំប្រចាំត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជាមួយថ្នាក់ដឹកនាំក្រសួង អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ នាយកដ្ឋាន រួមទាំងអង្គភាពក្រោមឱវាទក្រសួងគ្រប់ជាន់ថ្នាក់ទាំងអស់។ ករណីចាំបាច់ រដ្ឋមន្ត្រីអាចចាត់រដ្ឋលេខាធិការប្រចាំការ ឬរដ្ឋលេខាធិការម្នាក់ ដឹកនាំការប្រជុំជំនួស ហើយរដ្ឋមន្ត្រី ក៏អាចកោះប្រជុំវិសាមញ្ញ ដោយកំណត់ចំនួនសមាសភាពចូលរួម។
បន្ថែមពីនេះ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ទទួលបន្ទុកលើការងារនីមួយៗ ត្រូវដឹកនាំការប្រជុំប្រចាំត្រីមាស ឬពេលវេលាសមស្របណាមួយជាមួយអង្គភាពជំនាញទទួលបន្ទុក ដើម្បីពិនិត្យតាមដានការអនុវត្តការងាររបស់អង្គភាពនោះ។ ជាមួយគ្នានេះដែរ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន និងនាយកដ្ឋាន ក៏ដូចជាអង្គភាពក្រោមឱវាទក្រសួង ត្រូវយកចិត្តទុកដាក់រៀបចំឱ្យមានរបបប្រជុំ និងធ្វើរបាយការណ៍ឱ្យទៀងទាត់ ដើម្បីផ្តល់ជាធាតុចូលជូនថ្នាក់ដឹកនាំទទួលបន្ទុកផងដែរ៕
រូបភាព៖ ក្រសួងសង្គមកិច្ច

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ