ព័ត៌មានជាតិ
លោកស្រី ឆាយ ស៊ីវលីន៖ ទេសចរអន្តរជាតិបានកក់ដំណើរកម្សាន្តមកកម្ពុជាច្រើន នៅខែតុលាខាងមុខ
ភ្ញៀវទេសចរអន្តរជាតិ បានកក់ដំណើរកម្សាន្តចូលមកកម្ពុជាច្រើនហើយ នៅខែតុលា ខាងមុខ។ នេះជាការបញ្ជាក់របស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។

ថ្លែងប្រាប់កម្ពុជាថ្មី លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា តាមតួលេខក្រសួងទេសចរណ៍បានបង្ហាញថា ចាប់ពីខែមករា-កក្កដា កម្ពុជា ទទួលបានទេសចរអន្តរជាតិ ៣លាននាក់ ដោយរំពឹងថា ឆ្នាំ ២០២៣នេះ នឹងទទួលបាន ៥លាននាក់។ បើតាមលោកស្រី ឆាយ ស៊ីវលីន មើលតាមតួលេខនេះ ពិតជាមានកំណើន ប៉ុន្តែក្រឡែកទៅមើលតំបន់ទេសចរណ៍មួយចំនួន ដូចជាខេត្តសៀមរាបជាដើម ការកើនឡើងនៃភ្ញៀវទេសចរនៅមានកម្រិត។ មានន័យថា ភ្ញៀវដែលចូលមកកម្ពុជា មិនមែនជាអ្នកទេសចរសុទ្ធនោះទេ ពោលគឺភ្ញៀវដែលមានបេសកកម្មផ្សេងៗ ដូចជាអ្នកវិនិយោគ ឬមកចូលរួមកិច្ចប្រជុំនានា។

លើសពីនេះទៀត ពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុ ដោយសារខែនេះ ជារដូវភ្លៀងភ្ញៀវទេសចរមិនសូវចូលចិត្តដើរលេងនោះទេ។ ប៉ុន្តែទោះយ៉ាងណា រហូតមកដល់ពេនេះ មានភ្ញៀវកក់ច្រើនហើយ សម្រាប់ខែតុលា ដែលជាខែផុតរដូវភ្លៀង។ នេះបើតាមការឱ្យដឹងរបស់ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។
ជុំវិញការទាក់ទាញភ្ញៀវទេសចរ លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា សមាគមបាននិងកំពុងធ្វើការជាច្រើន ជាមួយដៃគូនៅក្រៅប្រទេសផ្សព្វផ្សាយតាមរយៈការតាំងពិព័រណ៍ទេសចរណ៍នៅតាមប្រទេសនីមួយៗ ក្នុងតំបន់អាស៊ាន។
បើតាមលោកស្រី ឆាយ ស៊ីវលីន ដើម្បីជំរុញវិស័យទេសចរណ៍ រាជរដ្ឋាភិបាលគួរមានយន្តការលើកទឹកចិត្តដល់វិស័យឯកជន ព្រោះអាជីវកម្មក្នុងវិស័យទេសចរណ៍មិនទាន់អាចស្តារឡើងវិញភ្លាមៗ ក្រោយវិបត្តិកូវីដ-១៩ នោះទេ។ លោកស្រីបានបន្តថា« រដ្ឋាភិបាល គួរតែលើកទឹកចិត្តតាមយន្តការណាមួយ ដើម្បីឱ្យពួកគាត់បន្តនិរន្តរភាព…ដើម្បីអាចទាក់ទាញភ្ញៀវបានលុះត្រាតែផលិតផលនៅក្នុងវិស័យទេសចរណ៍រស់រវើក សម្បូរបែប ទើបអាចធ្វើការប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន»។
កាលពីចុងខែ សីហា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងថា នៅខែ វិច្ឆិកាខាងមុខ រាជរដ្ឋាភិបាល នឹងរៀបចំវេទិកាជួបជាមួយវិស័យឯកជន ជាពិសេសវិស័យទេសចរណ៍ ដើម្បីទទួលយកសំណូមពរ និងដោះស្រាយបញ្ហានានា។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា វិស័យទេសចរណ៍ជាវិស័យអាទិភាពមួយសំខាន់ និងមានការប្រកួតប្រជែងខ្លាំង។
លោក លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្មីបានដាក់ចេញនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត ក្រោមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព ភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងធម្មជាតិ» សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា។
ក្រសួងទេសចរណ៍ មានចក្ខុវិស័យនៅឆ្នាំ២០២៥ នឹងទទួលបានទេសចរអន្តរជាតិ៦,៤លាននាក់ ហើយនៅឆ្នាំ២០២៦ នឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់៕


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង