Connect with us

សន្តិសុខសង្គម

​រោងចក្រទឹកកកធ្វើឱ្យលេចធ្លាយឧស្ម័នអាម៉ូញាក់នៅ​ឫស្សីកែវប្រឈមនឹងការបិទទ្វារ​បើកើតមានលើកទី២​

បានផុស

នៅ

រោងចក្រផលិតទឹកកកមួយកន្លែងស្ថិតនៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញកាល​ពីល្ងាចថ្ងៃទី ០១ ខែកញ្ញា បានធ្វើឱ្យលេចធ្លាយឧស្ម័ន​អាម៉ូញាក់បណ្ដាលឱ្យប្រជាពលរដ្ឋចំនួន៣២​នាក់​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីមានអាការៈថប់​ដង្ហើម និង​ភិតភ័យ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ​០៥ ខែកញ្ញា ឆ្នាំ ២០២៣នេះ​ថា ​អាជ្ញាធរបានដោះស្រាយជូនប្រជាពលរដ្ឋមួយជំហានហើយ​ទី១ គឺ អាជីវកម្មផលិត​ទឹកកត្រូវបាន​ផ្អាកជាបណ្ដោះអាសន្នតាមការណែនាំរបស់ក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអាជ្ញាធរគ្រប់​ជាន់ថ្នាក់ ដោយត្រូវរង់ចាំការ​សិក្សាជួសជុល វាយតម្លៃ។

​ដោយឡែក​ពាក់ព័ន្ធ​ទៅនឹងបញ្ហាសំណង បញ្ហាសុខភាព និងការព្យា​បាល​ចំពោះប្រជាពលរដ្ឋ​ដែល​ឈឺ ម្ចាស់សហគ្រាស​បានចេញថ្លៃព្យាបាល។​ ចំណែកឯគ្រួសារដែលរងផលប៉ះពាល់ សង្កាត់ រួមជា​មួយម្ចាស់សហគ្រាស​ទឹកកកបាន ចុះតាមផ្ទះ​ជួប​សុំទោស នាំគ្រឿងឧបភោគបរិភោគ និងថវិកា​មួយ​ចំនួន​យកទៅជូន​ពួកគាត់។​

​លោកអភិបាលខណ្ឌឬស្សីកែវបានបញ្ជាក់ថា ចំពោះរឿងពលរដ្ឋសំណូមពរឱ្យក្រុមហ៊ុនប្តូរទីតាំង​ទៅ​កន្លែង​ផ្សេង ​អាជ្ញាធរបានបានណែនាំម្ចាស់សហគ្រាសរួចហើយ បើក្នុងករណីកើតមានលើកទី២ អាជ្ញា​ធរ​នឹង​បិទជាស្ថាពរ ហើយរោងចក្រត្រូវតែរកទីតាំងថ្មី។

សូមជំរាបថា បន្ទាប់ពីលេចធ្លាយឧស្ម័នអាម៉ូញាក់បានធ្វើឱ្យប្រជាពលរដ្ឋចំនួន ៣២ នាក់រងផលប៉ះពាល់ ខណៈ ៤ នាក់រងគ្រោះធ្ងន់ប៉ុន្តែមិនរងគ្រោះដល់ជីវិត។ ជនរងគ្រោះធ្ងន់ធ្ងរក្នុងចំណោម ៣២ នាក់ មាន ៤ នាក់អាការៈថប់ដង្ហើម និងសន្លប់ ខណៈបច្ចុប្បន្នត្រូវបានព្យាបាលជាសះស្បើយអស់ហើយ។

ហេតុការណ៍ដែលបានកើតឡើង គឺឧស្ម័នអាម៉ូញាក់ ដែលលេចធ្លាយជ្រាបចេញពីរោងចក្រផលិតទឹកកកកើតចេញជាផ្សែងពណ៌ស ត្រូវខ្យល់បក់ធ្លាក់មកតាមផ្លូវជាតិលេខ ៥ ហើយធ្លាក់ទៅមាត់ទន្លេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម