Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ បញ្ជាក់មូលហេតុភាគីរាជរដ្ឋាភិបាលមិនទាន់ដាក់តួលេខ ប្រាក់ឈ្នួល ឆ្នាំ ២០២៤

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បញ្ជាក់​ពី​មូលហេតុ​ដែល​ភាគី​រាជរដ្ឋាភិបាល​នៅ​មិនទាន់​ដាក់​តួលេខ​ប្រាក់​កម្មករ-និយោជិត ឆ្នាំ ២០២៤ ខណៈ​ភាគី​សហជីព និង​ភាគី​និយោជក បាន​ដាក់​តួលេខ​រួចហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន ក្រោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា អាណត្តិ​ទី ៣ នៅ​ព្រឹក​ថ្ងៃ​ទី ០៤ កញ្ញា​នេះ លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា ក្រោយពី​ចំណាយ​ពេល​ប្រជុំ​ជិត ៤ ម៉ោង មក គឺ​ភាគី​និយោជក​បាន​ដាក់​តួលេខ​ចំនួន ១ ដុល្លារ​ប៉ុណ្ណោះ ខណៈ​ភាគី​សហជីព​តំណាង​កម្មករ-និយោជិត ដាក់​តួលេខ​ចំនួន ១៥ ដុល្លារ។ មានន័យថា សម្រាប់​ឆ្នាំ ២០២៤ ភាគី​និយោជក ស្នើសុំ​ប្រាក់​ឈ្នួល​អប្បបរមា​ត្រឹម ២០១ ដុល្លារ ក្នុង​មួយ​ខែ និង​ភាគី​កម្មករ​-​និយោជិត ស្នើសុំ​ដល់ ២១៥ ដុល្លារ ក្នុង​មួយ​ខែ។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា តួលេខ​ខាងលើ​នេះ គ្រាន់តែ​ជា​ជំហរ​ជំហាន​ដំបូង​របស់​ភាគី​នីមួយៗ ប៉ុណ្ណោះ ដោយ​នឹង​ត្រូវ​មាន​ការ​ប្រជុំ​ពិភាក្សា​គ្នា​ជា​បន្តបន្ទាប់​ទៀត នា​ពេល​ខាងមុខ ពោល​នឹង​ត្រូវ​ចេញ​លទ្ធផល​មុន​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ស្របតាម​អនុសាសន៍​របស់ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា។

លោក​រដ្ឋមន្ត្រី បន្ថែម​ថា នៅ​ក្នុង​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ទៀត ភាគី​ទាំងពីរ នឹង​ពិចារណា​កែសម្រួល​តួលេខ​ជា​បណ្តើរៗ​ថែមទៀត ហើយ​ភាគី​ខាង​រដ្ឋាភិបាល នឹង​បន្ត​ខិតខំ​សម្របសម្រួល​ដើម្បី​ឲ្យ​ភាគី​ទាំងពីរ​កាន់តែ​យល់ កែ​គោលជំហរ​របស់​ខ្លួន​កាន់តែ​កៀក​ប្រហាក់ប្រហែល​គ្នា មុននឹង​យើង​ឯកច្ឆន្ទ​គ្នា ឬ បោះឆ្នោត​សម្រេច​នា​មុន​ពិធីបុណ្យ​ភ្ជុំ​ខាងមុខនេះ។

លោក​រដ្ឋមន្ត្រី បន្ថែម​ទៀត​ថា «ភាគី​រាជរដ្ឋាភិបាល នៅ​មិន​ទាន់​ដាក់​តួលេខ​នៅឡើយ​ទេ។ យើង​មាន​តួលេខ តែ​យើង​មិន​ចង់​ឲ្យ​ភាគី​ទាំងសងខាង​ផ្ដោត​លើ​តួលេខ​នេះ​ទេ ហើយ​ខ្ញុំ​ពិត​ជា​មាន​ការ​សប្បាយ​ចិត្ត​ដែល​ភាគី​ទាំងអស់ ទោះបីជា​យើង​មិនបាន​បញ្ជាក់​តួលេខ​ណាមួយ​ពី​រាជរដ្ឋាភិបាល យើង​ឃើញ​ថា ភាគី​ទាំងអស់​ប្រើប្រាស់​លក្ខណៈ​វិនិច្ឆ័យ​ទាំង ៧ គ្រាន់តែ​ថា ការ​យល់​ឃើញ​ការ​ប្រែប្រួល​លក្ខណៈ​វិនិច្ឆ័យ​នីមួយៗ វា​ខុសគ្នា តែ​បាន​ឈរ​លើ​បន្ទាត់​មួយ​នេះ។ អីចឹង ខ្ញុំ​គិត​ថា វា​ជា​ការ​វិវត្តន៍​ដ៏​ល្អ​»។

លោក​រដ្ឋមន្ត្រី បញ្ជាក់​ថា តួលេខ​ដែល​ភាគី​នីមួយៗ បាន​ដាក់​នៅ​ពេលនេះ ពួកគាត់​នឹង​យក​ទៅ​ប្រជុំ​ផ្ទៃ​ក្នុង​បន្ថែម​ទៀត ហើយ​យើង​នឹង​មាន​ឱកាស​ស្ដាប់​ការវិវត្តន៍​នៅ​ក្នុង​កិច្ចប្រជុំ​ប្រាក់​ឈ្នួល​ជា​បន្តបន្ទាប់​ក្រោយៗ​ទៀត​ពី​ភាគី​នីមួយៗ។

លោក គឹម ចាន់​សំណាង អនុប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា អាណត្តិ​ទី ៣ ភាគី​សហជីព បាន​មាន​ប្រសាសន៍​ថា ការ​ដាក់​តួលេខ ២១៥ ដុល្លារ​នេះ ខាង​សហជីព​បាន​ធ្វើការ​ពិភាក្សា និង​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​ជាទីបំផុត ដោយ​ឈរ​លើ​លក្ខណៈ​វិនិច្ឆ័យ​ទាំង ៧ ដែល​មាន​ចែង​ក្នុង​ច្បាប់​ប្រាក់ឈ្នួល។

យ៉ាងណាក៏ដោយ លោក បាន​បញ្ជាក់​ថា ប៉ុន្តែ​តួលេខ​នេះ យើង​អាច​ជជែក​គ្នា​បាន​។ វា​ជា​លើក​ទី ១ ដាក់ ២១៥ ដុល្លារ សម្រាប់​ស្នើសុំ តែ​បើ​សិន​ជា​មាន​ករណី​ចាំបាច់ និង​ពិនិត្យ​លើ​ផលប្រយោជន៍​កម្មករ-និយោជិត ដោយ​ឈរ​លើ​ទឡ្ហីករណ៍​ណាមួយ យើង​ក៏​អាច​សម្របសម្រួល​ទៅ​តាម​ស្ថាន​ការណ៍​ជាក់ស្ដែង​ដែរ ព្រោះថា​ការ​ដំឡើង​ប្រាក់​ឈ្នួល​ណាមួយ​ត្រូវ​មាន​ការ​ឯកភាព​គ្នា យល់ព្រម​ទាំងអស់​គ្នា ដោយ​រីករាយ​បំផុត។

គួរ​បញ្ជាក់​ថា កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​អាណត្តិ​ទី ៣ បាន​សម្រេច​រៀបចំ​កិច្ច​ប្រជុំ​កំណត់​ប្រាក់ឈ្នួល​ចំនួន ៧ លើក គឺ នៅ​ថ្ងៃ​ទី ១៦ សីហា ,ថ្ងៃ​ទី ២៨ សីហា​, ថ្ងៃ​ទី ៤, ថ្ងៃ​ទី ១១,​ថ្ងៃ​ទី ១៨, ថ្ងៃ​ទី ២៥ ខែ​កញ្ញា និង​ថ្ងៃ​ទី ២ ខែ​តុលា ឆ្នាំ ២០២៣ ខណៈ​ប្រាក់ឈ្នួល​កម្មករ-និយោជិត​បច្ចុប្បន្ន មាន​ចំនួន ២០០ ដុល្លារ ក្នុង​មួយ​ខែ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម