ព័ត៌មានជាតិ
យល់ដឹង! ចំណូលពន្ធដារបែងចែកជា ១៤ ប្រភេទផ្សេងគ្នា
ពន្ធដារជាប្រភពចំណូលបានមកពីផលិតកម្មក្នុងស្រុក។ រូបវន្តបុគ្គលនិងនីតិបុគ្គលមានកាតព្វកិច្ចចូលរួមបង់ពន្ធជូនរដ្ឋ ក្រោមរូបភាពជាចំណូលជាតិ ដើម្បីឲ្យរដ្ឋាភិបាលធ្វើការបែងចែកសម្រាប់បម្រើប្រយោជន៍ដល់សង្គមជាតិទាំងមូល។
បើតាមអគ្គនាយកដ្ឋានពន្ធដារបានបែងចែកចំណូលពន្ធដារជា ១៤ ប្រភេទផ្សេងគ្នា។
ពន្ធលើប្រាក់ចំណូល
ពន្ធលើប្រាក់ចំណូល ត្រូវបានកំណត់លើអ្នកជាប់ពន្ធនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេស។ សម្រាប់អ្នកជាប់ពន្ធអនិវាសនជន ពន្ធលើប្រាក់ចំណូលកំណត់តែលើប្រាក់ចំណូលប្រភពកម្ពុជាប៉ុណ្ណោះ។
ពន្ធលើចំណេញមូលធន
ពន្ធលើចំណេញមូលធន បានពីការលក់ឬផ្ទេរ៖
-មូលធននៅក្នុងព្រះរាជាណាចក្រកម្ពុជានិងនៅបរទេសចំពោះរូបវន្តបុគ្គលនិវាសនជន
-មូលធននៅក្នុងព្រះរាជាណាចក្រកម្ពុជាចំពោះរូបវន្តបុគ្គលនិងនីតិបុគ្គលអនិវាសនជន។
មូលធនរួមមាន៖ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយវត្ថុបរទេស។
ពន្ធលើអចលនទ្រព្យ
ពន្ធលើអចលនទ្រព្យ គឺជាប្រភេទពន្ធប្រចាំឆ្នាំ។ ពន្ធនេះប្រមូលចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី ១០០លានរៀល និងមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងរដ្ឋបាលក្រុងនៃខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។
ពន្ធនេះជាប្រភេទពន្ធស្វ័យប្រកាស ដែលតម្រូវឱ្យកម្មសិទ្ធិករឬអ្នកកាន់កាប់ ឬអ្នកទទួលផលប្រយោជន៍ចុងក្រោយ ត្រូវមកចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ និងដាក់លិខិតប្រកាសបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ។
ការប្រមូលពន្ធលើអចលនទ្រព្យ គឺសម្រាប់ជាផលប្រយោជន៍ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។
អាករបំភ្លឺសាធារណៈ
អាករសម្រាប់បំភ្លឺសាធារណៈត្រូវបានកំណត់តាមអត្រា ៣% លើការផ្គត់ផ្គង់គ្រប់ដំណាក់កាលនូវសុរាមេរ័យ និងបារី។ អ្នកជាប់ពន្ធដែលធ្វើការផ្គត់ផ្គង់ផលិតផលទាំងនេះត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករនេះ ជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមានការផ្គត់ផ្គង់។
ពន្ធលើមធ្យោបាយដឹកជញ្ជូន
ពន្ធលើមធ្យោបាយដឹកជញ្ជូន គឺជាពន្ធប្រចាំឆ្នាំ។ ពន្ធនេះប្រមូលចំពោះមធ្យោបាយដឹកជញ្ជូន ដូចជា រថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរ រ៉ឺម៉កសណ្ដោង ជលយាន ឬជលយានយន្ត (លើសពី១៥០ សេះ) ទាំងផ្លូវទន្លេ និងសមុទ្រ។ ពន្ធនេះគឺជាពន្ធផ្ទាល់ សម្រាប់ជាគុណប្រយោជន៍ដល់ថវិកាថ្នាក់ក្រោមជាតិ។
ពន្ធនេះជាពន្ធស្វ័យប្រកាស ដែលតម្រូវឱ្យកម្មសិទ្ធិករ ឬអ្នកកាន់កាប់មធ្យោបាយដឹកជញ្ជូន ត្រូវមកចុះបញ្ជី និងដាក់លិខិតប្រកាសបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតនៅថ្ងៃទី៣០ ខែវិច្ឆិកា នៃឆ្នាំជាប់ពន្ធនីមួយៗ នៅអគ្គនាយកដា្ឋនពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ឬធនាគារដៃគូជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កម្មសិទ្ធិករក៏អាចប្រកាសបង់ប្រាក់ពន្ធ តាមរយៈទូរស័ព្ទដៃក្នុងកម្មវិធី GDT Taxpayer App ដែលអាចទាញយកបានពី App Store ឬ Play Store។
អាករស្នាក់នៅ
អាករលើការស្នាក់ត្រូវបានកំណត់តាមអត្រា ២% លើការស្នាក់នៅក្នុងសណ្ឋាគារ ផ្ទះសំណាក់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ អ្នកជាប់ពន្ធដែលធ្វើការផ្គត់ផ្គង់សេវាស្នាក់នៅត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករនេះជូនរដ្ឋបាលសារពើពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមានការផ្គត់ផ្គង់។
ពន្ធលើដីធ្លីមិនបានប្រើប្រាស់
ពន្ធលើដីធ្លីមិនបានប្រើប្រាស់ គឺជាប្រភេទពន្ធប្រចាំឆ្នាំ។ ពន្ធនេះកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់។
ពន្ធលើដីធ្លីមិនបានប្រើប្រាស់មានគោលបំណងដើម្បី៖
-ទប់ស្កាត់រាល់រូបភាពទិញដីទុកមិនប្រើប្រាស់ រង់ចាំពេលឡើងថ្លៃលក់យកកម្រៃលើស។
-ជំរុញការប្រើប្រាស់ដីធ្លីឱ្យបានសមស្របនិងមានការអភិវឌ្ឍ
-បង្កើនសកម្មភាពសេដ្ឋកិច្ចនិងកម្លាំងការងារ
-រួមចំណែកដល់ប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។
ពន្ធនេះជាប្រភេទពន្ធស្វ័យប្រកាស ដែលតម្រូវឱ្យកម្មសិទ្ធិករនៃដីជាប់ពន្ធនិងអ្នកជួលដីពីរដ្ឋត្រូវមកចុះបញ្ជី និងដាក់លិខិតប្រកាសបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់នៅអគ្គនាយកដ្ឋានពន្ធដារ ចំពោះដីដែលស្ថិតនៅរាជធានីភ្នំពេញនិងនៅខេត្តឬនៅសាខាពន្ធដារខេត្តដែលដីនោះស្ថិតនៅ។
ពន្ធប្រថាប់ត្រា
ពន្ធប្រថាប់ត្រា គឺជាប្រភេទពន្ធដែលកំណត់លើ៖
-ការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន
-ការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូនឬយានយន្តគ្រប់ប្រភេទ
-ការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន
-កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវា ដែលប្រើប្រាស់ថវិការដ្ឋ
-លិខិតមានលក្ខណៈគតិយុត្ត ដូចជា ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងលិខិតស្តីពីការបិទក្រុមហ៊ុន
ពន្ធនេះត្រូវបានបង្កើតដើម្បីជាគុណប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់អភិវឌ្ឍមូលដ្ឋាន។ ប្រភេទពន្ធនេះត្រូវប្រមូលពីអ្នកទទួលសិទ្ធិកាន់កាប់។
ពន្ធប្រថាប់ត្រា ដែលប្រជាពលរដ្ឋទូទៅតែងតែជួបប្រទះញឹកញាប់ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ។ អ្នកជាប់ពន្ធមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធប្រថាប់ត្រាឱ្យបានគ្រប់ក្នុងរយៈពេល ៣ ខែ បន្ទាប់ពីកាលបរិច្ឆេទនៃ “ដីកាបញ្ជូន” ។
ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ
ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ត្រូវបានកំណត់យកលើប្រាក់ឈ្នួលដែលបានមកពីការជួល៖
-អាគារដែលសង់លើដីដូចជាផ្ទះ រោងចក្រ សណ្ឋាគារ ការិយាល័យជាដើម
-យន្តូបករណ៍ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហ៍កម្ម
-ឋាបនភ័ណ្ឌពាណិជ្ជកម្ម ឧស្សាហ៍កម្ម ដែលនៅនឹងមួយកន្លែង អាគារធំៗដែលដាក់ធាតុរាវឬផលិតផលផ្សេងៗ ដូចជាប្រេងឥន្ទនៈ កៅស៊ូចាក់ថ្នល់ គ្រាប់ធញ្ញជាតិ
-ផ្ទះបណ្ដែតទឹក កប៉ាល់សំរាប់ធ្វើលំនៅដ្ឋាន ឬដើម្បីប្រកបអាជីវកម្មផ្សេងៗ
-ដីធ្លីដែលគ្មានសំណង់ ដោយរាប់បញ្ចូលទាំងកន្លែងយកថ្ម យករ៉ែ ធ្យូងថ្ម បឹងបួរឬស្រែអំបិល។
ពន្ធនេះត្រូវប្រមូលពីកម្មសិទ្ធិករ ឬសិទ្ធិវន្តរបស់កម្មសិទ្ធិករ។ បើករណីអ្នកជួលជាសហគ្រាសបានចុះបញ្ជីពន្ធដារក្នុងរបបស្វ័យប្រកាស ប្រាក់ឈ្នូលនេះត្រូវបានបង្វែរមកគិតពន្ធនឹងបង់តាមវិធានពន្ធកាត់ទុកទូទៅវិញក្នុងអត្រា ១០%។
ពន្ធនេះមិនត្រូវអនុវត្តទេចំពោះកម្មសិទ្ធករ ឬសិទ្ធវន្តរបស់កម្មសិទ្ធករ ដែលបានប្រកាសចំណូលប្រាក់ឈ្នួលគិតបញ្ចូលជាប់ពន្ធលើប្រាក់ចំណូលតាមរបបស្វ័យប្រកាស។
ពន្ធប៉ាតង់
ពន្ធប៉ាតង់ជាពន្ធកំណត់លើផលរបរសរុបប្រចាំឆ្នាំដែលត្រូវបង់ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ០១ ខែមករា ដល់ថ្ងៃទី ៣១ ខែមីនា ជារៀងរាល់ឆ្នាំ។
អ្នកជាប់ពន្ធដែលទើបចាប់ផ្តើមប្រកបអាជីវកម្មត្រូវបង់ពន្ធប៉ាតង់ពេញមួយឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ឬបង់ពន្ធប៉ាតង់ពាក់កណ្តាលឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល ៦ ខែចុងឆ្នាំ។ អ្នកជាប់ពន្ធដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់មុខរបរអាជីវកម្មតែមួយនៅក្នុងខេត្ត/ក្រុងតែមួយមិនចាំបាច់បង់ពន្ធប៉ាតង់ផ្សេងគ្នាទេ ប៉ុន្តែបើមានមុខរបរអាជីវកម្មខុសៗគ្នាឬស្ថិតនៅក្នុងខេត្ត/ក្រុងផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ទៅតាមមុខរបរនីមួយៗនិងទៅតាមខេត្ត/ក្រុងដោយឡែកៗពីគ្នា។ អ្នកជាប់ពន្ធត្រូវដាក់តាំងឬព្យួរប័ណ្ណប៉ាតង់នៅទីកន្លែងប្រកបអាជីវកម្មជាគោលដើមរបស់ខ្លួន។
អាករលើតម្លៃបន្ថែម
អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលធ្វើការផ្គត់ផ្គង់ជាប់អាករ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែម និងប្រមូលអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ទំនិញឬសេវាឱ្យអតិថិជន។
ទំនិញសំដៅដល់ទ្រព្យរូបីក្រៅពីដីធ្លីនិងប្រាក់កាស។ រីឯសេវាសំដៅដល់ការផ្តល់អ្វីមួយដែលមានតម្លៃ ក្រៅពីទំនិញដីធ្លី និងប្រាក់កាស។
ការផ្គត់ផ្គង់ជាប់អាករសំដៅដល់៖
-ការផ្គត់ផ្គង់ទំនិញឬសេវាដោយបុគ្គលជាប់អាករនៅក្នុងព្រះរាជាណាចក្រកម្ពុជា
-ការដកយកទំនិញមកប្រើប្រាស់ផ្ទាល់ខ្លួនដោយបុគ្គលជាប់អាករ
-ការផ្តល់ជាអំណោយឬការផ្គត់ផ្គង់ក្រោមតម្លៃពិត នូវទំនិញឬសេវាដោយបុគ្គលជាប់អាករ
-ការនាំចូលទំនិញមកក្នុងតំបន់ត្រួតពិនិត្យគយនៃព្រះរាជាណាចក្រកម្ពុជា។
ពន្ធកាត់ទុក
ពន្ធកាត់ទុកទូទៅត្រូវបានកំណត់លើអ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្ម បានធ្វើការទូទាត់ជាសាច់ប្រាក់ឬជាវត្ថុឱ្យដល់អ្នកជាប់ពន្ធនិវាសនជន ត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធទៅតាមអត្រាកំណត់។
ពន្ធអប្បបរមា
ពន្ធអប្បបរមាជាពន្ធមួយដាច់ដោយឡែកនិងផ្សេងៗពីពន្ធលើប្រាក់ចំណេញ។ ពន្ធនេះត្រូវបង់ដោយអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស លើកលែងតែគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមអត្រា ១ ភាគរយលើផលរបរប្រចាំឆ្នាំរួមបញ្ជូលទាំងពន្ធអាករនានាវៀរលែងតែអាករលើតម្លៃបន្ថែម។ ពន្ធនេះត្រូវបង់នៅពេលទូទាត់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ហើយអាចត្រូវបានកាត់បន្ថយដោយពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ។
ពន្ធលើប្រាក់បៀវត្ស
ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបំរើការងារ។ រូបវន្តបុគ្គលនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះប្រាក់បៀវត្សប្រភពកម្ពុជា និងប្រាក់បៀវត្សប្រភពបរទេស។
រូបវន្តអនិវាសនជនត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះប្រាក់បៀវត្សប្រភពកម្ពុជា។ សហគ្រាសដែលជានិយោជកត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់បៀវត្សនៅមុនពេលបើកប្រាក់បៀវត្សឱ្យដល់និយោជិត និងបង់ប្រាក់ពន្ធនេះជូនរដ្ឋបាល សារពើពន្ធយ៉ាងយឺតបំផុតនៅថ្ងៃទី ២០ នៃខែបន្ទាប់ ពីខែដែលប្រាក់បៀវត្សត្រូវបានបើក៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?